ផ្លូវជីវិតទាល់ច្រក ងងឹតគ្មានដំណោះស្រាយ អតីតអ្នកកំប្លែងអ្នកនាងខ្មិប បម្រុងលោតទឹកសម្លាប់ខ្លួន

កាលពីវេលាម៉ោង ១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី8 ខែធ្នូ ឆ្នាំ2020 អតីតតារាកំប្លែង អ្នកនាងខ្មិប បានដើរដល់ផ្លូវទាល់ច្រក បម្រុងលោតទឹកសម្លាប់ខ្លួន តែបានប្រជាពលរដ្ឋឃាត់ទាន់ បង្កការភ្ញាក់ផ្អើល នៅចំណុចលើស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមវីដេអូ Live នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេបានឃើញអតីតតារាកំប្លែង អ្នកនាងខ្មិប ដែលមានឈ្មោះដើម រ៉េន សុធារី បានដើរឡើងស្ពាន ទាំងទឹកភ្នែក រួចដល់ពាក់កណ្តាលស្ពាន ក៏តោងបង្កាន់ដៃស្ពាន បម្រុងលោតចុះចូលទឹកទន្លេ ក៏ត្រូវបានអ្នកដំណើរឃាត់សួរនាំ និងពន្យល់កុំឱ្យគិតខ្លីបែបនេះ ។

អ្នកនាងខ្មិប បានរៀបរាប់ទាំងទឹកថា ខ្លួនទើបតែចេញមកពីមណ្ឌលកែប្រែ ហើយមិនមានអ្នកណាម្នាក់ អើពើនឹងជួយសុខទុក្ខនោះទេសូម្បីតែទៅជួលផ្ទះគេ ក៏គេមិនជួលឱ្យមិនដឹងថា ស្នាក់នៅកន្លែងណា នឹងទីពឹងអ្នកណានោះទេ ទើបសម្រេចចិត្ត បញ្ចប់ជីវិតតែម្តងទៅ ។ អ្នកនាងខ្មិប ចង់ឱ្យមានគេហៅទៅសម្តែងវិញ ឬក៏ច្រៀងតាមភោជនីដ្ឋានក៏បាន គ្រាន់ចិញ្ចឹមជីវិត ៕

 

Advertisement