(វីដេអូ) ស្ថាបត្យកម្ម​ចម្លាក់​ទឹកកក​ដ៏​មហស្ចារ្យ បង្ហាញខ្លួន​នៅ​​ក្នុង​តំបន់ Harbin ប្រទេស​ចិន

ស្ថាបត្យកម្ម​ចម្លាក់​ទឹកកក​ដែល​យក​គំរូ​តាម​ស្ថាបត្យកម្ម​ល្បីឈ្មោះ​នានា​របស់​ពិភពលោក កំពុង​ត្រូវបាន​តាំង​បង្ហាញ​នៅក្នុង​ឧទ្យាន​ដែលមាន​ទំហំ 600,000 ម៉ែត្រការ៉េ នៅ​ប្រទេស​ចិន។

ស្ថាបត្យកម្ម​ល្បីឈ្មោះ​នានា​របស់​ពិភពលោក មានដូចជា វិហារ Yekaterinburg របស់​រុស្ស៊ី មហោស្រប Dionysus របស់​ប្រទេស​ក្រិ​ក វិហារ Peter នៅ​ប្រទេស​ឡា​ត​វី​យ៉ា (Latvia) និង​ក្លោងទ្វារ Viru របស់​ប្រទេស​អេ​ស្តូ​នី (Estonia) ជាដើម ត្រូវបាន​ចម្លង​តាម​ដោយ​ក្រុម​ស្ថាបត្យករ តាមរយៈ​ចម្លាក់​នៅលើ​ទឹកកក និង​ត្រូវបាន​ចាប់ផ្ដើម​តាំង​បង្ហាញ​នៅក្នុង​ឧទ្យាន​មួយ​ដែលមាន​ទំហំ 600,000 ម៉ែត្រក្រឡា កាលពី​ថ្ងៃទី 24 ខែធ្នូ ឆ្នាំ2020 នៅក្នុង​ខេត្ត Heilongjiang ប្រទេស​ចិន។

ស្ថាបត្យកម្ម​ចម្លាក់​ទឹកកក​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​ស្ថាបត្យករ មកពី​ប្រទេស និង​តំបន់​ចំនួន 17 ក្នុង​ពិភពលោក ដោយ​ពួកគេ​នឹងចូលរួម​ប្រកួតប្រជែង​ស្នាដៃ​របស់ខ្លួន​តាមរយៈ​ចម្លាក់​ទឹកកក ដែល​តាម​គម្រោង​នឹងត្រូវ​បាន​ប្រារព្ធ​ឡើងជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី 5 ខែមករា ឆ្នាំ 2021 ហើយក៏​នឹង​អូសបន្លាយ​រហូតដល់ 1 ខែ​ឯណោះ។

នេះ​គឺជា​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ទឹកកក​ធំជាងគេ​ទាំង 4 របស់​ពិភពលោក។ Harbin គឺជា​ទីកន្លែង​ចាប់កំណើត​នៃ​សិល្ប «គោម​ទឹកកក» របស់​ប្រទេស​ចិន៕

ប្រភព៖ Xinhua/CNS

Advertisement