សម្រស់​ដ៏​ស្រស់​សោភា​នៃ​កូនស្រី​ពៅ​រប​ស់មេ Huawei៖ ល្បីឈ្មោះ និង​បានបញ្ចប់​ការសិក្សា​នៅ Harvard

Annabel Yao មិន​ត្រឹមតែ​ល្បីឈ្មោះ​ដោយសារតែ​ជា​កូនអ្នកមាន​នោះទេ ប៉ុន្តែ​នាង​គឺជា​ក្រមុំ​ដែលមាន​សម្រស់​ស្រស់​សោភា និង​មានចំណេះដឹង​ខ្ពស់​ខ្ពស់ ជា​សិស្ស​ពូកែ និង​មាន​ទេពកោសល្យ​ផ្នែក​សិល្ប​ផងដែរ។

នាង Annabel Yao ដែលជា​កូនស្រី​ពៅ​របស់​ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន Huawei លោក Ren Zhengfei ថ្មីៗនេះ​បាន​បង្ហាញខ្លួន​នៅលើ​ក្រប​មុខ​នៃ​ទស្សនាវដ្ដី Harper’s Bazaar ភាសា​ចិន ចេញផ្សាយ​សម្រាប់​ខែមករា ឆ្នាំ 2021។

Annabel Yao បង្ហាញ​អំពី​សមត្ថភាព​ក្នុងការ​រាំ​បា​ឡេ ជា​របាំ​ដែល​នាង​ចាប់យក​តាំងតែ​ពី​មាន​អាយុ 5 ឆ្នាំ។ Annabel Yao បញ្ជាក់ថា «ពួកគេ​ហៅ​ជើង​របស់ខ្ញុំ​ថា​ជា​សិល្ប​នៃ​ការពត់​កោង»។

នៅក្នុង​កម្រង​រូបថត​ដែល​បង្ហាញ​ទៅតាម​លក្ខណ​ប្រណិត និង​សភាព​អាថ៌កំបាំង នាង Annabel Yao លេង​ស្ទីល​ប្រកបដោយ​ជំនាញ ជាមួយនឹង​ទឹកមុខ​ម៉ឺងម៉ាត់ និង​ទាក់ទាញ។

Annabel Yao កើត​ឆ្នាំ 1998 និង​ទើបតែ​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Harvard ផ្នែក​វិស្វកម្ម​កុំព្យូទ័រ។ ប៉ុន្តែ កូនស្រី​សំណព្វ​នៃ CEO របស់​ក្រុមហ៊ុន Huawei នេះ បែរជា​ចូលចិត្ត​ផ្នែក​បង្ហាញ​ម៉ូដ និង​កម្សាន្ត​ទៅវិញ។

នាង​តែងតែ​បង្ហាញខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​នានា​របស់​បណ្ដា​ក្រុមហ៊ុន​បរទេសល្បីៗ ជាមួយនឹង​សម្លៀកបំពាក់​ប្រកបដោយ​ភាពថ្លៃថ្នូរ ឆើតឆាយ និង​ទាន់សម័យ។

ឆ្នាំ 2018 នាង Annabel Yao ទទួលបាន​ចំណាប់អារម្មណ៍​ខ្លាំង​នៅពេល​បាន​ចូលរួម​ព្រឹត្តិការណ៍ Le Bal នៅ​ប្រទេស​បារាំង ដែលជា​ពី​ធី «ជប់លៀង» ផ្នែក​ម៉ូ​ដែល​សម្លៀកបំពាក់​ដ៏​ល្បីឈ្មោះ​បំផុត​មួយ​ក្នុង​ពិភពលោក​សម្រាប់​កូនស្រី​អ្នកមាន​ដែលមាន​អាយុ​ចាប់ពី 19 ដល់ 21 ឆ្នាំ។

កើត​នៅក្នុង​គ្រួសារ​អ្នកមាន ប៉ុន្តែ Annabel Yao មិន​ចូលចិត្ត​រស់នៅ​ដោយ​ការ​សម្ញែង​ទ្រព្យ​នោះទេ។ នាង​ឱ្យដឹងថា តែងតែ​ប្រើប្រាស់​ផលិតផល «ប្រែន» ក៏ប៉ុន្តែ នាង​ជ្រើសរើស​តែ​ទំនិញ​ដែល​មិនសូវ​លេចធ្លោ និង​មិនសូវមាន​ឡូ​ហ្គូល្បី។

កូនក្រមុំ​វ័យ 22 ឆ្នាំ របស់​ស្ថាបនិក Huawei នេះ អះអាងថា ខ្លួន​ចូល​ចិត្តការ​សន្សំសំច័យ បើ​ទោះ​នាង​មាន​ប្រាក់​ច្រើន និង​ចូលចិត្ត​អ្វីដែលល្អៗ ប៉ុន្តែ ភាគច្រើន​នាង​អាច​ទប់​អារម្មណ៍​បាន​នៅពេល​ចង់​ទិញ​អ្វីមួយ​ដែលមាន​តម្លៃ​ថ្លៃ។ Annabel Yao និយាយ​នៅលើ Sohu ថា៖ «មិត្តភក្ដិ​សួរថា ហេតុអ្វី​មាន​ប្រាក់​ច្រើន​បែរជា​មិន​ទិញ ខ្ញុំ​ឆ្លើយថា ខ្លួនឯង​មិនទាន់​រកលុយ​បាន​ផង ដូច្នេះ​មិនមាន​ហេតុផល​ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ទិញ​របស់​ដែល​មិនសូវ​ចាំបាច់​នោះដែរ។ អាវយឺត​ប្រភេទ Sweater បច្ចុប្បន្ន​មានតម្លៃ​ដល់​ទៅ​ខ្ទង់ពាន់​ដុល្លារ​អាមេរិក។ ខ្ញុំ​យល់ថា​ថ្លៃ​ណាស់ មិនគួរ​ឱ្យ​ទិញ»។

នាពេល​អនាគត Annabel Yao ចង់​ធ្វើការ​ក្នុង​វិស័យ​ជំនួញ​ផ្នែក​បច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ នាង​ក៏​ចង់​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌​ឱ្យបាន​ច្រើន ដើម្បី​ជួយ​ដល់​អ្នក​ទីទាល់ក្រ។

សម្រស់​ដ៏​ស្រស់ត្រកាល​នៃ​កូនស្រី​ពៅ​កើត​ឆ្នាំ 1998 របស់​ប្រធាន​ក្រុមហ៊ុន Huawei នៃ​ប្រទេស​ចិន។

Advertisement