យ៉ា សុផាម៉ៃ ក្ដោបតំណែងជាតួឯកស្រីក្នុងរឿង «រសជាតិអ្នកមាន» វគ្គ២

តារាសម្ដែងវ័យក្មេងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនាពេលថ្មីៗនេះ គឺកញ្ញា យ៉ា សុផាម៉ៃ ។ កញ្ញាបានប្រឡូកគ្រប់រសជាតិគ្រប់ឈុតឆាកដែលតម្រូវឲ្យកញ្ញាដើរតួសម្តែង ដែលមានចរិតជាតួក្មេង តួមនុស្សចាស់ទុំ និងតួអង្គវិកលចរិត។ ថ្មីៗនេះ កញ្ញាក៏ក្ដោបបានតំណែងតួស្រីក្នុងរឿង «រសជាតិអ្នកមាន» វគ្គ២។

តារាស្រីរូបនេះ បានបញ្ជាក់ថា វាពិតជាមិនងាយស្រួលក្នុងការសម្ដែងតួច្រើនក្នុងរូបរាងតែមួយ អាចពិបាកទៅលើការផ្លាស់ប្តូរចរិតតួអង្គពីមួយទៅមួយ។ កញ្ញាថា កញ្ញានឹងខិតខំព្យាយាម ហើយប្រមូលបទពិសោធន៍សម្ដែងដែលខ្លួនមានបញ្ចេញមកឱ្យអស់។ ឲកញ្ញាបានលើកឡើងទៀតថា តួឯកស្រីរឿង «រសជាតិអ្នកមាន» វគ្គ២នេះ ត្រូវមានការតាំងចិត្តខ្ពស់ ប្រឹងប្រែង ដាក់អារម្មណ៍ឲ្យចូលទៅក្នុងសាច់រឿងដូចជាពិតៗតែម្តង។

កញ្ញា សុផាន់ម៉ៃ បានបន្តទៀតថា មានឈុតខ្លះ កញ្ញាមានការខ្មាសអៀនខ្លះៗដែរ និងដូចជារឹងៗខ្លួន ដូចជាពេលត្រូវចំឈុតមានតួអង្គផ្សេងមកចាប់បង្ខំលើរូបរាងកាយ ហើយមានឈុតខ្លះ ត្រូវតួអង្គបងប្រុស វាយធ្វើបាប និងមួយវិញទៀត ធ្វើជាតួអង្គ មនុស្សវិកលចរិត។ វាជាការលំបាកមួយដែរ សម្រាប់កញ្ញា ក្នុងការសម្តែងមួយសាច់រឿងនេះ ប៉ុន្តែទោះជាយ៉ាងណាក្តី កញ្ញា ក៏បានបញ្ជាក់ដែរថា វាគឺជាបទពិសោធន៍ និងចំណេះដឹងបន្ថែម ដែលផ្តល់ឱ្យកញ្ញា បានយល់ដឹងកាន់តែច្បាស់ពីសង្គម ពីមនុស្ស គួរធ្វើអ្វីដើម្បីឲ្យជីវិតមានក្តីសុខ។ សិល្បៈនៃការសម្តែង បានបង្រៀនឲ្យកញ្ញា ដូចជាមេរៀនមួយ ដែលអប់រំផ្លូវចិត្តកុំឱ្យមានភាពលោភលន់ និងអ្វីហៅថា ភាពរឹងមាំ និងការទទួលខុសត្រូវដោយខ្លួនឯង៕

Advertisement