វៀតណាម​សុំ​ឱ្យ​កម្ពុជា​ ជួយ​តាម​ចាប់​ជន​សង្ស័យ​សម្លាប់​មនុស្ស​៥នាក់​ បន្ទាប់​ពី​កម្លាំង​ចម្រុះ​​៥០០នាក់ មិន​ទាន់​​ចាប់​បាន​ជន​សង្ស័យនេះ

កាល​ពី​ថ្ងៃ​ទី7កុម្ភៈ ឆ្នាំ​2020 នៅ​លើ​ទំព័រ​ Facebook របស់សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​សរសេរ​ថា​សមត្ថកិច្ច​វៀតណាម បានសុំ​​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា និងបាន​ប្រកាស​ស្វែងរក​ចាប់ខ្លួនជន​សង្ស័យ​ជា​ជន​ជាតិ​​វៀតណាម​ម្នាក់​ ដែល​ត្រូវ​អាជ្ញា​ធរ​អះអាង​ថា បាន​បាញ់​សម្លាប់​មនុស្សចំនួន​5​នាក់ ​នៅ​ខណ្ឌ​ Cu Chi ​ជាយ​ក្រុង​​​ហូ​ជី​មិ​ញ (ព្រៃ​នគរ) ​ភាគខាង​ត្បូង​ប្រទេស​វៀតណាម​។​

វៀតណាមប្រើកម្លាំងចម្រុះជាង 500នាក់ ឡោមព័ទ្ធ​ចាប់​បុរសម្នាក់ ដែលសង្ស័យថាបានសម្លាប់មនុស្ស5នាក់

កម្លាំង​ចម្រុះ​​ដែល​វៀតណាម​បញ្ជា​ឱ្យ​តាម​ចាប់​ខ្លួនជន​សង្ស័យ

កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្វាយ​រៀង​ ក៏​បាន​ប្រកាស​ជូន​ដំណឹង​ដែល​ទាក់​ទិន​និង​បញ្ហា​ខាង​លើ ដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់​ ​រួម​នឹង​មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋទាំង​អស់​​ ដែល​រស់នៅ​តាម​ខេត្ត​ជាប់​បន្ទាត់​ព្រំដែនកម្ពុជា​-​វៀតណាម​។ ទំព័រ​ Facebook របស់សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀងបន្ត​ថា ជនសង្ស័យ​ឈ្មោះ ឡេ ក្វុក ត្វឹន​​ (Le Quoc Tuan)​ ហៅ​ ត្វឹន ឃី (Tuan Khi) ភេទ​ប្រុស អាយុ​33​ឆ្នាំ​ កំពស់​1,66​ម៉ែត្រ​ ជនជាតិ​វៀត​ណាម​ បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ ដោយ​បាន​​សម្លាប់​មនុស្ស​ចំនួន5​នាក់ កាលពី​ថ្ងៃ​ទី​29មករា​ ឆ្នាំ​2020 ​នៅ​ខណ្ឌ​ Cu Chi ​ជាយ​ក្រុង​​​ហូ​ជី​មិ​ញ ​ប្រទេស​វៀតណាម ហើយ​រត់គេច​ខ្លួនបាត់​ពី​កន្លែង​កើត​ហេតុ​។

ប្រភព​ព័ត៌​មាន​ពី​ប្រទេស​វៀតណាមបាន​ឱ្យ​ដឹង​ថា ជន​សង្ស័យខាង​លើ​ បានបាញ់សម្លាប់មនុស្សចំនួន 4នាក់ ដោយសារមានជម្លោះក្នុងពេលលេងល្បែងស៊ី​សង និង​បាន​ប្លន់​យក​លុយ នៅក្នុងឃុំ Tan Than Dong ជាយក្រុងព្រៃនគរ កាលពីថ្ងៃ​ទី​29មករា ឆ្នាំ​2020។

កាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ជនសង្ស័យ Le Quoc Tuan បានជិះម៉ូតូ ពាក់ម៉ាស់បាំងមុខ និងដាក់កាំភ្លើងនៅពីមុខ ជិះគេចខ្លួនពីកន្លែងកើតហេតុភ្លាមៗ។ ក្រោយ​មក ជន​នេះ​ក៏​បាន​បាញ់​សម្លាប់​មនុស្ស​2នាក់​ផ្សេង​ទៀត ព្រម​ទាំង​បាន​ប្លន់​យក​ម៉ូតូ​របស់​អ្នក​ស្រុក​ផងដែរ ខណៈ​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ប្រមាណ​ជា​500នាក់ ដែល​រួម​មាន​នគរ​បាល និង​ទាហានផង កំពុង​ឡោម​ព័ទ្ធ​ទី​តាំង​ដែល​ជន​សង្ស័យ​នេះ​កំពុង​លាក់​ខ្លួន​។

សារ​ព័ត៌មាន​​ Vnexpress បាន​រាយ​ការណ៍​ថា ជនសង្ស័យ Le Quoc Tuan ដែល​មាន​កាំភ្លើង​ AK មួយ​ដើម​ក្នុង​ដៃ មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ។ ជន​សង្ស័យ Le Quoc Tuan គឺជាមន្ត្រីនគរបាលម្នាក់ដែលធ្វើការនៅមន្ទីរឃុំឃាំងបណ្ដោះអាសន្ននៃអធិការដ្ឋាននគរបាលសង្កាត់លេខ​11 ដែលមានឋានន្តរស័ក្តិអនុសេនីយ៍​ទោពិសេស(ស័ក្តិ2 ត្រៀមឡើងស័ក្តិ3)។ ជនសង្ស័យនេះ មានកូន2នាក់ និងជាមនុស្សញៀនល្បែងស៊ីសងរយៈពេលច្រើនឆ្នាំមកហើយ។

ជនសង្ស័យ​ដែល​ត្រូវ​វៀតណាម​តាម​ចាប់​ខ្លួន

កាល​ពី​ថ្ងៃទី5កុម្ភៈ សមត្ថ​កិច្ច​វៀតណាម បាន​អំពាវ​នាវ​ឱ្យ​​ជង​សង្ស័យ Le Quoc Tuan ចេញ​មក​សារ​ភាព ដើម្បី​​ទទួល​បាន​ការ​សម្រាល​ទោស​ទៅ​តាម​ច្បាប់​នៃ​ប្រទេស​នេះ​។ បច្ចុប្បន្ន គេ​សង្ស័យ​ថា ជន​នេះ​កំពុង​លាក់​ខ្លួន​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​ជាប់​ជា​មួយ​កម្ពុជា​។ ដូច្នេះ សូម​បងប្អូន​ដែល​រស់នៅ​តាម​បន្ទាត់​​ព្រំដែន​កម្ពុជា​-​វៀតណាម មានការ​ប្រុង​ប្រយ័ត្ន​ និង​សូម​រាយ​ការណ៍​ជា​បន្ទាន់​ បើ​សិន​សង្ស័យ​ថា មាន​មនុស្ស​ចម្លែក​ដែល​មាន​រូប​រាង​ដូច​ក្នុង​រូប​ថត​នេះ​ ចូល​ក្នុងភូមិ​ដ្ឋាន​៕

Advertisement