បាញ់​រះ​នៅ​អាល្លឺម៉ង់ សម្លាប់​មនុស្ស​យ៉ាង​តិច​8នាក់

ក្រុម​​ខ្មាន់​កាំភ្លើង​ជា​ច្រើន​នាក់ បាន​បាញ់​រះ​ទៅ​លើ​បារ​2កន្លែង​នៅ​ក្នុង​ទី​រួម​ស្រុក​ Hanau នា​ព្រឹក​នេះ​ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​យ៉ាង​តិច​8នាក់។​ សមត្ថ​កិច្ច​កំពុង​តាម​ចាប់​ជន​ដៃដល់​ទាំង​នោះ។

ករណី​បាញ់​រះ​ទៅ​លើ​បារ​2កន្លែង​ខាង​លើ​នេះ ​បាន​កើត​ឡើងនៅ​​ឯទីរួម​ស្រុក​ Hanau ភាគ​ខាង​លិច​ប្រទេស​អាល្លឺម៉ង់ កាល​ពី​វេលា​ម៉ោង​22 ថ្ងៃទី​19កុម្ភៈ​ (ម៉ោង​4​ភ្លឺ​ ថ្ងៃទី 20កុម្ភៈ ម៉ោង​នៅ​ភ្នំ​ពេញ) ក្រោយ​មក​ពួកគេ​បាន​​បើក​ឡាន​គេច​ខ្លួន​បាត់ពី​កន្លែង​កើត​ហេតុ​។

សារ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយ​ការណ៍​ថា មាន​អ្នក​ស្លាប់នៅ​ក្នុង​បារ​ទី​មួយ​ចំនួន​​3នាក់​ ហើយ​ជន​រង​គ្រោះ​ក្រៅ​ពី​នេះ​ បាន​​ស្លាប់​នៅ​ក្នុង​បារ​មួយផ្សេង​​ទៀត​។

សមត្ថ​កិច្ច​ និង​កង​កម្លាំង​ពិសេស​កំពុង​ឡោម​ព័ទ្ធ​តំបន់​កើត​ហេតុ​ និង​តំបន់​ក្បែរ​ខាង​​កន្លែង​កើត​ហេតុ​ ខណៈ​ឧទ្ធម្ភាគ​ចក្រ​​កំពុង​ហោះ​ឆ្វែល​នៅ​ពី​លើ​តំបន់​កើត​ហេតុ​នោះ​ដែរ​។ មូល​ហេតុ​នៃ​ការ​បាញ់​ប្រហារ​នេះ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​។

Hanau គឺជា​ទីរួម​ស្រុក​ធំមួយ​ដែល​មាន​ប្រជា​ជនជិត​100,000​នាក់ ស្ថិត​នៅ​​ក្នុង​រដ្ឋ​ Hesse ភាគ​ខាង​លិច​ប្រទេស​អាល្លឺម៉ង់​ និង​មាន​ចម្ងាយពី​ទី​ក្រុង​ Frankfurt ទៅ​ទិស​ខាង​ត្បូង​ ​ប្រហែល​​25គីឡូម៉ែត្រ ។

ពលរដ្ឋ​អាល្លឺម៉ង់ អាច​​ប្រើ​ប្រាស់​កាំភ្លើង​​បាន​គ្រប់​គ្នា​ ប៉ុន្តែប្រទេស​អាល្លឺម៉ង់ កន្លង​មក​មាន​ការ​គ្រប់​គ្រង​អាវុធ​បាន​យ៉ាង​ល្អ។ ​អ្នកដែល​មាន​សិទ្ធិ​កាន់​កាប់​កាំភ្លើង​ ត្រូវ​តែ​មាន​លិខិត​អនុញ្ញាត​ត្រឹម​ត្រូវ​។ អាល្លឺម៉ង់ កន្លង​មក​ក៏​ធ្លាប់​មាន​អំពើ​បាញ់​ប្រហារ​ជា​ច្រើន​ករណី​ផងដែរ ក្នុង​នោះ​ក៏មាន​ករណី​វាយ​ប្រហារ​ទៅ​លើ​ផ្សារ​ណូអែល​មួយ​នៅ​កណ្ដាល​ទី​ក្រុង​ Berlin កាល​ពី​ខែ​ធ្នូ ឆ្នាំ​2016 បណ្ដាល​ឱ្យ​មាន​អ្នក​សា្លប់​12​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement