បាញ់​រះ​ក្នុង​រោង​ចក្រ​ស្រាបៀ​រនៅ​អាមេរិក​ សម្លាប់​មនុស្ស​យ៉ាង​តិច​5នាក់

ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់​សម្លាប់​ខ្លួន​ឯង​ បន្ទាប់​ពី​បាន​បាញ់​រះ​ទៅ​លើ​មិត្ត​​រួម​ការ​ងារ ​នៅ​ក្នុង​រោង​ចក្រ​ស្រា​បៀរ​មួយ​ នៅ​ក្នុង​រដ្ឋ​ Winconsin សហ​រដ្ឋ​អាមេរិក បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​យ៉ាង​ហោច​5នាក់។

យោង​តាម​សារ​ព័ត៌មាន RT ហេតុ​ការណ៍​នេះ​បាន​កើន​ឡើង​កាល​ពីថ្ងៃទី​26កុម្ភៈ(ម៉ោង​នៅ​អាមេរិក) នៅ​ក្នុង​ក្រុម​ហ៊ុន​ផលិត​​ស្រាបៀរ​ Miller Coors ដែល​ស្ថិត​ក្នុង​តំបន់ Milwaukee នៃ​រដ្ឋ​ Wisconsin។ បុគ្គលិក​ម្នាក់​អាយុ​51​ឆ្នាំ​ ដែល​ទើប​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ងារ​ បាន​ត្រឡប់​មក​កាន់​ក្រុម​ហ៊ុន​ខាង​លើ និង​បាន​​​បាញ់​រះ​ទៅ​លើ​បុគ្គលិក​ក្រុម​ហ៊ុន​នេះ បណ្ដាល​ឱ្យ​អតីត​មិត្ត​រួម​ការ​ងារ​5នាក់​របស់​ខ្មាន់​កាំភ្លើង បាត់​បង់​ជីវិត​។ បន្ទាប់​ពី​ការ​បាញ់​រះ ខ្មាន់កាំភ្លើង​នេះ​ក៏បាន​បាញ់​សម្លាប់​ខ្លួន​នៅ​នឹង​កន្លែង​កើត​ហេតុ។

កន្លែង​កើត​ហេតុ​ខាងលើ​ ស្ថិត​នៅ​ឯ​ករិយា​ល័យ​កណ្ដាល​របស់ក្រុម​ហ៊ុន​ Miller Coors ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​​មហា​វិថី West Highland។

មន្ត្រីនគរ​បាល​​ជាន់​ខ្ពស់​នៃ​ទី​ក្រុង​ Milwaukee លោក Afonso Morales បាន​ឱ្យ​ដឹង​ថា ខ្មាន់កាំភ្លើង​វ័យ51​ឆ្នាំ​រូប​នេះ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្រុម​ហ៊ុន​ក្នុង​ថ្ងៃ​កើត​ហេតុ​ មុន​ពេល​មាន​ការ​បាញ់​រះ​នេះ​។ បន្ទាប់​ពី​កើត​ហេតុ​​ភ្លាម​ កម្លាំង​សមត្ថកិច្ច​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ និង​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ករណី​នេះ​។

អភិបាល​ក្រុង​ Milwaukee លោក Tom Barrett បាន​ថ្លែង​ថា​ “នេះ​គឺជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត​សម្រាប់​បុគ្គលិក​នៅ​ក្នុង​ក្រុម​ហ៊ុន​នេះ​”។​

ប្រធានា​ធិបតី​អាមេរិក លោក Donald Trump មាន​ប្រសាសន៍​ថា ក្រៅ​ពី​អ្នក​ដែល​បាន​បាត់​បង់​ជីវិត ក៏​មាន​អ្នករង​របួស​ជា​ច្រើន​នាក់​ នៅ​ក្នុង​ហេតុ​ការណ៍​បាញ់​រះ​នេះ​។​ លោក​ Trump ថ្លែង​ថា “ខ្ញុំ​សូម​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ចំពោះ​អ្នក​រង​គ្រោះ​ និង​គ្រួ​សារ​សព​នៅ​តំបន់ Milwaukee ក្នុង​រដ្ឋ​ Wisconsin។ ឃាត​ករ​ម្នាក់​បាន​បាញ់​រះ​ក្នុងក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​មួយ​ និង​បាន​សម្លាប់​មនុស្ស​ចំនួន​5នាក់​ និង​ធ្វើ​ឱ្យ​មនុស្ស​ច្រើន​នាក់់ទៀត​រង​របួស​។ បេះ​ដូង​របស់​យើង​បាន​ប្រេះ​បែក​ ព្រោះ​តែ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ និង​ទុក្ខ​ក្រៀម​ក្រំ​របស់​ក្រុម​គ្រួ​សារនៃ​សព​”៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement