វ៉េណេស៊ុយអេឡា​ ដាក់​បម្រាម​គោចរ​លើ​រដ្ឋ​ចំនួន​7 ដោយ​ឱ្យ​ពលរដ្ឋ​នៅ​តែ​ក្នុង​ផ្ទះ ដើម្បី​ទប់​ស្កាត់​​ COVID-19

វ៉េណេស៊ុយអេឡា​ ដាក់​បម្រាម​គោចរ​លើ​រដ្ឋ​ចំនួន​7 ដោយ​ឱ្យ​ពលរដ្ឋ​នៅ​តែ​ក្នុង​ផ្ទះ ដើម្បី​ទប់​ស្កាត់​​ COVID-19

ប្រធានាធិប​តី វ៉េណេស៊ុយអេឡា បានចេញ​បញ្ជា​ឱ្យ​បិទ និង​ផ្អាក​រាល់​សកម្ម​ភាព​នៅ​ក្នុង​រដ្ឋ​ចំនួន​7​របស់​ប្រទេស​នេះ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​មេរោគ​បង្កជំងឺ​​រលាក​សួត​ថ្មី COVID-19 បន្ទាប់​ពី​ប្រទេស​នេះ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​​ចំនួន​17​ករណី​។

បទ​បញ្ជា​​ ដែល​ត្រូវ​បាន​ប្រធានាធិបតី​ វ៉េណេស៊ុយអេឡា​ លោក ​Nicolas Maduro ប្រកាស​កាល​ពី​ថ្ងៃទី​15មីនា​កន្លង​ទៅនេះ ក៏​បូក​បញ្ចូល​ទាំង​​រដ្ឋធានី​ Caracas ផងដែរ​។ រាល់​សកម្ម​ភាព​ក្នុង​រដ្ឋ​ចំនួន​7​នៃ​ប្រទេស​នេះ ត្រូវ​បាន​ផ្អាក ចាប់​ពី​ម៉ោង​5ព្រឹក​​ ថ្ងៃទី​16មីនា​ ឆ្នាំ​2020​ លើក​លែង​តែ​សេវា​កម្មចាំបាច់មួយ​ចំនួន​ ដូច​ជា​ សកម្ម​ភាព​ផ្គត់​ផ្គង់​ផលិតផល​ស្បៀង​អាហារ សេវា​វេជ្ជ​សាស្ត្រ ដឹក​ជញ្ជូន និង​សន្តិ​សុខ​ជា​ដើម​។

“នេះ​មិន​មែន​ជា​រដូវ​កាល​សម្រាក​វិស្សមកាល​នោះ​ទេ​។ វា​គឺជា​វិធាន​ការ​បង្ខាំង​ទ្រង់​ទ្រាយ​ធំ ដែល​ទាម​ទារ​ឱ្យ​មាន​វិន័យ​ក្នុង​សង្គម​ ក៏ដូចជា​ការ​គ្រប់​គ្រង​ខ្លួន​ឯង​។ ប្រជា​ពលរដ្ឋ​ទាំង​អស់​ គួរ​តែ​នៅក្នុង​ផ្ទះ​” លោក​ Maduro មាន​ប្រសាសន៍​បែប​នេះ​ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​ កាល​ពី​ថ្ងៃ​ទី​15មីនា​។

នេះ​គឺជា​វិធានការ​ថ្មី​បំផុត​ ដើម្បីទប់​ស្កាត់​ COVID-19 នៅប្រទេស​​វ៉េណេស៊ុយ​អេឡា​។ កាល​ពី​សប្ដាហ៍​មុន​ ប្រទេស​នេះ​បាន​ហាម​មិន​ឱ្យ​មាន​ការ​ហោះ​ហើរ​ទៅ​-មក​ ពីតំបន់​​អឺរ៉ុប ប្រទេស​កូឡុំប៊ី ប្រទេស​ប៉ាណាម៉ា និងសាធារណរដ្ឋដូមីនី​កែន។ សាលា​រៀន​នៃ​ប្រទេស​នេះ​ក៏​ត្រូវ​បិទ​ទ្វារ ហើយ​ព្រឹត្តិ​ការ​កីឡា​ជា​ច្រើន​ក៏ត្រូវ​បាន​លុប​ចោល​។

លោកប្រធានាធិបតី​​ Maduro បាន​ឱ្យ​ដឹង​ថា ប្រតិកម្ម​របស់​លោក គឺ​ផ្អែក​ទៅ​លើ​សកម្ម​ភាព​នានា​របស់​ប្រទេស​ចិន នៅ​ក្នុង​ “សង្គ្រាម​” ប្រឆាំង​ COVID-19។ លោក​ថ្លែង​ថា “វិធី​តែ​មួយ​គត់​ដើម្បី​គ្រប់​គ្រង​ប្រភព​ចម្លង​មេរោគ គឺ​អនុវត្ត​វិធាន​ការ​បង្ខាំង​ទ្រង់​ទ្រាយ​ធំ​ និង​ខ្លាំង​ក្លា​នៅ​ទូទាំង​ប្រទេស​”។ នេះ​បើ​តាម​សារ​ព័ត៌មាន​ AFP។

COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​157 នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​ 160,000​នាក់​បាន​ឆ្លង​រោគ ក្នុង​នោះ​មាន​ជាង 6,400​នាក់​បាន​ស្លាប់ និង​ជាង​76,000​នាក់​បាន​ជា​សះ​ស្បើយ​។ ចំណែក​ប្រទេស​វ៉េណេស៊ុយ​អេឡា​វិញ មក​ដល់​ពេល​នេះ បាន​រក​ឃើញ​អ្នក​ផ្ទុក​ COVID-19 ចំនួន​17​ករណី ប៉ុន្តែ​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​នេះ​នៅ​ឡើយ​៕

ប្រភព​៖ សារព័ត៌មាន​បរទេស

Advertisement