ដើម្បី​អាច​គេច​ផុត​ពី​រោគ​រាត​ត្បាត ជន​ជាតិ​អាមេរិកាំង​1ក្រុម បង្កើត​ “ជំរំស្វ័យ​ការ​ពារ”​ នៅ​តំបន់​ព្រៃ​ភ្នំ

ដើម្បី​អាច​គេច​ផុត​ពី​រោគ​រាត​ត្បាត ជន​ជាតិ​អាមេរិកាំង​1ក្រុម បង្កើត​

ផ្លូវ​លំតូច​មួយ​នៅ​ឯតំបន់ Virginia ខាង​លិច​ ក្បែរ​ជើង​ភ្នំ Appalachia នាំ​ទៅ​កាន់​ជំរំមួយ​ដែល​ស្ថិត​នៅ​ក្នុង​ព្រៃ​របស់​មនុស្ស​មួយ​ក្រុម​ដែលគេ​ចាត់​ទុក​ថា​ជា​អ្នក​កាន់ “លទ្ធិ​ការ​ពារ​ខ្លួន” (survivalism)​។

ក្រុម​នេះ បាន​ចាប់​ផ្ដើម​ត្រៀម​​​តាំងពី​យូរ​មក​ហើយ សម្រាប់​ការ​ដួល​រលំនៃ​អរិយធម៌​របស់​មនុស្ស​ជាតិ មុន​ពេល​​​រោគ​រាត​ត្បាត​ COVID-19 បានមក​ដល់​។

ជាមួយ​នឹង​សម្ភារ​ប្រើ​ប្រាស់ ស្បៀង​អាហារ​​ដែល​​មាន​សុពល​ភាព​ប្រើប្រាស់​​​ដល់​ទៅ​25​ឆ្នាំ រួម​នឹង​អង្ករ និង​ម្សៅ​មី​ជា​ដើម មនុស្ស​ទាំង​នេះ បាន​នាំ​គ្នា​គេច​ចេញ​ពី​តំបន់​ដែល​អាច​ឆ្លង​រោគ COVID-19 ទៅ​រស់​នៅ​ក្នុង​តំបន់​សុវត្ថិ​ភាព​ដែល​ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ​។ ស្បៀង​អាហារ​របស់​ពួកគេ​ត្រូវ​បាន​តម្រៀប​យ៉ាង​មាន​របៀប​ នៅ​ក្នុង​ឃ្លាំង​​ក្រោម​ដី ដែល​ធ្វើ​អំពី​បេតុង​ និង​ដែក​យ៉ាង​រឹង​មាំ។

ក្រុម​មនុស្ស​​កាន់ “​លទ្ធិ​ការ​ពារ​ខ្លួន”​ ដែល​គេ​ហៅក្រុម​ Fortitude Ranchនេះ សម្បូរ​ទៅ​ដោយ​សម្ភារ​ចាំបាច់​ដែល​កំពុង​ត្រូ​វ​បាន​គេ​តាម​ “ប្រមាញ់” នៅ​ទូទាំង​ពិភពលោក នោះគឺ​ ក្រដាស​អនាម័យ​ និង​ម៉ាស់​។

Steve Rene ជា​អ្នក​គ្រប់​គ្រង​ជំរំលាក់​ខ្លួន​ដែល​មាន​ផ្ទៃ​ដី​ទំហំ 40ហិកតា​ បាន​ឱ្យ​ដឹង​ថា “ពេល​នេះ វា​ (ជំរំលាក់​ខ្លួន) មាន​តម្លៃ​ខ្លាំង​ណាស់​”។

បាវចនា​របស់​ក្រុម​ Fortitude Ranch គឺ​ “ត្រៀម​រួច​រាល់​សម្រាប់​ស្ថាន​ភាព​អាក្រក់​បំផុត​ និង​រីក​រាយ​នឹង​បច្ចុប្បន្ន​ភាព​!”។ ជា​រៀង​រាល់​ឆ្នាំ សមាជិក​ក្នុង​ក្រុម​នេះ មាន​ពេល​2សប្ដាហ៍​ដើម្បី​មក​លេង​ និង​សម្រាក​លម្ហែ​កាយ​ក្នុង​តំបន់​ដាច់​ស្រយាល​ និង​ពោរ​ពេញ​ដោយ​សម្រស់​ធម្មជាតិ​ ព្រម​ទាំង​អាច​​ដើរ​កម្សាន្ត​ ឬស្ទូច​ត្រី​ នៅ​ក្នុង​ទន្លេ​ដែល​មាន​ឈ្មោះ​ថា “Lost”។ ក្រុម​នេះ​ ក៏មាន​សាខា​មួយ​ផ្សេង​ទៀត​ នៅ​ក្នុង​រដ្ឋ Colorado ផងដែរ​។

លោក​ Rene ដែល​សមាជិក​ម្នាក់​ក្នុង​ក្រុម​ “លទ្ធិ​ការ​ពារ​ខ្លួន”​ Fortitude Ranch បាន​ឱ្យ​ដឹង​ថា “នេះ​មិន​មែនជា​ក្រុម​មនុស្ស​ល្ងង់​ល្ងី​ល្ងើ​ ដែល​ចេះ​តែ​គិត​អំពី​ថ្ងៃ​អវសាន​នៃ​ពិភពលោក​នោះ​ទេ​។ យើង​មិន​បាន​រើស​អើង ហើយ​យើង​ក៏មិន​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ណាមួយ​នោះ​ដែរ​”។

ប៉ុន្តែ នៅ​លើទី​តាំង​នៃ​​មុមទាំង​4​របស់​ជំរំនៃ​ក្រុម​ Fortitude Ranchនេះ សុទ្ធ​តែ​មាន​ប៉ម​យាម ហើយ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ក៏​មាន​កាំភ្លើង​កាណុង​វែង​1ដើមផង​ដែរ​ ដើម្បី​បង្ហាញ​ថា​ ក្រុម​នេះ ធ្វើ​សកម្ម​ភាព​យ៉ាងហ្មត់​ចត់។ Rene និយាយ​ថា “ក្រុម​មនុស្ស​ដែល​អស់​សង្ឃឹម គឺគេ​ធ្វើ​រឿង​អស់​សង្ឃឹម​”។

ក្រុម​ Fortitude Ranch នេះ មិន​បាន​ចាត់ទុក​កម្លាំង​បរទេស ឬ​កម្លាំង​ពិភព​​ខាង​​ក្រៅ ​​ជា​ការ​គំរាម​កំហែង​លើ​ពួក​គេ​នោះទេ ប៉ុន្តែ ពួកគេ​បាន​ចាត់​ទុក​ជន​ជាតិ​អាមេរិកាំងខ្លួន​ឯង​ ​ដែល​មាន​ភាព​ច្របូក​ច្របល់​ អាច​មាន​សកម្ម​ភាព​​ប្លន់​ស្បៀង​អាហារ​របស់​ពួកគេ នៅ​ពេល​មាន​ការ​វាយ​ប្រហារ​ដោយ​អាវុធ​នុយ​ក្លេអែរ​ ឬ​អាវុធ​ជីវ​សាស្ត្រ​ ការ​បះ​បោរ​ផ្នែក​នយោបាយ​ និងមហា​រោគ​​រោគរាត​ត្បាត។ល។

“ជាក់​ស្ដែង​បញ្ហា​ខាង​លើ​នេះ កម្រ​នឹង​កើត​ឡើង ប៉ុន្តែ វា​នៅ​តែ​មាន​លទ្ធ​ភាព​អាច​កើត​ឡើង។ បើ​សិន​អ្នក​មិន​បាន​ត្រៀម​ខ្លួន អ្នក​នឹង​មិន​ដឹង​ថា​ត្រូវ​ទៅ​ណា និង​ធ្វើ​អ្វី​នោះ​ទេ​។ ពេល​មាន​អាសន្ន​ធំ​កើត​ឡើង​ ភាព​ច្របូក​ប្របល់​​នឹង​ធ្វើ​ឱ្យ​មនុស្ស​អាច​ដណ្ដើម​គ្នា​រស់​ ហើយ​​និង​មាន​បញ្ហា​ជា​ច្រើន​ហួស​​ពី​សមត្ថភាពទប់​ទល់​​របស់​យើង​” លោក Rene​ រៀប​រាប់​។

គណៈ​កម្ម​ការ​នៃ​ក្រុម​ខាង​លើ​នេះ មាន​សមាជិក​ចំនួន​5នាក់ ក្នុង​នោះ​មាន Rene ផងដែរ​។ ក្នុង​ករណី​បន្ទាន់​ Rene នឹង​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ប្រកាស​អាសន្ន​ដែរ​ ឬ​អត់។ ពេលនោះ សមាជិក​នៃ​គណៈ​កម្ម​ការ​ នឹង​ត្រូវ​បាន​អញ្ជើញ​មក​កាន់​ជំរំខាង​លើ។ អ្នក​ដែល​មាន​បំណង​ចូល​កាន់​ជំរំ​​របស់​ក្រុម Fortitude Ranch ​គឺ​ត្រូវ​តែ​ប្រើ​ប្រាស់​ពាក្យ​សម្ងាត់​​ដែល​ក្រុម​នេះ​បាន​កំណត់​។

ករណី​មាន​មហា​រោគ​រាត​ត្បាត​កើត​ឡើង​ទូទាំង​ប្រទេស​ អ្នក​ចំណូល​ថ្មី​ដែល​ចូល​មក​កាន់​ជំរំនេះ​ នឹង​ត្រូវ​វាស់​កម្ដៅ​ខ្លួន មុន​ពេល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​តំបន់​​ដែល​មាន​ប្រព័ន្ធអេកូឡូស៊ី ដែល​អាច​ចិញ្ចឹមជីវិត​ដោយ​ខ្លួន​ឯង​បាន​។ នៅ​ក្នុង​ជំរំនេះ មាន​អណ្ដូង​ទឹក ប្រព័ន្ធ​ថាម​ពល​ព្រះអាទិត្យ វិទ្យុ ផ្ទះ​កញ្ចក់ សត្វ​ចិញ្ចឹម​ផ្សេង​ៗ​ ដូចជា​ មាន់ ពពែ គោ រួម​នឹង​កន្លែង​រំលាយ​សាក​សព​អ្នក​ជំងឺ​ដែល​ស្លាប់​ដោយ​សារ​រោគ​រាត​ត្បាត​។

ស្ថាបនិក​របស់ Fortitude Ranch គឺ​ Drew Miller ដែល​ជា​អតីត​អ្នក​ជំនាញ​ផ្នែក​ចារ​កម្ម​យោធា ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ Harvard។

ខុស​ពី​ប្រព័ន្ធ​បន្ទប់លាក់​ខ្លួន​នៅ​ក្រោម​ដី​​ដ៏​មាន​តម្លៃថ្លៃ ដែល​មហាសេដ្ឋី​នានា​បាន​សាងសង់ Fortitude Ranch របស់ Drew Miller ផ្ដោត​ទៅ​លើក្រុម​មនុស្ស​ដែល​មាន​ទ្រព្យ​​ធម្យម និង​ទាប។ អ្នក​ដែល​ចូល​មក​សម្រាក​នៅ​ទី​នេះ គ្រាន់​តែ​ចំណាយ​1,000​ដុល្លារ​អាមេរិក​ប៉ុណ្ណោះក្នុង​1ឆ្នាំ សម្រាប់​កញ្ចប់​ទាប​បំផុត​ដែល​មាន​គ្រែ​1​នៅ​ក្នុង​បន្ទប់​ក្រោម​ដី​។

ថ្មី​ៗ​នេះ Rene ទទួលបាន​ការ​ស្នើ​ និង​សាក​សួរ​ព័ត៌មាន​ជា​ច្រើន​តាម​រយៈ​អ៊ីម៉េល ខណៈ​ដែល​រោគ​រាត​ត្បាត COVID-19 កំពុង​បង្ក​ភាព​វឹក​វរ​នៅ​ពាស​ពេញ​សហ​រដ្ឋ​អាមេរិក៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement