ឡានដឹកទំនិញជិត400គ្រឿងចេញ​ពី​កម្ពុជា ឆ្ពោះ​ទៅ​វៀត​ណាម ដែល​ត្រូវ​ជាប់នៅច្រក​ព្រំដែន​ត្រពាំងផ្លុង ត្រូវ​បាន​ដោះ​ស្រាយ​បណ្ដើរ​ៗ​ហើយ

ឡានដឹកទំនិញជិត400គ្រឿងចេញ​ពី​កម្ពុជា ឆ្ពោះ​ទៅ​វៀត​ណាម ដែល​ត្រូវ​ជាប់នៅច្រក​ព្រំដែន​ត្រពាំងផ្លុង ត្រូវ​បាន​ដោះ​ស្រាយ​បណ្ដើរ​ៗ​ហើយ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា​​ បាន​លើកឡើងថា ពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញទៅមករវាងកម្ពុជា និង​វៀតណាម តាមផ្លូវគោកទាំងអស់ នៅតែមាន​សកម្ម​ភាព​ជា​ធម្មតា ដោយ​មានបញ្ហាតិចតួចប៉ុណ្ណោះ​ នៅច្រកត្រពាំងផ្លុងនៃខេត្តត្បូងឃ្មុំ។

កាលពី​ព្រឹកថ្ងៃទី20 ខែមីនា ក្រោយចេញពីកិច្ចប្រជុំស្តីពីការត្រៀមវិធានការបន្ទាន់ សម្រាប់ទប់ស្កាត់ការឆ្លង​រាល​ដាល​នៃ​វីរុស COVID-19 សម្ដេច​ ស ខេង បានថ្លែង​​ប្រាប់​អ្នកយក​ព័ត៌មានថា រថយន្ត​ដឹក​ទំនិញ​ជិត​400​​គ្រឿង​ កំពុង​កក​ស្ទះ​នៅ​ច្រក​ព្រំដែនត្រពាំងផ្លុង។

បញ្ហា​កកស្ទះ​រថយន្ត​​នេះ កើត​ឡើង​ដោយ​សារ​ភាគីខាង​វៀត​ណាម បិទច្រកមិនឱ្យ​រថយន្តដឹកនំនិញពីកម្ពុជា ចូលទៅប្រទេស​វៀត​ណាម ដោយ​សារ​តែ​ភាគី​ខាង​វៀត​ណាម​ បាន​ចេញ​បទ​បញ្ជា​ឱ្យ​បង្ខាំង​ចំពោះពល​រដ្ឋ​ទាំង​ឡាយ​​ដែល​ធ្វើដំណើរ​ចូល​ប្រទេស​នេះ ដើម្បី​រួម​ចំណែក​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​។​ ប្រទេស​វៀត​ណាម ​តម្រូវ​ឱ្យ​អ្នក​ដំណើរ​​ពី​កម្ពុជា​ ត្រូវ​យល់​ព្រម​ធ្វើ​តាម​វិធាន​ការ​បង្ខាំង​ឱ្យ​​នៅ​ដាច់​ដោយ​ឡែក និង​តាម​ដាន​សុខភាពក្នុង​​រយៈពេល​14ថ្ងៃ នៅ​ព្រំ​ដែន​។

បញ្ហា​ខាងលើ​នេះ​ហើយ បាន​នាំ​ឱ្យ​ឡាន​ដឹក​ទំនិញ​រាប់​រយ​គ្រឿង​ចេញពី​កម្ពុជា​ ត្រូវ​ស្ទះ​នៅ​ព្រំ​ដែន​វៀត​ណាម​។ ក៏ប៉ុន្តែ សម្ដេច ស ខេង បានមាន​ប្រសាសន៍​ថា បញ្ហា​ស្ទះ​ឡាន​ទំនិញ​នេះ ត្រូវ​បាន​ដោះ​ស្រាយ​ជា​បណ្ដើរ​ៗ​ហើយ​។

ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃទី​18មីនាកន្លង​ទៅ​ បាន​ចេញ​បទ​បញ្ជា​បិទ​ច្រក​ព្រំ​ដែន​កម្ពុជា​វៀត​ណាម រួម​មាន​ទាំង​ដែន​​គោក ដែន​ទឹក​ និង​ដែន​អាកាស ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ COVID-19។ ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី19 ខែមីនា ម្សិលមិញ កម្ពុជានិងវៀតណាម បានជួបពិភាក្សាគ្នា ហើយក៏បានសម្រេចថា ការដឹកជញ្ជូនទំនិញចូលប្រទេសទាំងពីរ នៅតែបន្ត​សកម្ម​ភាព​ជា​ធម្មតា លើក​លែង​តែ​ការ​ធ្វើ​ដំណើរ​ចេញ​-ចូល​របស់​ពល​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​។​

កិច្ចប្រជុំ​ទ្វេភាគី​នេះ បាន​ឯកភាព​គ្នា សម្រេច​អនុវត្ត​ដំណោះស្រាយ​ចំពោះ​មុខ ចំនួន 04ចំណុច រួមមានដូច​ខាង​ក្រោម​៖

ទី1. អនុញ្ញាត​ឲ្យ​រថយន្ដ​ដឹក​ទំនិញ​ចូល​ដល់​តំបន់ ស ហើយ​ធ្វើការ​ផ្លាស់ប្តូរ​អ្នក​បើកបរ។

ទី2. អនុញ្ញាត​ឲ្យ​រថយន្ដ​ដឹក​ទំនិញ​ចូល​ដល់​តំបន់ ស ហើយ​ប្តូរ​ក្បាល​ឡាន​សណ្ដោង។

ទី3. អនុញ្ញាត​ឲ្យ​រថយន្ដ​ដឹក​ទំនិញ​ចូល​ដល់​តំបន់ ស ហើយ​ធ្វើការ​ផ្ទេរ​ទំនិញ ឬ​លើក​ផ្ទេរ​កុងតឺន័រ ពី​រថយន្ដ​ភាគី​ម្ខាង ទៅ​ដាក់​លើ​រថយន្ដ​ភាគី​ម្ខាង​ទៀត។

ទី4. អនុញ្ញាត​ឲ្យ​រថយន្ដ​ដឹក​ទំនិញ​ពី​ភាគី​វៀតណាម ចូល​ដល់​ផែ​ស្ងួត​ណា​មួយ នៅ​ក្បែរ​ព្រំដែន រួច​ផ្ទេរ​ទំនិញ​ចេញ និង​អាច​ផ្ទុក​ទំនិញ​ដែល​ត្រូវ​នាំ​ចេញ​ពី​កម្ពុជា​ទៅវិញ ដោយ​តម្រូវ​ឲ្យ​អ្នក​បើកបរ​ត្រូវ​ស្លៀកពាក់​សម្លៀក​បំពាក់​សុវត្ថិភាព​ការពារ Virus ដែល​អនុញ្ញាត​ដោយ​ចត្ដាឡីស័ក និង​សូម​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ខាង​កម្ពុជា​ជួយ​សហការ​ធានា​ថា អ្នក​បើកបរ​មិន​បាន​​ទៅ​ណា​ខុស​ពី​តម្រុយ​ផ្លូវ និង​ទៅ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ផ្សេង៕

Advertisement