COVID-19! ស្ថាន​ភាព​ចុង​ក្រោយ​នៃ​រោគ​រាត​ត្បាត​នៅ​ប្រទេស​ថៃ និង​វៀត​ណាម

ប្រទេស​ថៃ ទើប​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 ចំនួន​188​ករណី​បន្ថែម​ទៀត​ ខណៈ​វៀត​ណាម​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​ចំនួន​12ករណី​​បន្ថែម​ទៀត​ដែរ​​នៅ​ក្នុង​ថ្ងៃនេះ​។

ប្រទេស​ថៃ

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ថៃ​ Taweesin Wisanuyothin បាន​ឱ្យ​ដឹង​ថា “ករណី​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ ភាគ​ច្រើន​នៅ​ក្នុង​រាជ​ធានី​បាង​កក”។

Wisanuyothin បន្ថែម​ថា ក្នុង​ចំណោម​អ្នក​មាន​ផ្ទុក​មេរោគ​ COVID-19 ទាំង​អស់​ ​មាន​7នាក់​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភា​ព​ធ្ងន់​ធ្ងរ 44​នាក់​​បាន​ជា​សះ​ស្បើយ និង​ម្នាក់​បាន​បាត់​បង់​ជីវិត​។

ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ខ្លាំង ប្រទេស​ថៃ បាន​ប្រកាស​បិទ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ទាំង​អស់​នៅ​ក្នុង​ទីក្រុង​បាង​កក ចាប់​ពី​ថ្ងៃទី​22មីនាដល់​12មេសា​។ល។ នៅ​ថ្ងៃនេះ​ដែរ កម្ពុជានិង​ភាគី​ថៃ ​ក៏​បាន​សម្រេចបិទច្រកទ្វារព្រំដែននៃប្រទេសទាំងពីរគ្រប់កម្រិត​ជាបណ្តោះអាស​ន្ន រយៈពេល14ថ្ងៃ ចាប់ពីថ្ងៃទី23 ខែមីនា ដល់ថ្ងៃទី5 ខែមេសា ឆ្នាំ2020​ ផងដែរ​។

ក្រៅ​ពី​នេះ ប្រទេស​ថៃ​ក៏​បាន​បន្ត​បិទ​សាលា​រៀន​ និង​ក្លិប​រាត្រី​បន្ថែម​22​ថ្ងៃទៀត ហើយ​អ្នក​ណា​ដែល​បាន​រំលោភ​លើ​បទ​បញ្ជា​នេះនឹង​ត្រូវ​ជាប់​ព័ន្ធ​នាគារ​1​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​100,000​បាត (ប្រហែល​4,000​ដុល្លារ​អាមេរិក)។​ ចំណែក​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថៃ​ជា​ច្រើន​ក៏បាន​ផ្អាក​សេវា​កម្ម​ផង​ដែរ​។

ប្រទេសវៀតណាម

នៅ​ក្នុង​ថ្ងៃនេះ ប្រទេស​វៀតណាម បាន​រក​ឃើញអ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន​12នាក់​បន្ថែម​ទៀត​ ក្នុង​នោះ​មាន​ជនជាតិ​វៀត​ណាម​10នាក់ និង​ជនជាតិ​អង់គ្លេស​2​នាក់។ អ្នក​ជំងឺ​ដែល​ទើបតែ​​ត្រូវ​បាន​រក​ឃើញ​​នេះ ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ទីក្រុង​ហូជីមិញ។

ប្រទេស​វៀត​ណាមបាន​ធ្វើ​តេស្ត​រក​វីរុស​ COVID-19​ បាន​ជាង 17,148​ករណី​ និង​កំពុង​បង្ខាំង​ដើម្បី​តាម​ដាន​សុខភាព​ចំនួន​ជាង​53,000​ករណី ក្នុង​នោះមាន​30.295​ករណី​ កំពុង​បង្ខាំង​និង​តាម​ដាន​សុខភាព​នៅ​ឯផ្ទះ ឬ​កន្លែង​ស្នាក់​នៅ​​របស់​ពួក​គេ។

គិត​ត្រឹម​ព្រលប់​​ថ្ងៃ​ទី22​មីនា​នេះ​ ប្រទេស​វៀត​ណាម​មាន​អ្នក​ឆ្លង​រោគ​កូរ៉ូណា​សរុប 106ករណី ក្នុង​នោះ​មាន​17​ករណី​​បាន​ជា​សះស្បើយ ជាង​90​​ករណី​​កំពុង​ទទួល​ការ​ព្យាបាល ​ក្នុង​ចំណោម​​នេះ មាន​5ករណី​ កំពុង​ប្រឈម​នឹង​ការ​ស្លាប់​។

នៅ​ទូទាំង​ពិភពលោក គិត​មក​ដល់​ម៉ោង​នេះ មាន​អ្នក​ឆ្លង​រោគ​ COVID-18 ចំនួន318.254នាក់ ក្នុង​នោះ​មាន​96.010នាក់​បាន​ជា​សះស្បើយ និង​13.671​នាក់​បាន​បាត់​បង់ជីវិត​៕

ប្រភព​​៖​សារ​ព័ត៌មានបរទេស

Advertisement