អ្នក​ជំងឺ​ជាង​ 14,000​នាក់បាន​ស្លាប់​ និងជាង​​10,000នាក់​​ប្រឈម​នឹង​ការ​ស្លាប់​ ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

អ្នក​ជំងឺ​ជាង​ 14,000​នាក់បាន​ស្លាប់​ និងជាង​​10.000នាក់​​ប្រឈម​នឹង​ការ​ស្លាប់​ ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 កំពុង​បន្ត​កើន​ឡើងខ្លាំង​នៅ​អឺរ៉ុប ធ្វើ​ឱ្យ​អ្នក​ស្លាប់​កើន​ដល់​ជាង​ 14,000​​ករណី​ ក្នុង​ចំណោម​អ្នក​ឆ្លង​រោគ​ ជាង​ 335,000​នាក់​​។

COVID-19 បង្ហាញ​ខ្លួន​នៅ​ប្រទេស​ និង​ដែន​ដី​ចំនួន​192 នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​ ប្រទេស​អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ សហរដ្ឋ​អាមេរិក គឺជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​រោគ​កូរ៉ូណា​ច្រើន​ជាង​គេ​បំផុត​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​។

ប្រទេស​អ៊ីតាលី ជា​សម្បុកមេរោគ​ COVID-19 ធំបំផុត​នៅ​អឺរ៉ុប និង​ធំ​ទី​2​នៅ​ក្នុង​ពិភពលោក​ បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​​ 59,138​ករណី កើន​5,560​ករណី និង​អ្នក​ស្លាប់​ 5,476​ករណី​ កើន​651​ករណី​ ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ។

អេស្ប៉ាញ គឺជា​សម្បុក​មេរោគ​ធំ​បំផុត​ទី​2 នៅ​អឺរ៉ុប ដោយ​មាន​អ្នក​ឆ្លង​រោគ​សរុប 28,603​ករណី​ កើន​3,107​ករណី និង​អ្នក​ស្លាប់​ 1,756​ករណី​ កើន​375​ករណី​ បើ​ធៀប​នឹង​ម្សិល​មិញ​។

អាល្លឺម៉ង់ ទើប​តែ​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ 2,488​ករណី​ និង​អ្នក​ស្លាប់​10ករណី​បន្ថែម​ទៀត នាំ​ឱ្យ​តួលេខ​​នៃ​អ្នក​ឆ្លង​រោគ និង​ស្លាប់​កើន​ដល់​ 24,852ករណី​​​ និង​94​ករណី​។

អឺរ៉ុប ថ្មី​ៗ​នេះ​​ បាន​រាយ​ការណ៍​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ COVID-19 បាន​កើន​ដល់​ជិត 9,000​ករណី ស្មើ​នឹង​64%​ នៃ​ករណី​ស្លាប់​សរុប​នៅ​ទូទាំង​ពិភពលោក​។​

នៅ​សហរដ្ឋអាមេរិក មនុស្ស​​ចំនួន 8,149​នាក់​បន្ថែម​ទៀត​ ​ត្រូវ​បាន​រក​ឃើញថា​មាន​ផ្ទុក​មេរោគ COVID-19 ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​កូរ៉ូណា​សរុប​ឡើង​ដល់ 32,356​ករណី​ ក្នុង​នោះ​មាន​414​ករណី​​បាន​បាត់​បង់ជីវិត​ គឺ​កើន​112​ករណី​ បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ នាយក​ដ្ឋាន​គ្រប់​គ្រង់​អាហារ​ និង​ឱសថ​នៃ​សហ​រដ្ឋ​អាមេរិក បាន​អនុញ្ញាត​ឱ្យ​ធ្វើ​តេស្ត​លឿន​ចំពោះ​អ្នក​ត្រូវ​សង្ស័យ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា ដោយ​ចំណាយ​ពេល​ត្រឹម​តែ​45​នាទី​ប៉ុណ្ណោះ​ នឹង​ឃើញ​លទ្ធ​ផល​។

ប្រទេស​អ៊ីរ៉ង់​ បន្ត​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំបំផុត​លំដាប់​ទី​2​នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​អ្នក​ឆ្លង​រោគ​សរុប 21,638​ករណី និង​ស្លាប់​1,685​ករណី​។ មុន​នេះ សហរដ្ឋ​អាមេរិក​ក៏បាន​ស្នើ​ជួយ​ដល់​ប្រទេស​អ៊ីរ៉ង់​ ក្នុង​ការ​ប្រយុទ្ធ​នឹង​រោគ​រាត​ត្បាត​នេះ​ផងដែរ​ ប៉ុន្តែ​អ៊ីរ៉ង់​បាន​បដិសេធ។

ប្រទេស​ចិន និង​កូរ៉េខាង​ត្បូង​មិន​ទាន់​បញ្ចេញ​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ និង​តួលេខ​ថ្មី​នៅ​ឡើយ ប៉ុន្តែ កាល​ពី​ម្សិល​មិញ ប្រទេស​ចិន​បាន​រក​ឃើញ​អ្នក​ផ្ទុក​កូរ៉ូណា​ចំនួន​46​នាក់​បន្ថែម​ទៀត ក្នុង​នោះ​មាន​តែ​1ករណី​គត់​ដែល​ជា​អ្នក​ជំងឺ​ក្នុង​ស្រុក ក្រៅ​ពី​នេះគឺ​សុទ្ធ​តែ​ជា​អ្នក​ជំងឺ​នាំ​ចូល​​។ តួលេខ​ចុង​ក្រោយនៃ​​អ្នក​ឆ្លង​រោគ​នៅ​​​ប្រទេស​ចិន គឺ​មាន81.093​ករណី​ ក្នុង​នោះ​មាន​​​អ្នក​ស្លាប់​ 3,270ករណី​។ ចំណែក​កូរ៉េ​ខាង​ត្បូង​វិញ មាន​អ្នក​ឆ្លង​រោគ​សរុប 8,897​ករណី ក្នុង​នោះ​ស្លាប់​104​ករណី​។

តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​ម៉ាឡេស៊ី បន្ត​ជា​សម្បុក​មេរោគ​ធំ​បំផុត​ ដោយ​មាន​អ្នក​ឆ្លង​រោគ​សរុប 1,306​ករណី​ និង​ស្លាប់​10​ករណី​។ ចំណែក​ឥណ្ឌូនេស៊ីវិញ គឺជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ខ្ពស់​បំផុត​ក្នុង​តំបន់ ដោយ​មាន​អ្នក​ស្លាប់​48​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​514​នាក់​។

នៅ​ទូទាំង​ពិភព​លោក គិត​មក​ដល់​ពេល​នេះ​ មាន​អ្នក​ស្លាប់​ដោយ​សារ​​រោគ​ COVID-19 ចំនួន​ 14,654​​ករណី​ កើន​ ជាង​1,598​ករណី​ ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ អ្នក​ជំងឺ​ 98,884​នាក់​ ស្មើ​នឹង​29.1​% នៃ​ចំនួន​អ្នក​ឆ្លង​រោគ​សរុប បាន​ជា​សះស្បើយ​។ ក្រៅ​ពីនេះ មាន​អ្នក​ជំងឺ​ 10,553​នាក់​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ស្លាប់​ខ្ពស់​ជាង​គេ​ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប។ Dominica, Grenada, Mozambique និង Syria គឺជា​បណ្ដា​ប្រទេស​ដែល​ទើប​តែ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement