មនុស្ស​ជាង​1ពាន់​លាន​នាក់​ ត្រូវ​បង្ខំ និង​ស្នើ​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ ដោយ​សារ​វីរុស COVID-19

មនុស្ស​ជាង​1ពាន់​លាន​នាក់​ ត្រូវ​បង្ខំ និង​ស្នើ​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ ដោយ​សារ​វីរុស COVID-19

មនុស្ស​ប្រមាណជា​ជាង​ 1ពាន់លាន​នាក់ នៅក្នុង​ប្រទេស​ និង​ដែន​ដី​ជាង​50 ត្រូវ​បាន​បង្ខំ​ និង​ស្នើ​ឱ្យ​នៅ​ក្នុង​ផ្ទះ​ ខណៈ​ដែល​រដ្ឋាភិបាល​ចាត់​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគកូរ៉ូណា COVID-19។

យ៉ាង​ហោច​ណាស់​មាន​ប្រទេស​ និង​ដែន​ដី​ចំនួន​34ក្នុង​ពិភពលោក​ ដែល​មាន​ប្រជា​ជន​​ជាង​659​លាន​នាក់ បាន​ចាត់​វិធាន​ការ​ដាក់​បម្រាម​គោចរ​ និង​ស្នើ​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​ផ្ទះ ខណៈដែល​​​វីរុស​ COVID-19 កាន់​តែ​ឆ្លង​រាលដាល​ខ្លាំង​នៅ​ស្ទើរ​គ្រប់​ទិស​ទី​លើ​ភព​ផែនដី​។ បណ្ដា​ប្រទេស​ដែល​បាន​ចាត់​វិធានការ​ក្ដៅ​ខាង​លើ​នេះ ក៏​មាន​ប្រទេស​បារាំង អ៊ីតាលី​ អាហ្សង់​ទីន រដ្ឋ​កាលីហ្វ័រញ៉ា​របស់​សហរដ្ឋអាមេរិក ប្រទេស​អ៊ីរ៉ាក់ និង​ រវ៉ាន់់ដា​ផង​ដែរ។

ក្រិក​គឺជា​ប្រទេស​ថ្មី​បំផុត​​ដែល​ទើប​បាន​ដាក់​បម្រាម​គោចរ​ បង្ខំ​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​ផ្ទះ ហើយ​បទ​បញ្ជា​នេះ​​ ​មាន​សុពល​ភាព​​ចាប់​ពី​ព្រឹក​មិញ​នេះ​។ ប្រទេស​កូឡុំ​ប៊ី នឹង​ដាក់​បម្រាម​គោចរ​ដោយ​បង្ខំ​ ចាប់​ពី​ថ្ងៃទី​24​មីនា​ និង​ប្រទេស​ នូវែលហ្សេឡង់ ក៏​អនុវត្ត​បទ​បញ្ជា​ដូច​គ្នា​នេះ​ ចាប់​ពី​ថ្ងៃទី​25​មីនា​។ យ៉ាង​ណា​ក៏ដោយ ក៏​នឹង​នៅ​តែ​មាន​ករណី​លើក​លែង​ខ្លះ ដូចជា​ ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​​ដើម្បី​ទិញ​សម្ភារ​ចាំបាច់ ឬ​ទៅ​ធ្វើ​ការ​ចាំបាច់​ជា​ដើម​ផងដែរ​។

យ៉ាង​តិច​ណាស់​ក៏​មាន​ប្រទេស​ចំនួន​4 ដែល​មាន​ប្រជា​ជន​ច្រើន​ជាង​228​លាន​នាក់ រួម​មាន​អ៊ីរ៉ង់ អាល្លឺម៉ង់ និង​អង់គ្លេស​ជាដើម បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ នៅ​តែ​ក្នុង​ផ្ទះ និង​កាត់​បន្ថយ​ការ​ជួប​ផ្ទាល់​ជា​មួយ​អ្នក​ដទៃ​។

មាន​ប្រទេស​ និង​ដែន​ដី​យ៉ាង​ហោច​ចំនួន​10 ដែល​មាន​ប្រជា​ជន​សរុប​ជាង​ 117​លាន​នាក់ បាន​ចេញ​បទ​បញ្ជាហាម​ធ្វើ​ដំណើរ​នៅ​ពេល​យប់។ វិធាន​ការ​ទាំង​នេះ ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ ប៊ូគីណាហ្វាសូ ប្រទេស​ឈីលី រដ្ឋធានី​ម៉ានីល​របស់​ប្រទេស​ហ្វីលីពីន ប្រទេស​ស៊ែប៊ី និង​ប្រទេស​ម៉ូរីតានី​ ខណៈដែល​ប្រទេស​អារ៉ាប់ប៊ីសាអ៊ូឌីតនឹង​​អនុវត្ត​​បទ​បញ្ជា​នេះ​ ចាប់ពី​យប់​នេះតទៅ រហូត​ដល់​មាន​បទបញ្ជា​ថ្មី​។

ក្រៅ​ពី​នេះ​ក៏នៅ​មាន​តំបន់​ និង​ទីក្រុង​ជា​ច្រើន​ទៀត​ដែល​ចាត់​វិធានការ​ដូច​ខាង​លើ​ មាន​ដូច​ជា​ទីក្រុង​អាល់ម៉ាទីរបស់​ប៊ុលហ្គារី ទីក្រុងណឺរស៊ុលតង់​របស់​ប្រទេស​កាហ្សាក់ស្ថាន ​ទីក្រុង​បាគូ​នៃ​ប្រទេស​អាហ្សែបែហ្សង់​​ រដ្ឋ​អូហៃអូ រដ្ឋល្វីសសាណា រដ្ឋដេឡាវ៉ារ និងរដ្ឋភីឡាដិលភា​នៃ​សហរដ្ឋ​អាមេរិក​ជា​ដើម​ ដោយ​​មាន​ប្រជាជន​សរុប​ជិត​30​​​លាន​នាក់​។

វីរុស COVID-19 ​មក​ដល់​បច្ចុប្បន្ន មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​192​ នៅ​ទូទាំង​ពិភពលោក បន្ទាប់​​ពី​បាន​ឆ្លង​រាល​ដាល​នៅ​ប្រទេស​ចិន​ ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​2019។ រោគរាត​ត្បាត​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង 360,524​​​នាក់​បាន​កើត​ជំងឺ​ និង​ជាង​ 15,490​បាន​​បាត់​បង់​ជីវិត ខណៈ​ជាង​ 11,649​នាក់​ កំពុង​ប្រឈម​នឹង​ការ​ស្លាប់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement