ព័ត៌មានសំខាន់! រកឃើញ អ្នកជំនាញខាងជំងឺឆ្លងជនជាតិអាមេរិកម្នាក់ ធ្វើការនៅក្នុងទីក្រុងប៉េកាំង ត្រូវ លោក ត្រាំ កោះហៅឱ្យមកប្រទេសវិញ មុនពេលចិនកើតវិបត្តិ “កូវីដ-19” រាតត្បាត

ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានជួបនឹងលោកស្រីវេជ្ជបណ្ឌិត លីនដា ឃ្វិក(Linda Quick) អ្នកជំនាញការផ្នែកជំងឺរាតត្បាត ប្រចាំនៅស្ថាប័ន CDC សហរដ្ឋអាមេរិក ដែលបានបំពេញតួនាទីផ្ដល់ការអប់រំដល់អ្នកជំនាញជំងឺរាតត្បាតជនជាតិចិន ដែលនៅសុខៗ មិនប៉ុន្មានខែមុនកើតវិបត្តិវីរុសកូរ៉ូណាប្រភេទថ្មី ​​ស្រាប់​តែលោក​ស្រី ​ត្រូវ​​បាន​រដ្ឋបាល​​សហរដ្ឋ​​​​អាមេរិក​ កោះ​ហៅ​ឱ្យ​ត្រឡប់​ទៅ​ប្រទេសអាមេរិកវិញ និងមិនមានការបញ្ជូនអ្នកថ្មីទៅជំនួស ដែលបន្ទាប់ពីនោះមក មេរោគវីរុសកូវីដ-19 បានក្លាយជាមហាគ្រោះថ្នាក់លំដាប់ពិភពលោកនៅក្នុងថ្ងៃនេះ ដែលមានចំនួនអ្នកឆ្លងមេរោគនេះចុងក្រោយបំផុតចំនួន 333,966នាក់ និងស្លាប់សរុប 14,606នាក់។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃម្សិលមិញ(ទី23មិនា)ថា រ៉យទ័របានទទួលព័ត៌មានមកថា អ្នកជំនាញខាងជំងឺរាតត្បាតលំដាប់លេខ1 របស់មជ្ឈមណ្ឌលគ្រប់គ្រងរោគ និងការការពារនៃសហរដ្ឋអាមេរិក​(Centers for Disease Control and Prevention ឬ CDC) គឺលោកស្រីវេជ្ជបណ្ឌិត លីនដា​ ឃ្វិក(Dr. Linda Quick ) ​ត្រូវ​បាន​កោះ​​ហៅ​ឱ្យ​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ​ នៅខែកក្កដា ឆ្នាំមុន មិនប៉ុន្មានខែ មុនកើតការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីបានកើតឡើងនៅក្នុងប្រទេសចិន។

ទាំងអស់នេះ ប្រភពព័ត៌មាន 4រូប ដែលស្និទ្ធនឹងលោកស្រីវេជ្ជបណ្ឌិត លីនដា បានបង្ហើបឱ្យដឹងថា លោកស្រី លីនដា មានតួនាទីជាអ្នកផ្ដល់ការអប់រំដល់អ្នកជំនាញការផ្នែកជំងឺរាតត្បាតរបស់ចិននៅក្នុងទីក្រុងប៉េកាំង ដែលក្រោយមក បណ្ដាអ្នកជំនាញការជនជាតិចិនទាំងនោះត្រូវបានបញ្ជូនទៅចំណុចកណ្ដាលនៃការឆ្លងរាល​ដាល(ទីក្រុងវូហាន) ដើម្បីជួយតាមដាន ស៊ើបសួរ និងគ្រប់គ្រងជំងឺឆ្លង។

ដោយករណីជំងឺបណ្ដាលពីវីរុសកូរ៉ូណាប្រភេទថ្មី បានកើតឡើងដំបូងបំផុតនៅក្នុងខែវិច្ឆិកា ឆ្នាំមុន។

ក្រោយ​ពីមានការឆ្លងរាលដាលកាន់តែខ្លាំងឡើង រដ្ឋបាលសហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បែរជាចេញមកចោទប្រកាន់ថា ខាងក្រុងប៉េកាំងបានលាក់បាំងព័ត៌មាន និងមិនបានបញ្ជូនអ្នកជំនាញការផ្នែកជំងឺរាតត្បាតរបស់ខ្លួនចូលទៅក្នុងប្រទេសចិន ដើម្បីជួយទប់ស្កាត់ឡើយ។

លោក ប៉ៅ ពីង ហ្ស៊ូ(Bao-Ping Zhu) អ្នកជំនាញការផ្នែកជំងឺរាតត្បាតជនជាតិអាមេរិក ដើមកំណើតចិន ដែលបានបំពេញតួនាទីនោះដោយបានទទួលការគាំទ្រពីស្ថាប័ន CDC ក្នុងអំឡុងឆ្នាំ2007-2011 បានទទួលស្គាល់ថា “វាជារឿងរញ្ជួយចិត្តខ្លាំងណាស់ ដែលត្រូវទ្រាំឈរមើលហេតុការណ៍អាក្រក់កើតឡើង” និងបានបន្ថែមទៀតថា “បើសិនមាននរណាម្នាក់ស្ថិតនៅទីនោះ ប្រហែលជាមន្ត្រីសុខាភិបាល និងរដ្ឋបាលទូទាំងពិភពលោក អាចធ្វើអ្វីបានច្រើនជាងនេះ…”

ទាំងអស់នេះ គេបានដឹងថា លោកស្រី លីនដា គឺជាបេះដូងសំខាន់ក្នុងការធ្វើជាភ្នែកជាច្រមុះឱ្យសហរដ្ឋ​អាមេរិក​ និងប្រទេសដទៃទៀត សម្រាប់ការឆ្លងរាតត្បាតមេរោគកូវីដ-19 និងយ៉ាងហោចណាស់ ក៏អាចចេញមកប្រកាសប្រាប់អំពីគ្រោះភ័យដែលនឹងកើតឡើង ឱ្យបានដឹងមុនជាច្រើនសប្ដាហ៍ដែរ។

រ៉យទ័រ បានចង្អុលបង្ហាញថា គ្មានអ្នកជំនាញការផ្នែកជំងឺរាតត្បាតជនជាតិបរទេសណាម្នាក់ត្រូវបានបញ្ជូនចូលទៅធ្វើការជំនួសក្នុងគ្រោងការនោះ បន្ទាប់ពីលោកស្រី លីនដា បានធ្វើដំណើរត្រឡប់ចេញមកពីប្រទេស​ចិននៅក្នុងកក្កដានោះឡើយ ដោយលោក ហ្ស៊ូ បាននិយាយថា អ្នកជំនាញការដែលបានចុះធ្វើការនៅក្នុងតំបន់ អាចរៀនយល់ដឹងពាក់ព័ន្ធនឹងការឆ្លងរាតត្បាតនោះបានលឿនជាង បន្ទាប់ពីបានសាងសម្ព័ន្ធភាពជាមួយអ្នកជំនាញការចិនហើយ។

ការធ្វើដំណើរត្រឡប់ទៅប្រទេសវិញរបស់លោកស្រីវេជ្ជបណ្ឌិត លីនដា បានកើតឡើងកណ្ដាលជម្លោះខាងពាណិជ្ជកម្មរវាងប្រទេសចិនជាមួយសហរដ្ឋអាមេរិក ជាអំឡុងពេលដែលលោកស្រី លីនដា ឃ្វិក បានដឹងថា “គ្រោងការអប់រំផ្នែកជំងឺរាតត្បាតខាងការប្រតិបត្តិសហរដ្ឋអាមេរិក” (U.S Field Epidemiology Training Program) នឹងមិនទទួលបានការបន្តអាយុពីរដ្ឋបាលសហរដ្ឋអាមេរិកទៀតទេនៅក្នុងខែកញ្ញា ខណៈដែលប្រភពព័ត៌មានបានឱ្យដឹងថា CDC សហរដ្ឋអាមេរិក បានដឹងជាលើកដំបូងអំពីការកើតករណីជំងឺរលាកសួត ចំនួន 27ករណី តែមិនបានដឹងប្រភពថា មកពីទីក្រុងវូហានឡើយនៅថ្ងៃទី31 ធ្នូ ឆ្នាំមុន។

(សូមរង់ចាំអានវគ្គបន្តនៅថ្ងៃស្អែក)

ប្រភព៖ សារព័ត៌មានបរទេស

Advertisement