ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អ៊ីតាលីកើន​ដល់​​ 7,503​នាក់ ចំណែក​នៅ​ទូទាំង​ពិភពលោកកើន​​លើស​ 21,000​នាក់​

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អ៊ីតាលីកើន​ដល់​​ 7,503​នាក់ ចំណែក​នៅ​ទូទាំង​ពិភពលោកកើន​​លើស​ 21,000​នាក់​

ប្រទេស​អ៊ីតាលី បាន​រក​ឃើញ​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ចំនួន​ 860​នាក់​បន្ថែម​ទៀត​នៅក្នុង​អំឡុង​24​ម៉ោង​កន្លង​ នាំ​ឱ្យ​ចំនួនអ្នក​ស្លាប់​ដោយ​សារ​មេរោគ​នេះ កើន​ដល់​7,503នាក់​។

នាយកដ្ឋាន​ការ​ពារ​ពលរដ្ឋ​អ៊ីតាលី​ (Protezione Civile) កាល​ពី​ថ្ងៃទី​25​មីនាបាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ចំនួន​680​នាក់​បន្ថែម​ទៀត បាន​បាត់​បង់ជីវិត។ ចំនួន​អ្នក​ឆ្លង​មេរោគ COVID-19 ​សរុប​នៅ​ប្រទេស​នេះ មាន​ 74,386​នាក់ ក្នុង​នោះ​មាន​7,503​នាក់​បាន​បាត់​បង់ជីវិត​។

ប្រធាន​នាយក​ដ្ឋាន​ការ​ពារ​ពលរដ្ឋ​អ៊ីតាលី លោក Angelo Borrelli មិន​មាន​វត្តមាន​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃទី​ 25មីនា​ដូច​សព្វ​មួយ​ដង​នោះ​ទេ​ ព្រោះ​លោក​មាន​អាការ​គ្រុន​ក្ដៅ និង​បាន​ធ្វើ​តេស្តរកមេរោគ​ COVIVD-19 រួច​ហើយ​ដែរ​។ លោក Angelo Borrelli ធ្លាប់​បាន​ថ្លែង​កាល​ពី​​ថ្ងៃទី​24មីនា​ថា តួលេខ​ពិត​ប្រាកដ​នៃ​អ្នក​ឆ្លង​មេរោគ​ COVID-19 អាច​ខ្ពស់​ជាង​10ដង បើ​ធៀប​នឹង​តួលេខ​ដែល​បាន​ប្រកាស​ ដោយ​សារ​តែ​ការ​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា នៅ​ប្រទេស​នេះ គឺ​ធ្វើ​ឡើង​ចំពោះ​តែ​អ្នក​ដែល​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​តែ​ប៉ុណ្ណោះ​។

តំបន់ Lombardy ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី គឺជា​តំបន់​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ពីរោគ​រាត​ត្បាត​កូរ៉ូណា។

ប្រទេស​អ៊ីតាលី​គឺជា​សម្បុក​មេរោគ​ COVID-19​ ធំជាង​គេ​ក្នុង​ពិភពលោក។ បើ​ធៀប​នឹងប្រទេស​ចិនដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស COVID-19 ចំនួន 3,287នាក់ ប្រទេស​អ៊ីតាលី​មាន​ច្រើន​ជាង​នេះ​ទ្វេ​ដង​។ អត្រា​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អ៊ីតាលី​ គឺ​ប្រមាណជា​ 9.5% ពោល​គឺខ្ពស់ជាង​ទ្វេ​ដងបើធៀប​នឹង​មធ្យម​ភាគ​ទូទាំង​ពិភពលោក​។

បទបញ្ជា​ហាម​ធ្វើ​ដំណើរ​នៅ​ប្រទេស​អ៊ីតាលី បាន​អូសបន្លាយ​2សប្ដាហ៍​មក​ហើយ ដោយ​បទ​បញ្ជា​នេះ មិន​អនុញ្ញា​ត​ឱ្យ​ពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ​នោះ​ទេ​ លើក​លែង​តែ​ត្រូវ​ទៅ​ទិញ​របស់​របរ​ចាំបាច់​ប៉ុណ្ណោះ​។ នាយក​រដ្ឋមន្ត្រី Giuseppe Conte ក៏បាន​បង្កើន​កម្រិត​នៃ​ការ​ពិន័យ​ទៅ​លើ​អ្នក​ដែល​បាន​ចេញ​ទៅ​ក្រៅ​ផ្ទះ​ ពី​206​ EUR (ជាង 220 USD) ឡើង​ដល់ 3,000​ EUR (ជាង​ 3,200​ USD)។

នៅ​ទូទាំង​ពិភពលោក អ្នក​ឆ្លង​វីរុស​ COVID-19 សរុប បាន​កើន​ដល់​ 468,644​នាក់​ ក្នុង​នោះ​មាន​21,191​នាក់​បាត់​បង់ជីវិត និង​14,733​នាក់កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ចំណែក​ករណី​​ជា​សះស្បើយ បាន​កើន​ដល់​​ជាង 114,210​នាក់​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement