អ្នក​ជំនាញ៖ 7ជំហាន​សម្រាប់​ក្រុម​ហ៊ុន ដើម្បី​អាច​ងើប​ឡើង​វិញបន្ទាប់​ពី​​រង​គ្រោះ​ព្រោះ COVID-19

អ្នក​ជំនាញ៖ 7ជំហាន​សម្រាប់​ក្រុម​ហ៊ុន ដើម្បី​អាច​ងើប​ឡើង​វិញបន្ទប់​ពី​​រង​គ្រោះ​ព្រោះ COVID-19

អ្នក​ជំនាញ​ផ្នែក​​គ្រប់​គ្រង​ហានិភ័យ​​​មក​ពី​សហរដ្ឋ​អាមេរិក​ បាន​ផ្ដល់​អនុសាសន៍​ដល់​ថ្នាក់​​ដឹក​នាំ​​ក្រុម​ហ៊ុន​ ដើម្បី​ជួយ​ឱ្យ​ពួក​គេ​អាច​រក្សា​ជីវិត​នៃ​អាជីវកម្ម​របស់​ខ្លួន​តទៅ​មុខ​ និង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​ខ្លាំង​ក្លា​ ក្រោយ​ពី​វិបត្តិ​សុខ​ភាព​បាន​បញ្ចប់​។

ការ​ផ្ទុះឆ្លង​រីក​រាល​ដាល​នៃ​វីរុសCOVID-19 កំពុង​តែ​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ជា​ច្រើន​ត្រូវ​កាត់​បន្ថយ​ទំហំ​នៃ​អាជីវ​កម្ម​របស់​ខ្លួន​ និង​ខ្លះ​ទៀត​ក៏បាន​បិទ​ទ្វារ​ ឬ​ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង​។ ក្នុង​អំឡុង​ពេល​នៃ​ការ​រង់​ចាំ​ជំនួយ​ជាក់​លាក់​ ក៏ដូច​ជា​ការ​សម្រេច​ចិត្ត​​ពី​អាជ្ញាធរ​ ក្រុម​ហ៊ុន​នានា​អាច​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​មួយ​ចំនួន​ជា​មុន ដើម្បី​ត្រៀម​ខ្លួន​បើក​ដំណើរ​ការ​ ឬ​ពង្រីក​ទំហំ​អាជីវ​កម្ម​របស់​ខ្លួន​ឡើង​វិញ​។

ខាង​ក្រោម​នេះ​គឺជាយុទ្ធ​សាស្ត្រ​ទាំង​​7​ជំនាញ​ ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​អ្នក​ជំនាញ​ផ្នែក​គ្រប់​គ្រង​ហានិភ័យ​ លោក Nicholas J. Bahr មក​ពី​ក្រុម​ហ៊ុន​ DuPont Sustainable Solutions(ក្រុមហ៊ុន​ផ្ដល់​សេវា​ប្រឹក្សា​យោបល់​​មួយ​នៅ​សហរដ្ឋ​អាមេរិក)​។ លោក​ធ្លាប់​មាន​បទ​ពិសោធ​ជាង​35​ឆ្នាំ​ ទាក់​ទិន​នឹង​ការ​គ្រប់​គ្រង​ហានិភ័យ​​របស់​ក្រុម​ហ៊ុន​។

1.ថែ​រក្សា​បុគ្គលិក៖ ទាក់​ទង​តាម​អនឡាញទៅ​កាន់​ពួកគេ​ឱ្យ​បាន​ញឹក​ញាប់ ដើម្បី​បាន​ដឹង​ច្បាស់​ថា​ ពួកគេ​ទទួល​រង​ផល​អាក្រក់អ្វី​ខ្លះ​ដោយ​សារ​វិបត្តិ​សុខ​ភាព​ COVID-19។ លើក​ទឹក​ចិត្ត​ពួកគេ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ពិសេស​គឺ​គម្រោង​ជំនួយ​របស់​អ្នក​សម្រាប់​ពួក​គេ​។

2.បង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​៖ បង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​ដើម្បី​អាច​ធ្វើ​ការ​សម្រេច​​ចិត្ត​ ដោយ​ការ​យោង​ និង​ផ្ដោត​ទៅ​លើ​ទិន្ន​ន័យ​ឱ្យ​បាន​ច្រើន​ជាង​​អារម្មណ៍​។ ប្រព័ន្ធ​គ្រប់​គ្រង​នេះ​អាច​ធ្វើ​ជា​3​កម្រិត​៖ ​ទី1.រយៈ​ពេល​ខ្លី​-ដោះ​ស្រាយ​ការ​លំបាក​អំពី​ធនធាន​មនុស្ស​ និង​ការ​ងារ​ប្រចាំ​ថ្ងៃ។ ទី2.រយៈ​ពេល​មធ្យម-ផែន​ការ​បម្រុង​សាច់​ប្រាក់ និង​លទ្ធ​ភាព​កាត់​បន្ថយ​បុគ្គលិក​។ ទី​3.រយៈ​ពេល​វែង-គណនា​អំពី​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋ​កិច្ច​ដែល​មានទំហំ​ធំ។

3.ដំណើរ​ការ​នូវ​ការ​វាយ​តម្លៃ​ហានិភ័យ​នានា​៖ ក្រុម​ហ៊ុន​របស់​អ្នក​ប្រហែល​ជា​មាន​ប្រព័ន្ធ​វាយ​តម្លៃ​ហានិភ័យ​ស្រាប់ ក៏​ប៉ុន្តែ​វា​អាច​នឹង​មិន​សម​ស្រប​ជាមួយ​នឹង​ស្ថាន​ភាព​វិបត្តិ​សុខ​ភាព​ដែល​កើត​ឡើង​ដោយ​សារ COVID-19 នា​ពេល​នេះ​ក៏ថា​បាន​។ ដូច្នេះ គួរ​តែ​បង្កើត​វិធី​ថ្មី​ ផ្ដោត​ទៅ​លើ​វិធាន​ការ​អនាម័យ និង​សុវត្ថិភាព​ចាំបាច់​ដើម្បី​ការ​ពារ​មនុស្ស​ ហិរញ្ញ​វត្ថុ​ បច្ចេក​វិទ្យា​ និង​ដំណើរ​ការ​ក្នុង​អំឡុង​ពេល​ប្រឈម​នឹង​វិបត្តិ​សុខ​ភាព​នេះ​។

4.បង្កើន​ទំនាក់​ទំនង​ទៅ​ខាង​ក្រៅ​៖ “​ក្នុងអំឡុង​​វិបត្តិ​សុខ​ភាព​នេះ ផលិត​ផលដែល​​ធំបំផុត​របស់​អ្នក​ នោះ​គឺទំនុក​ចិត្ត​” នេះ​បើ​តាម​លោក Nicholas J. Bahr​។ ចូរ​ចំណាយ​ពេល​ឱ្យ​បាន​ច្រើន​ក្នុង​ការ​​បង្កើន​ទំនុក​ចិត្ត​ដល់​អតិថិជន​ ដៃ​គូរក​ស៊ី និង​​​​សាធារណ​ជន​ ដោយ​ពន្យល់​ប្រាប់​ពួកគេ​ថា​ ក្រុម​ហ៊ុន​របស់​អ្នក​ កំពុង​តែ​អនុវត្ត​វិធានការ​សម​ស្រប​ដើម្បី​ប្រឆាំង​នឹង​ការ​រីក​រាល​ដាលនៃ​មេរោគ​COVID-19​ ព្រម​ទាំងកំពុង​​រួម​ចំណែក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហានេះ​​ទៀត​ផង។

5.វាយ​តម្លៃ​ទៅ​លើ​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់៖ ស្វែង​យល់​ឱ្យ​បាន​ច្បាស់​ថា តើ​អ្នក​នៅ​មាន​អតិថិ​ជន​ណា​ខ្លះ​ ហើយ​ពួកគេ​មាន​សំណើរ​អ្វី​ខ្លះ​។ បន្ទាប់​មក​ ពិភាក្សា​ជាមួយ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ អំពី​លទ្ធ​ភាព​របស់​ពួកគេ​ ប៉ុន្តែ​សូម​ប្រុង​ប្រយ័ត្ន ពួកគេ​អាច​សន្យា​លើស​ពី​សមត្ថ​ភាព​របស់​ពួកគេ​។ បើសិន​ជា​ទំហំ​ទឹក​ប្រាក់​របស់​អ្នក​មាន​កម្រិត ចូរ​ចាំ​ថា​ មិនមែន​អ្វី​ទាំង​អស់​សុទ្ធ​តែ​​ត្រូវ​ការ​​ប្រាក់​នោះ​ទេ​។ ជំនួស​មក​វិញ ចូរ​ច្នៃ​ប្រឌិត និង​ពិចារណា​អំពី​វិធីដែល​អ្នក​អាច​ប្រើ​ប្រាស់ដើម្បី​ដោះ​ដូរ​ជាមួយ​ដៃ​គូ ទាក់​ទិន​នឹង​ផលិផល ផល​ប្រយោជន៍ និង​សេវា​កម្ម។

6.ពិនិត្យ​ទៅ​លើ​ហានិភ័យ​នៃ​សកម្ម​ភាព​៖ វាយ​តម្លៃ​ទៅ​លើ​សកម្ម​ភាព​ទាំង​មូល និង​គ្រប់​ជ្រុង​ជ្រោយ​​​របស់​ក្រុម​ហ៊ុន​។ បង្កើត​បញ្ជី​ត្រួត​ពិនិត្យ មុន​ពេល​ដំណើរ​ការ​ក្រុម​ហ៊ុន​ឡើង​វិញ​។ ប្រការ​នេះ​នឹង​ធានា​បាន​ថា​ ​អ្នក​ពិត​ជា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​​ដើម្បី​ដំណើរ​ការ​ឡើង​វិញ នៅ​ពេល​ស្ថាន​ភាព​អនុញ្ញាត។

7.ប្រើ​ប្រាស់​ “ពេល​វេលា​ស្លាប់” ឱ្យ​មាន​ប្រសិទ្ធ​ភាព​៖ ប្រើ​ប្រាស់​ពេល​វេលា​ទំនេរ​ឱ្យ​បាន​ច្រើន​ ដើម្បី​គិត​គូរ​អំពី​ការ​បង្កើត​សេវា​កម្ម​ និង​ផលិត​ផល​ដែល​អ្នក​មិន​ធ្លាប់​មាន​ពី​មុន​មក​។ លើក​ទឹក​ចិត្ត​ឱ្យ​បុគ្គលិក​ចូល​រួម​ក្នុង​ដំណើរ​ការ​នេះ​ ដើម្បី​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថាខ្លួន​មាន​តម្លៃ​ និង​ដើម្បី​បង្កើន​ផលិត​ភាព​។

ជាក់​ស្ដែង​ អនុសាសន៍​របស់​លោក Nicholas Bahr ក៏​ប្រហាក់​ប្រហែល​នឹង​អ្នក​គ្រប់​គ្រង​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ផងដែរ​។ Jordan Strauss អតីត​នាយក​ប្រតិ​បត្តិ​របស់​ក្រុម​ហ៊ុន Kroll ដែល​ជា​ផ្នែក​មួយ​នៃ​​ក្រុម​ហ៊ុន​ Duff & Phelps(សហរដ្ឋ​អាមេរិក) យល់​ថា ម្ចាស់​អាជីវ​កម្ម​គួរ​តែ​ចំណាយ​ពេល​រៀង​រាល់​ថ្ងៃ​ដើម្បី​ស្វែង​រក​​ឱកាស​ថ្មី​។ ចំណែក​ Greg Milano ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុនពិគ្រោះយោបល់​ផ្នែក​យុទ្ធសាស្ត្រ Fortuna Advisors បាន​ឱ្យ​ដឹង​ថា យុទ្ធ​សាស្ត្រ​ស្ដារ​ក្រុម​ហ៊ុន​ឡើង​វិញ អាច​ចែក​ចេញ​ជា​3ជំហាន​ធំ​ៗ​៖ រក្សា​ជីវិត​ កែលម្អ និង​ចាប់​យក​ឱកាស​។

Greg Milano ថ្លែង​ថា ជំហាន​ដំបូង៖ ក្រុម​ហ៊ុន​នានា​​ត្រូវតែ​​ដោះ​ស្រាយ​បញ្ហា​ទាក់​ទិន​នឹង​លំហូរ​សាច់ប្រាក់​ និង​ទ្រព្យ​សកកម្ម​។ ជំហាន​បន្ទាប់៖​ គឺ​ពិចារណា​ទៅ​លើ​វិស័យ​ដែល​អាច​កែ​លម្អ​បាន​ ដូច​ជា​ការ​ធ្វើ​ទំនើប​កម្ម​បច្ចេក​វិទ្យា​​ជា​ដើម​។ ជំហាន​ចុង​ក្រោយ៖ ចំពោះ​អាជីវ​កម្ម​ណា​ដែលទទួល​រង​ផល​ប៉ះពាល់​តិច​តួច​ នេះអាច​ជា​ពេល​វេលា​មួយ​ដែល​អ្នក​អាច​ប្រើ​ប្រាស់​ឱកាស​ដើម្បី​ធ្វើ​ជំនួញ​ថ្មី​។

យោង​តាម​លោក Bahr ការ​ប្រែប្រួល​នៅ​ក្នុង​កាលៈ​ទេសៈ​​ដែល​ក្រុម​ហ៊ុន​ត្រូវ​ជួប​នឹង​វិបត្តិ​សុខ​ភាពសកល​នេះ​ គឺ​អាច​ប្រព្រឹត្ត​ទៅ​តាម​វិធី​4​យ៉ាង​។ ទី​មួយ៖​ គឺ​បណ្ដា​ក្រុម​ហ៊ុន​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​អាជីវ​កម្ម​ពី​ចម្ងាយ​ ព្រោះ​ថា​អាច​ធ្វើ​បាន​ល្អ​ជាង​មុន​ក្នុង​គ្រា​លំបាក​នេះ​។​ ទីពីរ៖ ការ​ធ្វើ​ការ​ពីចម្ងាយ​នេះ​ហើយ​ នឹង​បង្កើត​​ឱ្យ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៃ​បច្ចេកវិទ្យា​។​ ទី​បី​៖ សកលភាវូបនីយកម្ម​ ត្រូវ​ការ​ពិនិត្យ​ឡើង​វិញ​ដើម្បី​មាន​លទ្ធ​ភាព​ក្នុង​ការ​សម្រប​ខ្លួន​បាន​ល្អ​ ទៅ​តាម​​វិបត្តិ​ប្រហាក់​ប្រហែល​នឹង​ COVID-19នេះ។ និង​ទី​បួន​៖ ក្រុម​ហ៊ុន​នានា​ត្រូវ​តែ​រឹង​មាំ​ជាង​មុន​ ដោយ​ផ្ដោត​ទៅ​លើ​ផែន​ការ​រយៈ​ពេល​វែង​ជាង​ធម្មតា។

ខណៈ​ដែល​ក្ដី​សង្ឃឹមក្នុង​​រយៈ​ពេល​ខ្លី​​របស់​ក្រុម​ហ៊ុន​មួយ​ចំនួន​ហាក់​មិន​សូវ​ល្អ​ ក៏ប៉ុន្តែ​ ​លោក Bahr បាន​ប្រដូច​វា​ទៅ​នឹង​ដំណាក់​កាល​ដែល​យើង​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​រូង​ងងឹត​។ “ប្រការ​ដែល​សំខាន់​នោះ​គឺ​ថា ជា​ចុងក្រោយ​ យើង​ក៏​នៅ​តែ​​បាន​ដើរ​ចេញ​ផុត​ពី​វា​” នេះ​បើ​តាម​សម្ដី​អ្នក​ជំនាញ​ Bahr៕

ប្រភព៖ CNBC

Advertisement