COVID-19! កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​4នាក់​បន្ថែមទៀត​ ខណៈ​អ្នក​បាន​ជា​សះ​ស្បើយ​កើន​ឡើង​ដល់​13​នាក់់

ក្រសួងសុខាភិបាលកម្ពុជា​ នាព្រឹកថ្ងៃទី28មីនានេះ បាន​ប្រកាសថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុសCOVID-19 ចំនួន​4​ករណីបន្ថែម​ទៀតហើយ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុបឡើង​ដល់​ 102​នាក់។

អ្នក​ជំងឺ​ដែល​ទើប​ត្រូវ​បាន​រកឃើញ​នេះ គឺ​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំ​ពេញ។ ពួក​គេគឺ​​​ជាគ្រួសារខ្មែរមួយដែលទើបមកពីប្រទេសបារាំង។

ក្នុង​ចំណោម​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ទាំង​4នាក់​ដែល​ទើប​តែ​បាន​រកឃើញ​នេះ រួម​ប្ដីប្រពន្ធ​មួយ​គូ និង​កូនៗ​2នាក់​។ អ្នក​ជំងឺ​ថ្មី​ទាំង​4នាក់​នេះ បាន​ត្រឡប់​មក​ពី​ប្រទេស​បារាំង​កាល​ពី​ថ្ងៃទី​15​មីនា មុន​នឹង​ត្រូវ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​COVID-19។ បច្ចុប្បន្ន ពួកគេត្រូវ​បាន​ដាក់​ឱ្យ​នៅ​ព្យាបាល​នៅ​មណ្ឌល​សុខ​ភាព​មួយ​កន្លែង​ នៅ​ចក្រ​អម្រែង​ក្រោម​ ក្នុង​រាជធានី​ភ្នំ​ពេញ​។

គិត​មកដល់ពេលនេះ កម្ពុជាមានករណីឆ្លង COVID-19 សរុប​ចំនួន​102នាក់ ក្នុង​នោះ​មាន​13​នាក់​បាន​ជាសះស្បើយ និង​89​នាក់​កំពុង​ព្យាបាល​។ កម្ពុជា​នៅ​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19នេះ​នៅឡើយ​៕

Advertisement