អតីត​រដ្ឋមន្ត្រី​របស់​បារាំង​ម្នាក់ បាន​​បាត់​ស្លាប់​ដោយ​សារ​ COVID-19

អតីត​រដ្ឋមន្ត្រី​របស់​បារាំង​ម្នាក់​បាត់​បង់ជីវិត​ដោយ​សារ​ COVID-19

លោក Patrick Devedjian អាយុ​75​ឆ្នាំ ដែល​ជា​អតីត​រដ្ឋមន្ត្រីម្នាក់​​របស់​ប្រទេស​បារាំង​ បាន​ក្លាយ​ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់​ដំបូងបង្អស់​​របស់​ប្រទេស​នេះ បាន​ស្លាប់​ដោយ​សារ​ COVID-19។

Patrick Devedjian​ គឺជា​រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​របស់​ប្រទេស​បារាំង​ ក្រោយ​វិបត្តិ​ហិរញ្ញ​វត្ថុ​ឆ្នាំ​2008។ លោក​ក៏ធ្លាប់​ធ្វើ​ជា​ទី​ប្រឹក្សា​ផ្ទាល់​របស់​អតីត​ប្រធានា​ធិបតី​បារាំង​ Nicolas Sarkozy ផងដែរ​។ អតីត​រដ្ឋ​មន្ត្រី​រូប​នេះ បាន​ប្រកាស​ថា លោក​មាន​រោគ​សញ្ញា​ឆ្លង​ COVID-19 កាល​ពី​ថ្ងៃទី​25មិនា​។

លោក Devedjian ធ្លាប់​បាន​កាន់​កាប់​តំណែង​ជា​ច្រើន​ តាំង​ពី​បាន​ចូល​ប្រលូក​ក្នុង​ឆាក​នយោបាយ​ចាប់​ពី​ឆ្នាំ​1983។ លោក​ក៏ធ្លាប់​បាន​ធ្វើ​ជា​អភិបាល​ក្រុង​ Antony មុន​ពេល​ចូល​កាន់​តំណែង​ប្រធាន​តំបន់​​ Haut-de-Seine នៅ​ជាយ​ក្រុង​​ភាគ​ខាង​លិច​នៃរដ្ឋធានី​​បារីស​។

គិតមក​ដល់​ពេលនេះ ប្រទេស​បារាំង​ បាន​រកឃើញ​អ្នកជំងឺ​ COVID-19 ចំនួន​38,105​នាក់​ ក្នុង​នោះ​មាន 2,317​​នាក់​បាន​​បាត់​បង់ជីវិត​ និង​ជិត​6,000​នាក់​បាន​ជាសះស្បើយ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement