ឥណ្ឌូនេស៊ីប្រកាស​អាសន្ន​ទូទាំង​ប្រទេស​ និង​​បញ្ចេញ​វិធានការ​ជំនួយ​ សម្រាប់​​​ពល​រដ្ឋ​មាន​ចំណូល​ទាប​

ឥណ្ឌូនេស៊ីប្រកាស​អាសន្ន​ទូទាំង​ប្រទេស​ និង​​បញ្ចេញ​វិធានការ​ជំនួយ​ សម្រាប់​​​ពល​រដ្ឋ​មាន​ចំណូល​ទាប​

ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​ប្រកាស​អាសន្ន​​ទូទាំង​ប្រទេស​អំពីវិបត្តិ​សុខ​ភាព​សាធារណៈ​ ដោយ​សារ​តែ​ COVID-19 ព្រម​ទាំងបាន​​ប្រកាស​អំពី​វិធាន​ការ​នានា​ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​ផងដែរ​។

“យើង​សម្រេច​​​រឹត​បន្តឹង​ទៅ​លើ​វិធាន​ការ​នានា​​ក្នុង​សង្គមជា​​ទ្រង់​ទ្រាយ​ធំ ដោយ​យោង​ទៅ​តាម​មាត្រា​ទី​6​ នៃ​ច្បាប់​ស្ដីអំពី​ការ​ត្រួត​ពិនិត្យ​ផ្នែក​សុខាភិបាល​​ឆ្នាំ​2018។ យើង​ក៏​បាន​ចេញបទ​បញ្ជា​របស់​រដ្ឋាភិបាលស្ដីអំពី​ការ​កំណត់​មួយចំនួន​ក្នុង​សង្គម ក៏ដូចជា​បទ​បញ្ជា​របស់​ប្រធានាធិបតី​អំពី​ស្ថាន​ភាព​អាសន្ន​” ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ពេល​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស​ ទៅ​លើ COVID-19 ក្នុង​ថ្ងៃ​នេះ​។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី អំពាវនាវ​ឱ្យ​មេដឹក​នាំ​តំបន់​ និង​មូល​ដ្ឋាន​ទាំង​អស់ ត្រូវ​គោរព​ទៅ​តាម​ការ​កំណត់​ដែល​កំពុង​មាន​សុពល​ភាព​ ចៀស​វាង​ការ​ចេញ​បទ​បញ្ចេញ​ដោយ​ឡែក​បន្ថែម​ទៀត​។ លោក​ប្រធានាធិបតី Widodo ក៏បាន​ឱ្យ​ដឹង​ថា លោក​បាន​បញ្ជា​ឱ្យ​កង​កម្លាំង​នគរបាល​ ចាប់​ផ្ដើ​ម​អនុវត្ត​ដោយ​ស្រប​ច្បាប់​នូវ​បទ​បញ្ជា​នេះ ប៉ុន្តែ​លោក​មិន​បាន​បក​ស្រាយ​អំពី​វិធានការ​ដែល​សមត្ថ​កិច្ច​អាច​នឹង​អនុវត្ត​នោះ​ដែរ​។

លោក​ Widodo ក៏បាន​ប្រកាស​អំពី​វិធាន​ការ​ជំនួយ​ដល់​ពលរដ្ឋ​​មាន​ប្រាក់​ចំណូល​ទាប​ ដែល​រង​ផល​ប៉ះពាល់​ពី​ COVID-19 ក៏ដូចជា​ពី​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ផងដែរ​ ក្នុង​នោះ​មាន​ដូចជាការ​​បង្កើន​សេវា​​សុខុមាលភាពសង្គម ជំនួយ​ជា​ស្បៀង​អាហារ​ បញ្ចុះ​តម្លៃ​អគ្គិសនី និង​លើក​លែង​ពន្ធ​​ជា​ដើម។

ឥណ្ឌូនេស៊ី គឺជា​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​លំដាប់​ទី​4​ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​មាន​មនុស្ស​​ជាង​1,400​នាក់​បាន​ឆ្លង​មេរោគ ប៉ុន្តែ ​ប្រទេសនេះ​ ក៏ជា​ទឹក​ដី​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ ច្រើន​ជាង​គេ​បង្អស់​ក្នុង​តំបន់នេះ​ផងដែរ​​ ដោយ​មាន​អ្នកស្លាប់​ដល់​ទៅ​122​នាក់​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement