COVID-19! “សង្គ្រាម​” សម្ភារ​សុខាភិបាល​នៅ​សហរដ្ឋ​អាមេរិក​៖ រដ្ឋ​នឹង​រដ្ឋ​ប្រជែក​គ្នា​…

COVID-19!

បណ្ដា​ឈ្មួញ​កណ្ដាល​ដ៏​អាថ៌កំបាំង បណ្ដា​ទំនិញ​​ស្រមោល​ និង​តម្លៃ​ទំនិញកើន​ឡើង​ទៅ​តាម​ម៉ោង​ជា​ដើម គឺជា​ប្រការ​​ដែល​ក្រុម​អភិបាល​រដ្ឋ​នៅ​សហរដ្ឋ​អាមេរិក​កំពុង​ជួប​ប្រទះ​ នៅ​ពេល​ “តាម​ប្រមាញ់” សម្ភារ​​សុខាភិបាល​ ឬ​ឧបករណ៍​វេជ្ជសាស្ត្រ​។

ក្នុង​ពេល​ដែល​សម្ភារ​ផ្នែក​សុខាភិបាល​នៅ​ក្នុង​ឃ្លាំង​រដ្ឋ​កាន់​តែ​ខើច​ទៅ​ៗ​ ហើយ​រដ្ឋបាល​​របស់លោក​ Trump បាន​កាត់​បន្ថយ​ការ​ផ្គត់​ផ្គង់​ទៅ​ឱ្យ​បណ្ដា​រដ្ឋ​ មេដឹក​នាំ​រដ្ឋ​ផ្សេង​ៗ​នៅ​សហរដ្ឋ​អាមេរិក ត្រូវ​បង្ខំ​ចិត្ត​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ពិសេសៗ​ដើម្បី​ទិញ​ម៉ាស់ ម៉ាស៊ីន​ជំនួយ​ដកដង្ហើម និង​ឧបករណ៍​ចាំ​បាច់​ផ្សេង​ទៀត​ឱ្យ​ខាង​តែ​បាន។

បណ្ដា​រដ្ឋ​នៅ​សហរដ្ឋ​អាមេរិក រួម​នឹង​រដ្ឋាភិបាល​របស់​លោក​ Trump ផងដែរ​ កំពុង​តែ​ប្រកួត​ប្រជែង​គ្នានៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​ ខណៈ​ដែល​តម្លៃ​ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម​បាន​កើន​ឡើង​ទ្វេ​ដង​ ចំណែក​​តម្លៃ​ម៉ាស់​វិញក៏​បាន​កើន​​ឡើង​ដល់​10​ដង​ឯណោះ​បើធៀប​នឹង​តម្លៃ​ពីមុន​។ ពួកគេ​ត្រូវ​ពឹង​ទៅ​លើ​មិត្ត​ជា​មហា​សេដ្ឋី​របស់​ពួកគេ និង​បណ្ដា​ក្រុម​ហ៊ុន​។ អភិបាល​រដ្ឋ​ Massachusetts លោក Charlie Baker បាន​ពឹង​​មហា​សេដ្ឋី​ Robert Kraft ឱ្យ​ជួយ​បញ្ជូន​យន្ត​ហោះ​របស់​ក្រុម​បាល់​ទាត់​បែប​អាមេរិកាំង (American football) Patriots ទៅ​កាន់​ប្រទេស​ចិន​ ដើម្បី​នាំ​យក​ម៉ាស់​ជាង​1លាន​បន្ទះ​មក​កាន់​សហរដ្ឋ​អាមេរិក​។

នៅ​ឯរដ្ឋ​ New York ដែលជា​សម្បុក​មេរោគ​ធំជាង​គេ​នៅ​សហរដ្ឋអាមេរិក​ អភិបាល​រដ្ឋ​ លោក Andrew Cuomo បាន​ស្នើ​ឱ្យ​បណ្ដា​មន្ទីរពេទ្យ​ឯក​ជន​ បញ្ជូន​ម៉ាស៊ីន​ជំនួយ​ដកដង្ហើម​ទៅ​ឱ្យ​បណ្ដា​មន្ទីរ​ពេទ្យ​រដ្ឋ​ដែល​កំពុង​ខ្វះ​ខាត​។

មាន​រដ្ឋ​ជា​ច្រើន​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​ចាត់​ចែង​ក្នុង​ការ​ទិញ​សម្ភារ​សុខាភិបាល​​​ជា​រួម ក៏ប៉ុន្តែ​លោក​ Trump ហាក់​មិន​ចង់​លូក​ដៃ​ក្នុង​រឿង​នេះ​។​ សេតវិមាន​បាន​ប្រកាស​យ៉ាង​ច្បាស់​​ក្នុង​សប្ដាហ៍​នេះ​ថា ប្រធានាធិបតី​អាមេរិក ចាត់​ទុក​ឃ្លាំង​រក្សា​សម្ភារ​វេជ្ជ​សាស្ត្រ​ជា​ទំនិញ​សម្រាប់​ករណី​អាសន្ន​បំផុត​តែប៉ុណ្ណោះ។

“នេះ​គឺជា​កំហុស​ដែល​គួរ​ឱ្យ​អស់​សង្ឃឹម​បំផុត​” អភិបាល​រដ្ឋ​ Maryland លោក​ Larry Hogan ដែល​ជា​ប្រធាន​សមាគម​​អភិបាល​ជាតិ​(National Governors Association) ថ្លែង​បែប​នេះ​។ លោក​ថា “រដ្ឋ​នានា​បាន​ប្រជែង​គ្នា​ ឯរដ្ឋាភិបាល​ក៏ប្រជែង​ជាមួយ​ពួក​យើង​ ហើយ​ប្រទេស​ដទៃ​ក៏ប្រជែង​ជាមួយ​យើង​ ខណៈ​ដែល​ប្រភព​ផ្គត់​ផ្គង់​គឺ​វា​មាន​កំណត់​”។

អភិបាល​រដ្ឋ​ Maryland ឱ្យ​ដឹង​ថា​ ទីភ្នាក់​ងារ​គ្រប់​គ្រង​គ្រោះ​អាសន្ន​សហព័ន្ធ (Federal Emergency Management Agency) បាន​ផ្គត់​ផ្គង់​សម្ភារ​ពី​ឃ្លាំង​បម្រុង​របស់​ជាតិ​ ប៉ុន្តែ​វា​បាន​ដោះ​ស្រាយ​តែ​មួយ​ផ្នែក​ដ៏តូច​ប៉ុណ្ណោះ​។ “យើង​បាន​ទិញ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​យើង​អាច​ទិញ​បាន​នៅក្នុង​ទី​ផ្សារ​ មិន​ថា​ក្នុង​ស្រុក​ ក្រៅ​ប្រទេស​ ចាប់​ពី​កូរ៉េខាង​ត្បូង ចិន និង​កន្លែង​ផ្សេង​ៗ​ទៀត​”។

រដ្ឋ​មួយ​ចំនួន​ ជួន​កាល​ក៏​ត្រូវ​ប្រជែង​ជាមួយ​មន្ទីរ​ពេទ្យ​​ក្នុង​តំបន់​របស់​ខ្លួន​ ព្រោះ​មន្ទីរ​ពេទ្យ​នានា​ ​ចង់​បាន​សម្ភារ​​សុខាភិបាល​ឱ្យ​បាន​ឆាប់​បំផុត​ដើម្បី​ការ​ពារ​បុគ្គលិក​របស់​ខ្លួន ជំនួស​ឱ្យ​ការ​រង់​ចាំការ​ផ្គត់​ផ្គង់​ពី​​រដ្ឋាភិបាល​កណ្ដាល​។

វេជ្ជ​បណ្ឌិត​ Daniel Durand នៅ​រដ្ឋ​ Maryland មិន​នឹក​ស្មាន​សោះ​ថា លោក​ត្រូវ​ស្វែង​រក​ទិញ​ឈុត​ការ​ពារ​មេរោគ​សម្រាប់​មន្ទីរពេទ្យ​ នៅ​ក្នុង​ទី​ផ្សារ​ច្របូក​ច្របល់​បែប​នេះ​។ ម៉ាស់​ N95 ជា​ធម្មតា​វា​មាន​តម្លៃ​មិន​ដល់​1​ដុល្លារ​អាមេរិក​ផង​ក្នុង​1​បន្ទះ ប៉ុន្តែ​ពេល​នេះ​វា​មាន​តម្លៃ​លើស​ពី​3.7​ដុល្លារ​ទៅ​ទៀត​ ដែល​នេះ​គឺជា​តម្លៃ​ទាប​បំផុត​៖ មាន​មនុស្ស​ជា​ច្រើន​ឱ្យ​ថ្លៃ​ដល់​ទៅ​10​ដុល្លារ​ឯណោះ​។

COVID-19! "សង្គ្រាម​" សម្ភារ​សុខាភិបាល​នៅ​សហរដ្ឋ​អាមេរិក​៖ រដ្ឋ​នឹង​រដ្ឋ​ប្រែង​គ្នា​...លោក​វេជ្ជ​បណ្ឌិត​ Daniel Durand ឱ្យ​ដឹង​ថា មាន​ឈ្មួញ​កណ្ដាល​មួយ​ចំនួន​ថែម​ទាំង​បាន​គំរាមលោក​​ទៀត​ផង​ នៅ​ពេល​ដែល​សួរ​សំណួរ​បែប​មូលដ្ឋាន​បំផុត​ដើម្បី​ស្វែង​យល់​អំពី​ផលិត​ផល​។ លោក​ថ្លែង​ថា “ខ្ញុំ​ឮ​ថា មាន​អ្នក​ខ្លះ​ចំណាយ​រាប់​លាន​ដុល្លារ​ហើយ ​នៅ​តែ​មិន​ទទួល​បាន​ទំនិញ​ទៀត​។ មាន​ពួកជន​ខិល​ខូច​ ធ្វើ​សកម្ម​ភាព​បែប​បញ្ឆោត​ទៅ​លើ​មន្ទីរ​ពេទ្យ​នានា​ទៀត​ផង”​។

មន្ត្រី​គ្រប់​គ្រង​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​រដ្ឋ​ Virginia លោក Aubrey Layne ដែលជា​អ្នក​ស្វែង​រក​ទិញ​សម្ភារ​សុខាភិបាល​​សម្រាប់​រដ្ឋ​ Virginia និយាយ​ថា លោក​ធ្លាប់​បាន​ជួប​ឈ្មួញ​ដែល​គួរ​ឱ្យ​សង្ស័យ ប៉ុន្តែ​ពុំ​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ពួកគេ​នោះ​គួរ​ឱ្យ​ទុក​ចិត្ត​ដែរ ឬ​អត់​នោះ​ទេ​។ លោក​បន្ថែម​ថា “អ្នក​ណា​ក៏​និយាយ​ថា ពួក​គេ​ស្គាល់​អ្នក​ណា​ម្នាក់​ដែល​អាច​ទាក់​ទង​នឹង​អ្នកណា​ម្នាក់​ទៀត​នៅ​ប្រទេស​ចិន​”​។

ក្រុម​ឈ្មួញ​កណ្ដាល​ និង​អ្នក​ផ្គត់​ផ្គង់​ កំពុង​ទាញ​ប្រយោជន៍​ពី​ស្ថាន​ការណ៍​៖ ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម​ប្រភេទ​តូច​ដែល​ដើម​ឡើយ​វា​មាន​តម្លៃ​​ត្រឹម​ 11,000​ ទៅ​14,000​ដុល្លារ ប៉ុន្តែ​ពេល​នេះ​វា​មាន​តម្លៃ​ដល់​ទៅ​20,000​ ទៅ​30,000​ដុល្លារ​។ នេះបើ​តាម​ Christian Mitchell អភិបាល​រង​នៃ​រដ្ឋ Illinois។ ម៉ាស៊ីន​ប្រភេទ​គុណ​ភាព​ខ្ពស់ដែល​ធ្លាប់​តែ​មាន​តម្លៃ​​45,000​ដុល្លារ តែ​ឥឡូវ​វាត្រូវ​បាន​​គេ​បន្ថែម​20,000​ដុល្លារ​ពី​លើ​ទៀត​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement