​អាមេរិកាំង​បន្ត​ចោទ​ WHO ថា “កាន់​ជើង​ចិន” ព្រោះ​​មិនអើពើ​ដល់មតិ​​តៃវ៉ាន់​ ខណៈចិន​ចោទ​​តៃវ៉ាន់ថា​​ចង់​បាន​ឯករាជ​តាម​រយៈ​ COVID-19

សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ថា អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) បាន​មើល​​បញ្ហា​នយោបាយ​​ធំជាង​បញ្ហា​សុខ​ភាព​សាធារណៈ នៅ​ពេល​អង្គ​ការ​នេះ​មិន​បាន​យក​ចិត្តទុក​ដាក់​ទៅ​លើ​ការ​ព្រមាន​ដំបូង​​របស់​កោះ​តៃ​វ៉ាន់​​អំពី​វីរុស​COVID-19។

សហរដ្ឋ​អាមេរិក​ “មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​អំពី​បញ្ហា​ព័ត៌មាន​របស់​តៃ​វ៉ាន់​ដែល​ត្រូវ​បាន​គេ​លាក់​បាំង​ពី​សហគមន៍​សុខាភិបាល​សកល​។ ប្រការ​នេះ​ត្រូវ​បាន​បង្ហាញ​ដោយ​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​14​មករា របស់​ WHO ថា មិន​មាន​សញ្ញា​ COVID-19 ដែល​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​” នេះ​បើ​តាម​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃទី​9​មេសា​។

ក្រសួង​ការ​បរទេស​​អាមេរិកាំង​យល់​ថា WHO ធ្វើ​សកម្ម​ភាព​យឺតយ៉ាវ​ខ្លាំង​ពេក​​ក្នុង​ការ​ប្រកាស​ព្រមាន​អំពី​ COVID-19 ព្រម​ទាំង​ការ​ពារ​ប្រទេស​ចិនដោយ​​ហួស​ហេតុ​។ ទន្ទឹម​នឹង​នេះ អាមេរិកាំង​ក៏បាន​ដាក់​ជា​សំណួរ​ទាក់​ទិន​នឹង​មូល​ហេតុ​ដែល​ WHO មិន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ព្រមាន​កាល​ពី​ដំបូង​របស់​​កោះតៃ​វ៉ាន់​ផងដែរ​។

អ្នក​នាំពាក្យ​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ថ្លែង​ថា “WHO សាជា​ថ្មី​ម្ដង​ទៀត​ បាន​​យក​បញ្ហា​នយោបាយ​​ធំជាង​បញ្ហា​សុខាភិបាល​សាធារណៈ​”។ អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏បាន​រិះ​គន់​ WHO ផង​ដែរ​ ព្រោះ​តែ​បាន​បដិសេធ​តួនាទី​ជា​អ្នក​សង្កេត​ការណ៍​របស់​តៃ​វ៉ាន់​​នៅ​ក្នុង​អង្គ​ការ​សុខ​ភាព​ពិភពលោក​តាំង​ពី​ឆ្នាំ​2016​។ “សកម្ម​ភាព​របស់​ WHO បាន​ធ្វើ​ឱ្យ​ខាត​បង់​ពេល​វេលា​ និង​អាយុ​ជីវិត​មនុស្សយ៉ាង​ច្រើន​​”​។

កោះតៃវ៉ាន់ ដែល​ជា​ដែន​ដី​ដែល​ទទួល​បាន​ជោគ​ជ័យច្រើន​​ក្នុង​ការ​ទប់ស្កាត់​​COVID-19 ដោយ​មាន​អ្នក​ឆ្លង​មេរោគ​ត្រឹម​តែ​380​នាក់ និង​ស្លាប់​5​នាក់​បើ​ទោះ​ជា​មាន​ទី​តាំង​ភូមិ​សាស្ត្រ​ក្បែរ​ប្រទេស​ចិន​ បាន​ព្រមាន​ WHO កាលពី​ថ្ងៃទី​31​ធ្នូរ2019​ អំពី​លទ្ធ​ភាព​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​របស់​វីរុស​COVID-19។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​តៃវ៉ាន់​ Chen Chien-Jen​។

លោក​ Chen Chien-Jen​ ដែលជា​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​ ធ្លាប់​បាន​ប្រាប់​សារ​ព័ត៌មាន​ Financial Times ថា ក្រុម​វេជ្ជ​បណ្ឌិត​តៃវ៉ាន់ដឹង​ថា អ្នក​រួម​អាជីព​របស់​ពួកគេ​នៅ​ឯទីក្រុង​ Wuhan បាន​ឆ្លង​វីរុស​ ក៏ប៉ុន្តែ WHO មិន​បាន​ធ្វើ​សកម្ម​ភាព​ដើម្បី​បញ្ជាក់​អំពី​ការ​រកឃើញ​នេះ​នោះ​ទេ​។

ប្រទេស​ចិន តែង​តែ​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ចំណែក​មួយ​នៃ​ដែន​ដី​របស់​ខ្លួន​​ដែល​រង់​ចាំ​តែ​ការ​បង្រួប​បង្រួម​ប៉ុណ្ណោះ បើ​ទោះ​ត្រូវ​ប្រើ​កម្លាំង​ទ័ព​។ កោះតៃវ៉ាន់​ធ្លាប់​មាន​តួនាទី​ជា​អ្នក​សង្កេត​ការណ៍​​​នៅ​ក្នុង​​សន្និ​បាត​ប្រចាំ​ឆ្នាំ​របស់​ WHO។ ក៏ប៉ុន្តែ ឥទ្ធិ​ពល​ពី​ទីក្រុង​ប៉េកាំង​​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​រុញ​កោះតៃ​វ៉ាន់ចេញ​ពី​អង្គ​ការ​អន្តរជាតិ​ធំ​ៗ​របស់​ពិភពលោក​។

ប្រធាន​ WHO លោក​ Tedros Adhanom Ghebreyesus កាល​ពី​ថ្ងៃទី​8​មេសា បាន​ចោទ​ប្រកាន់​តៃវ៉ាន់​ថា​ជា​អ្នក​នាំ​អាទិ៍ក្នុង​ការ​រិះ​គន់​មក​លើ​រូប​លោក​។ ប៉ុន្តែ កោះ​តៃវ៉ាន់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​ស្នើ​ឱ្យ​ Tedros បក​ស្រាយ​ និង​សុំ​ទោស​។

នៅ​ក្នុង​អត្ថបទ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook កាល​ពី​ម្សិល​មិញ មេដឹក​នាំ​កោះតៃវ៉ាន់ Tsai Ing-wen បាន​អញ្ជើញ​ Tedros មក​កាន់​កោះ​តៃវ៉ាន់​ និង​រៀន​សូត្រ​អំពី​វិធី​​ទប់​ទល់​នឹង​មេរោគ​រាត​ត្បាត​ពី​កោះ​នេះ​​។ លោក​ស្រី​ Tsai Ing-wen ថ្លែង​ថា “យើង​ត្រូវ​បាន​រុញ​ច្រានចេញ​ពី​អង្គ​ការ​អន្តរ​ជាតិ​នានា​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ដូច្នេះ យើង​ដឹង​ច្បាស់​អំពី​អារម្មណ៍ដែលត្រូវ​គេ​​រើស​អើង​ និងដាក់​ឱ្យ​នៅ​ឯកោ​​ច្រើន​ជាង​អ្នក​ណា​ៗ​ទាំង​អស់​”។

ចំណែក​ប្រទេស​ចិន​ឯណេះ​វិញ បាន​ប្រតិ​កម្ម​ និង​បដិសេធ​ការ​បញ្ចេញ​មតិ​របស់​មេ​​ដឹក​នាំ​កោះ​តៃវ៉ាន់ ហើយ​ចោទ​កោះ​នេះ​ថា បាន​ចូល​រួម​ “ឧបាយ​កល​នយោបាយ​” ដែល​ធ្វើ​ទៅ​លើ​​ WHO។ “គោល​បំណង​របស់​ពួក​គេ​ គឺ​ស្វែង​រក​ឯក​រាជ​តាម​​រយៈ​អាសន្នរោគ​។ យើង​ប្ដេជ្ញា​បដិសេធ​ចោល​ប្រការ​នេះ ហើយ​ផែន​ការ​របស់​ពួកគេ​នឹង​មិន​បាន​សម្រេច​នោះ​ទេ​” នេះ​បើ​តាម​សម្ដី​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​។

មនុស្ស​ជា​ច្រើន​ រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​នានា​របស់​សហរដ្ឋ​អាមេរិក​ យល់​ថា ក្រោម​ការ​ដឹក​នាំ​របស់​ Tedros អង្គ​ការ​ WHO មាន​ភាព​ជិត​ស្និទ្ធ​ខ្លាំង​ពេក​ជាមួយ​នឹង​ប្រទេស​ចិន​។ ប្រធានាធិបតី​ Donald Trump ថែម​ទាំង​បាន​និយាយ​ថា WHO “លម្អៀង​ទៅ​រក​​ប្រទេស​ចិន​” ទៀត​ផង។

ទោះជា​យ៉ាង​ណា​ក៏ដោយ លោក Tedros បាន​បដិសេធ​ការ​ចោទ​ប្រកាន់​​នេះ​។ ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភព​លោក​រូប​នេះ​ក៏បាន​អំពាវ​នាវ​ពិភពលោក​ទាំង​មូល​ ឱ្យ​សាមគ្គី​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ និង​មិន​គួរ​យក​រឿង​សុខ​ភាព​ទៅ​ភ្ជាប់​ជាមួយ​រឿង​នយោបាយ​នោះ​ទេ​៕

ប្រភព​៖ AFP

Advertisement