របប​សឹក​នៅ​មី​យ៉ាន​ម៉ា ដោះលែង​បាតុករ​ជាង 600នាក់ ក្រោយពី​បាន​ឃុំខ្លួន​មួយរយៈ​ពេល

របប​សឹក​នៃ​ប្រទេស​មី​យ៉ាន​ម៉ា បាន​ដោះលែង​ក្រុមបាតុករ​ប្រឆាំង​រដ្ឋប្រហារ​ជាង 600នាក់​នៅក្នុង​ថ្ងៃទី 24មីនា​នេះ ខណៈដែល​ក្រុម​សកម្មជន​អំពាវនាវ​ឱ្យ «ធ្វើ​កូដកម្ម​ស្ងាត់ស្ងៀម» នៅ​ទីក្រុង Yangon។

«យើង​បាន​ដោះលែង​បុរស​ចំនួន 360នាក់ និង​ស្ត្រី​ចំនួន 268នាក់ ពី​ពន្ធនាគារ Insein នៅថ្ងៃនេះ» មន្ត្រីជាន់ខ្ពស់​ម្នា​ក់រប​ស់​ពន្ធនាគារ បាន​ប្រាប់​ដូច្នេះ។

ក្រុម​សាក្សី ដែល​រួមមាន​ទាំង​មេធាវី​របស់​បាតុករ​ដែល​ត្រូវបាន​ចាប់ខ្លួន បានឱ្យដឹងថា រថយន្ត​ដែល​ដឹក​ពេញ​ដោយ​មនុស្ស​ជាច្រើន​គ្រឿង​បាន​ចាក​ចេញពី​ពន្ធនាគារ Insein នៅ​ទីក្រុង Yangon ជាទី​ក្រុង​ធំ​លំដាប់​ទីមួយ​នៅ​មី​យ៉ាន​ម៉ា នៅវេលា​ម៉ោង​ប្រហែល 10ព្រឹក។

មេធាវី​បាន​និយាយថា៖ «អ្នក​ដែល​ត្រូវបាន​ដោះលែង​ទាំងអស់ សុទ្ធតែ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​បាតុកម្ម​មុន​នោះ ដែល​ត្រូវបាន​ចាប់​នៅពេល​យប់ ឬ​ក្រុមមនុស្ស​ដែល​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​ទៅ​ទិញ​របស់របរ (រំលោភ​លើ​បទបញ្ជា​អាជ្ញាសឹក)»។ មេធាវី​បន្ថែមថា រថយន្ត​ប្រហែល 16គ្រឿង​បាន​ចាក​ចេញពី​ពន្ធនាគារ។ «ពួកគេ​ត្រូវបាន​ដឹក​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​នានា​ដែល​ជាប់ទាក់ទង មុននឹង​បាន​ត្រលប់​ទៅផ្ទះ»។

បច្ចុប្បន្ន របប​សឹក​ភូមា​មិនបាន​បញ្ជាក់​អំពី​តួលេខ​អ្នកទោស​ដែល​ត្រូវបាន​ដោះលែង​នៅឡើយ។ អ្នកនាំពាក្យ​របស់​កង​ទ័ព មិនបាន​លើក​ទូរស័ព្ទ​របស់​អ្នកយកព័ត៌មាន។

សមាគម​ជួយ​អ្នកទោសនយោបាយ (AAPP) បានឱ្យដឹងថា​មនុស្ស​ប្រមាណ 2,600នាក់ ត្រូវបាន​ចាប់ខ្លួន និង​យ៉ាងតិច 275នាក់​បាន​ស្លាប់ រាប់​ចាប់ពី​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​នៅ​មី​យ៉ាន​ម៉ា។ ក្រុម​សកម្មជន​យល់ថា តួលេខ​ជាក់ស្ដែង​អាច​ខ្ពស់ជាង​នេះ​ឆ្ងាយ​ណាស់។

បាតុករ​មីយ៉ានម៉ា​ ដែល​ត្រូវ​បាន​ដោះ​លែង​នៅ​ថ្ងៃ​នេះ

កូដកម្ម​មួយ​បាន​កើតឡើង​មួយថ្ងៃ​ក្រោយពី​បុគ្គលិក​របស់​ក្រុម​រៀបចំ​ពិធី​បុណ្យសព​នៅ Mandalay ដែលជា​ទីក្រុង​ធំ​លំដាប់​ទី​ពីរ​នៅ​មី​យ៉ាន​ម៉ា បានឱ្យដឹងថា ក្មេងស្រី​អាយុ 7ឆ្នាំ​ម្នាក់ ត្រូវបាន​កងកម្លាំង​សន្តិសុខ​បាញ់សម្លាប់ និង​បាន​ក្លាយជា​ជនរងគ្រោះ​ដែលមាន​អាយុ​ទាប​បំផុត​នៅក្នុង​វិបត្តិ​នយោបាយ​នៃ​ប្រទេស​មី​យ៉ាន​ម៉ា​នាបច្ចុប្បន្ន។ ភាគី​​ខាង​កងទ័ព​ក៏​មិនទាន់មាន​ការអធិប្បាយ​អ្វីមួយ​អំពី​ហេតុការណ៍​នេះ​នៅឡើយ៕

ប្រភព៖ AFP, Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement