(វីដេអូ)-ស្ត្រី​ដើមកំណើត​អាស៊ី​ម្នាក់​ទៀតហើយ ត្រូវគេ​វាយ​រហូតដល់​ដេក​ដួល​លើ​ដងផ្លូវ​ដែលមាន​មនុស្ស​ច្រើន

ស្ត្រី​ដើមកំណើត​អាស៊ី​ម្នាក់ អាយុ 65ឆ្នាំ ត្រូវបាន​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ទាត់​ធាក់​ចំពោះ និង​ចំក្បាល នៅលើ​ដងផ្លូវ​ដែលមាន​មនុស្ស​ច្រើន ប៉ុន្តែ​ពុំមាន​អ្នកណាម្នាក់​ចូល​ជួយ​សោះឡើយ។

កម្លាំង​ពិសេស​ប្រឆាំង​បទល្មើស​ស្អប់ខ្ពើម និង​រើសអើង​នៃ​ការិយាល័យ​ប៉ូលិស​ក្រុង New York កាលពី​ថ្ងៃទី 30មីនា បានឱ្យដឹងថា ស្ត្រី​ដើមកំណើត​អាស៊ី វ័យ 65ឆ្នាំ​ខាងលើ ត្រូវបាន​គេ​វាយប្រហារ​ដោយ​មិនមាន​ហេតុផល​នៅវេលា​ម៉ោង​ប្រហែល 11 និង40នាទី ថ្ងៃទី 29មីនា ឆ្នាំ2021 នៅលើ​ដងផ្លូវ​ក្នុង​តំបន់ Manhattan នៃ​ទីក្រុង New York សហរដ្ឋអាមេរិក។

ប៉ូលិស​ក្រុង New York បន្ទាប់មក​ក៏បាន​បញ្ចេញ​វីដេអូ​បង្ហាញ​អំពី​សកម្មភាព​ខាងលើ ក្នុង​នោះគេ​ឃើញ​បុរស​ស្បែក​ខ្មៅ​ម្នាក់ មាន​មាឌធំ ខ្ពស់ បាន​ធាក់​ទៅលើ​ពោះ បណ្ដាលឱ្យ​ស្ត្រី​ដើមកំណើត​អាស៊ី​ត្រូវ​ដួល​ទៅលើ​ដី។ ជនដៃដល់​នេះ​ក៏​បន្ត​ទាត់​ទៅលើ​ក្បាល​ស្ត្រី​រង​គ្រោះជា​បន្តបន្ទាប់ និង​បាន​ជេរប្រមាថ​ជនជាតិ​អាស៊ី​ទៀតផង។

នៅពេល​កើតហេតុ មាន​មនុស្ស​យ៉ាងតិច​ចំនួន 3នាក់​កំពុង​នៅក្បែរនោះ ប៉ុន្តែ​ពុំមាន​អ្នកណា​ចូល​ជួយ​ឡើយ។ ជាង​នេះ មាន​អ្នកខ្លះ​ប្រញាប់​បិទទ្វារ នៅពេល​ជនដៃដល់​បាន​ចាកចេញ បើ​ទោះ​ស្ត្រី​រងគ្រោះ​នៅ​ដេក​ដួល​លើដី។

ស្ត្រី​រងគ្រោះ បន្ទាប់មក​ក៏ «ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ NYU Langone» នេះ​បើតាម​ការិយាល័យ​ប៉ូលិស​ក្រុង New York។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​តាមរក​ជនដៃដល់។

ក្រុមហ៊ុន Brodsky ដែលជា​អ្នកគ្រប់គ្រង​អគារ​កើតហេតុ​ខាងលើ បានប្រកាស​ថ្កោលទោស​ចំពោះ​អំពើហិង្សា ការរើសអើង​ពូជសាសន៍ និង​ការ​ស្អប់ខ្ពើម​ជនជាតិ​អាស៊ី។ ក្រុមហ៊ុន​ក៏បាន​ផ្អាក​ការងារ​ចំពោះ​បុគ្គលិក​មួយចំនួន​ដែល​បានឃើញ​ហេតុការណ៍​ប៉ុន្តែ​មិនបាន​ចូល​ជួយ​ស្ត្រី​រងគ្រោះ។

ហេតុការណ៍​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី 29មីនា​នេះ គឺជា​ករណី​វាយប្រហារ​ថ្មី​បំផុត​សំដៅលើ​ជនជាតិ​អាស៊ី​នៅ​សហរដ្ឋអាមេរិក។ លទ្ធផល​នៃ​ការស្រាវជ្រាវ​ទៅលើ​ទិន្នន័យ​របស់​ការិយាល័យ​ប៉ូលិស​ក្រុង New York បាន​បង្ហាញថា បទល្មើស​ស្អប់ខ្ពើម និង​ប្រឆាំង​ចំពោះ​ជនជាតិ​ដើមកំណើត​អាស៊ី បាន​កើនឡើង​ច្រើន​នៅក្នុង​ទីក្រុង​ចំនួន 16 របស់​សហរដ្ឋអាមេរិក ក្នុងអំឡុង​ឆ្នាំ 2020។

មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​ការ​ស្អប់ខ្ពើម និង​ជ្រុលនិយម ប្រចាំ​សាកលវិទ្យាល័យ​រដ្ឋ California ក៏បាន​បញ្ចេញ​របាយការណ៍​ឱ្យដឹងថា បទល្មើស​ប្រឆាំង​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាស៊ី​នៅ​សហរដ្ឋអាមេរិក បាន​កើន​ឡើងដល់ 150% កាលពី​ឆ្នាំមុន៕

ប្រភព៖ NBC
ប្រែ​សម្រួល៖ បុត្រា

Advertisement