(វីដេអូ)-ប្រភព​នៃ​ផ្ទាំង​ថ្ម «យក្ស» ដ៏​អាថ៌កំបាំង​ចំនួន​ពីរ នៅក្រោម​សម្បក​ផែនដី

ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ផ្ទាំង​ថ្មធំៗចំនួន​ពីរ​ដែល​កំពុង​ស្ថិតនៅ​ខាងក្រោម​សម្បក​ផែនដី​នា​តំបន់​អាហ្វ្រិក​ខាងលិច និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក អាចជា​បំណែក​របស់​ពិភព​ដទៃ​ដែល​បាន​បន្សល់ទុក​កាលពី​អតីតកាល។

ក្រុម​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​ជឿថា ការកកើត​នៃ​ឋាន​ព្រះ​ចន្ទ​គឺ​បណ្ដាលមកពី​ភព​មួយ​ដែលមាន​ទំហំ​ប៉ុន​ភព​ព្រះ​អង្គារ ដែល​គេ​ដាក់ឈ្មោះថា Theia បាន​ហោះ​មក​បុក​ផែនដី​កាលពី 4.5ពាន់​លាន​ដុល្លារ​មុន។ នៅក្នុង​របាយការណ៍​មួយ​របស់​សាកលវិទ្យាល័យ Arizona នៃ​សហរដ្ឋអាមេរិក ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា បំណែក​នានា​របស់​ភព Theia ទំនង​បាន​ក្លាយជា​ថ្ម​ដ៏​មហិមា​ចំនួន​ពីរ​ផ្ទាំង​ដែលមាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ទ្វីប​មួយ កំពុង​លាក់ខ្លួន​យ៉ាងជ្រៅ​នៅក្នុង​សម្បក​ផែនដី។ ផ្ទាំង​ថ្ម​នេះ មួយ​ផ្ទាំង​ស្ថិតនៅ​ខាងក្រោម​នៃ​តំបន់​ភាគ​ខាងលិច​របស់​ទ្វីបអាហ្វ្រិក និង​មួយ​ផ្ទាំង​ទៀត​ស្ថិតនៅក្រោម​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ព្យាយាម​ស្វែងរក​ចម្លើយ​ស្ដីអំពី​ប្រភព​របស់​ផ្ទាំង​ថ្ម​ចំនួន​ពីរ​នេះ។ ពួកវា​មាន​កម្ពស់​ដល់ 1,000គីឡូម៉ែត្រ និង​លាតសន្ធឹង​រាប់ពាន់​គីឡូម៉ែត្រ។ ទាំងនេះ​គឺជា​វត្ថុ​ធំជាងគេ​បំផុត​នៅក្នុង​សម្បក​ផែនដី។

រលកសញ្ញា​ដែល​កើតចេញពី​គ្រោះ​រញ្ជួយ​ដី បាន​បង្អង់​ល្បឿនភ្លាមៗនៅពេល​វា​ឆ្លងកាត់​ផ្ទាំង​ថ្ម​ទាំងនេះ។ ប្រការនេះ​បង្ហាញថា ពួកវា​មាន​សភាព​ក្រាស់​ជាង និង​មាន​ធាតុគីមី​ខុសប្លែក​ឆ្ងាយ បើ​ធៀប​នឹង​ស្រទាប់​ថ្ម mantle ដែល​នៅ​ជុំវិញ។

ក្រុម​អ្នកវិទ្យាសាស្ត្រ មុននេះ​យល់ថា ផ្ទាំង​ថ្ម​ចំនួន​ពីរ​នេះ​គ្រាន់តែ​ជា​លទ្ធផល​ដែល​កើតចេញពី​សមុទ្រ​កំ​អែ​ភ្នំភ្លើង​កាលពី​យុគសម័យ​ដំបូង​នៃ​ផែនដី​តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ យោងតាម​រូបមន្ត​នៃ​ការ​គណនា​ថ្មី ក្រុម​អ្នកស្រាវជ្រាវ​ជឿថា ពួកវា​គឺជា​បំណែក​បុរាណ​នានា​នៃ​ស្រទាប់​ដ៏​ក្រាស់ និង​សម្បូរ​ធាតុដែក​របស់​ភព Theia ដែល​បាន​បន្សល់ទុក ក្រោយពី​បាន​ហោះ​មក​បុក​នឹង​ផែនដី។

លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាងលើ ត្រូវបាន​ប្រកាស​តាមរយៈ​ទស្សនាវដ្ដី Geophysical Research Letters នៃ​សមាគម​ភូគព្ភសាស្ត្រ​អាមេរិក (American Geophysical Union)៕

ប្រភព​៖ Next, Dailymail
ប្រែសម្រួល​៖ បុត្រា

Advertisement