អាមេរិក​សម្រេច​ដក​ក​ង​ទ័ព​ទាំងអស់​ចេញពី​ប្រទេស​អ៊ីរ៉ាក់

យន្ត​ហោះ​យោធា​អាមេរិក​ នៅ​មូលដ្ឋាន​ទ័ព​អាកាស​ Ain al-Asad នៃ​ខេត្ត​ Anbar ប្រទេស​អ៊ីរ៉ាក់

សហរដ្ឋអាមេរិក​បាន​យល់ព្រម​ដក​ក្រុម​ទាហាន​ដែល​នៅសល់​ក្នុងប្រទេស​អ៊ីរ៉ាក់ ត្រលប់មក​ស្រុក​វិញ នៅក្នុង​ពេលវេលា​ជាក់លាក់​មួយ​បន្ទាប់ពី​កិច្ចចរចា​ជាមួយ​រដ្ឋធានី​បា​កដាត។

សហរដ្ឋអាមេរិក​នឹង​រក្សា​បុគ្គលិក​មួយចំនួន​ដែល​បំពេញភារកិច្ច​ជាទី​ប្រឹក្សា​ប៉ុណ្ណោះ សម្រាប់​ជួយ​ដល់​ការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរវកម្ម។ នេះ​គឺជា​ចំណុច​គោល​ដែល​ត្រូវ​បានលើកឡើង​នៅក្នុង​សេចក្ដីប្រកាស​រួម​ដែល​ធ្វើឡើង​ក្រោយ​កិច្ចចរចា​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken និង​សម​ភាគី Fuad Hussein នៃ​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី7មេសា 2021។

ភាគី​ទាំងពីរ​បញ្ជាក់​យ៉ាងច្បាស់​ថា វត្តមាន​នៃ​កងទ័ព​អាមេរិក​នៅ​ប្រទេស​អ៊ីរ៉ាក់ គឺធ្វើឡើង​ទៅតាម​ការស្នើ​របស់​អ៊ីរ៉ាក់ ក្នុង​បំណង​ជួយ​គាំទ្រ​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ (ISF) ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម (IS)។ ភាគី​ទាំងពីរ​បញ្ជាក់ថា ភារកិច្ច​បច្ចុប្បន្ន​រប​ស់​សហរដ្ឋអាមេរិក និង​កងកម្លាំង​សម្ព័ន្ធមិត្ត គឺ​ផ្ដោតទៅលើ​តែ​ការបណ្ដុះបណ្ដាល និង​ប្រឹក្សា​យោបល់​ប៉ុណ្ណោះ។

ទាហានអាមេរិកាំងនៅមូលដ្ឋានទ័ពអាកាស K1 ក្នុងតំបន់ Kirkuk កាលពីឆ្នាំ2020

ប្រការ​ខាងលើនេះ​នឹង​អនុញ្ញាតឱ្យ​អាមេរិក ដក​ទាហាន​ដែល​នៅសល់​ក្នុងប្រទេស​អ៊ីរ៉ាក់ ត្រលប់​ទៅ​មាតុភូមិ​វិញ នៅក្នុង​ពេលវេលា​សមស្រប​ណាមួយ ក្រោយ​កិច្ចពិភាក្សា​លម្អិត រវាង​ប្រទេស​ទាំងពីរ​នាពេលខាងមុខ។

ការសម្រេច​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​កងទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់ ថ្មីៗនេះ​ត្រូវ​រង​ការវាយប្រហារ​ជា​បន្តបន្ទាប់។ កាលពី​ថ្ងៃទី4មេសា មូលដ្ឋាន​ទ័ពអាកាស Balad នៅក្បែរ​រដ្ឋធានី​បា​កដាត បាន​រង​ការវាយប្រហារ​ដោយ​រ៉ុ​ក​កែ​ត​ចំនួន​ពីរ​គ្រាប់។ មូលដ្ឋាន​នេះ​គឺជា​កន្លែង​ស្នាក់នៅ​សំខាន់​របស់​បុគ្គលិក​ស​ន្តិ​សុខ និង​អ្នកវិនិយោគ​អាមេរិក។ ប៉ុន្តែ ករណី​វាយប្រហារ​នេះ​មិនបាន​បង្កឱ្យមាន​អ្នកស្លាប់ ឬ​រងរបួស​នោះទេ ដោយសារ​គ្រាប់​រ៉ុ​ក​កែ​ត​បាន​ហោះ​ខុស​គោលដៅ៕

ប្រភព៖ RT
ប្រែ​សម្រួល៖ បុត្រា

Advertisement