កងទ័ព​មី​យ៉ាន​ម៉ា ចេញ​បញ្ជា​ឱ្យ​ចាប់ខ្លួន​បវរកញ្ញា Han Lay

នាង​ Han Lay

របប​សឹក​ភូមា បានចេញ​បញ្ជា​ឱ្យ​តាម​ចាប់ខ្លួន Han Lay ព្រោះតែ​បាន​អំពាវនាវ​ឱ្យ​ពិភពលោក ជួយ​ដល់​ប្រទេស​របស់​នាង នៅក្នុង​ព្រឹត្តិការណ៍​ប្រលង​បវរកញ្ញា​សន្តិភាព​អន្តរជាតិ កាលពីពេលថ្មីៗកន្លងទៅនេះ។

សារព័ត៌មាន Global New Light ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ភូមា កាលពី​យប់​ថ្ងៃទី6មេសា បាន​ចុះផ្សាយ​បញ្ជី​ឈ្មោះ​របស់​ក្រុមមនុស្ស​ដែល​កង​ប្រទេស​នេះ​កំពុង​តាម​ចាប់ខ្លួន ក្នុងនោះ​ក៏មាន Han Lay ដែលជា​បវរកញ្ញា​សន្តិ​ភាព​មី​យ៉ាន​ម៉ា2020 ផងដែរ។ រាប់​ចាប់ពី​ថ្ងៃទី4មេសា សារព័ត៌មាន​នេះ បាន​ចុះផ្សាយ​ព័ត៌មាន​ស្ដីអំពី​ការ​តាម​ចាប់ខ្លួន​អ្នកល្បីឈ្មោះ​ចំនួន100នាក់​ហើយ ដែល​អ្នក​ទាំងនេះ​បាន​គាំទ្រ​ដល់​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ាន​ម៉ា។

ឧត្តមសេនីយ៍ Min Aung Hlang

ប្រភពព័ត៌មាន​ពី​ប្រទេស​ថៃ និង​មី​យ៉ាន​ម៉ា ឱ្យដឹងថា បទបញ្ជា​តាម​ចាប់ខ្លួន​នាង Han Lay នេះ ត្រូវបាន​របប​សឹក​មី​យ៉ាន​ម៉ា ធ្វើឡើង​បន្ទាប់ពី​បវរកញ្ញា​រូបនេះ សំដែង​ការ​ប្រឆាំងនឹង​រដ្ឋប្រហា​រ​យោធា នៅក្នុង​ព្រឹត្តិការណ៍​ប្រលង​បវរកញ្ញា​សន្តិភាព​អន្តរជាតិ​កាលពី​សប្ដាហ៍​មុន។ កងទ័ព​ភូមា ក៏​កំពុង​តាម​ចាប់ខ្លួន​ក្រុមមនុស្ស​ដែល​បាន​ជួយ Han Lay ចូលទៅ​កាន់​ប្រទេស​​ថៃ​​ផង​ដែរ។

របប​សឹក​ភូមា មិនទាន់បាន​អធិប្បាយ​អ្វី​អំពី​ព័ត៌មាន​នេះ​នៅឡើយ ប៉ុន្តែ ប្រភពព័ត៌មាន​នានា​បានឱ្យដឹងថា ការអំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​ដល់​មី​យ៉ាន​ម៉ា របស់ Han Lay គឺជា​ដើមហេតុ​នៃ​ការ​តាម​ចាប់ខ្លួន​នេះ។

Han Lay អាយុ22ឆ្នាំ មិន​ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​អ្វី​ឡើយ រហូតដល់​ពេលដែល​ក​ង​ទ័ព​មី​យ៉ាន​ម៉ា បានធ្វើ​រដ្ឋប្រហារ​កាល​ពីថ្ងៃ​ទី1កុម្ភៈ។ បវរកញ្ញា​មី​យ៉ាន​ម៉ា​រូបនេះ ក្រោយមក​ក៏បាន​ឆ្លៀត​យក​ឱកាស​ក្នុង​ព្រឹត្តិ​ការណ៍​​ប្រលង​បវរកញ្ញា​សន្តិភាព​អន្តរជាតិ​នៅ​ប្រទេស​ថៃ កាលពី​ចុងខែ​មីនា ដើម្បី​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរ​ជាតិ​​ជួយ​ដល់​ប្រទេស​ខ្លួន។

កាលពី​ចុងខែ​មីនា ពី​កោះ Phuket ប្រទេស​ថៃ Han Lay ឱ្យដឹងថា នាង​នឹង​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​ជា​បណ្ដោះ​អាសន្ន ដោយសារ​ស្ថានភាព​នៅ​មី​យ៉ាន​ម៉ា កំពុង​វឹកវរ៕

ប្រភព៖ Philstar
ប្រែ​សម្រួល៖ បុត្រា

Advertisement