(វេដេអូ)-បាតុកម្ម​នៅ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន បន្ទាប់​ពី​​នារី​ក្រមុំ​ម្នាក់​ត្រូវគេ​សម្លាប់ ក្រោយពី​ត្រូវ​ចាប់ជំរិត​តាម «ទម្លាប់​បុរាណ» ដើម្បី​យកទៅ​រៀបការ

បាតុកម្ម​​បាន​កើត​ឡើង​ បន្ទាប់​ពី​មាន​ករណី​នេះ​

នារី​វ័យក្មេង​ម្នាក់ ត្រូវគេ​ច្របាច់ក​រហូតដល់​ស្លាប់ បន្ទាប់ពី​នាង​ប្រតិកម្ម​តបត​នឹង​បុរស​មួយក្រុម​ដែល​បាន​ចាប់ជំរិត និង​បង្ខំ​ឱ្យ​នាង​រៀបការ ដែល​ទង្វើ​នេះ ត្រូវបាន​ចាត់ទុកថា ជា​ទម្លាប់​អាក្រក់​ដែល​បន្សល់​ពី​មនុស្ស​សម័យបុរាណ​នៃ​ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន។

សកម្មភាព​ដែល​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញថា នាង Aizada Kanatbekova អាយុ 27ឆ្នាំ ត្រូវបាន​បុរស​មួយក្រុម​ស្ទាក់ផ្លូវ និង​ចាប់ខ្លួន​នៅលើ​ដងផ្លូវ​ក្នុង​រដ្ឋធានី Bishkek នៃ​ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន (Kyrgyzstan)​ នៅពេល​នាង​កំពុង​បើកបរ​រថយន្ត​ត្រលប់មក​ផ្ទះ កាលពី​ថ្ងៃទី5មីនា។

ដំបូង​ឡើយ បុរស​ម្នាក់​បាន​ព្យាយាម​ទាញ​នាង​ទៅកាន់​រថយន្ត​ពណ៌​ក្រហម​របស់​ពួកគេ ប៉ុន្តែ ដោយសារ​នាង​មិន​ព្រម ក៏​ស្រាប់​តែមាន​បុរស​ម្នាក់ទៀត​បាន​ចូលមក​ក្បែរ ជួយ​លើក និង​រុញ​នាង​ចូល​ឡាន។ ក្រុម​នេះ​នៅមាន​បុរស​ម្នាក់ទៀត ដែល​ទំនងជា​អ្នក​ចាំមើល​ស្ថានភាព​ជុំវិញ។ ជន​ម្នាក់នេះ​ក៏បាន​ជួយ​បើកទ្វារ​រថយន្ត​ដើម្បីឱ្យ​ជន​ពីរ​នាក់​ទៀត រុញ​នារី​រងគ្រោះ​ចូលក្នុង​ឡាន​ពណ៌​ក្រហម។

នារី​រង​គ្រោះ Aizada Kanatbekova (ស្ដាំ)

នាង Aizada Kanatbekova ត្រូវបាន​គេ​ជឿថា ជា​ជនរងគ្រោះ​នៃ​អំពើ «ចាប់ជំរិត​បង្ខំ​ឱ្យ​រៀបការ»។ ពីរ​ថ្ងៃ​ក្រោយមក សាកសព​របស់​នាង​ក៏​ត្រូវគេ​រកឃើញ​នៅ​ជាយក្រុង Bishkek។ ប៉ូលិស​បានឱ្យដឹងថា នាង​ត្រូវគេ​សម្លាប់​ដោយ​ការ​ច្របាច់ក។

ជនដៃដល់​នាំមុខគេ​ក្នុងការ​ចាប់ខ្លួន និង​សម្លាប់​នាង Kanatbekova នោះ​គឺជា​បុរស​វ​វ័យ 36ឆ្នាំ​ម្នាក់ ដែល​ត្រូវគេ​រកឃើញថា​បាន​ស្លាប់​ផងដែរ។ ចំណែក​ជនដៃដល់​មួយចំនួនទៀត ក៏​ត្រូវបាន​ចាប់ខ្លួន និង​កំពុង​រង់ចាំ​ឡើង​តុលាការ។ នេះ​បើតាម​ទូរទស្សន៍​ជាតិ កៀ​ហ្ស៊ី​ស៊ី​ស្ថាន។

ករណី​ខាងលើនេះ បាន​នាំឱ្យមាន​ការក្ដៅក្រហាយ​ពី​ប្រជាជន​នៅ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ផងដែរ។ មនុស្ស​ប្រមាណ​ជាង 500នាក់ បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​នៅក្នុង​រដ្ឋធានី Bishkek កាលពី​ថ្ងៃទី8មេសា ដោយ​ទាមទារ​រក​យុត្តិធម៌​ជូន​នាង Kanatbekova ព្រមទាំង​បានស្នើ​ឱ្យ​ស្នងការ​ប៉ូលិស ចុះ​ចេញពី​តំណែង​ទៀតផង។

ការធ្វើ​បាតុកម្ម​ទាមទា​រ​ខាងលើនេះ ក៏​ព្រោះតែ​ប៉ូលិស​មិនបាន​ជួយ​នារី​រងគ្រោះ​ឱ្យទាន់ពេល បើទោះជា​សកម្មភាព​ចាប់ជំរិត​ត្រូវបាន​កាមេរ៉ា​សុវត្ថិភាព​ថត​ជាប់​យ៉ាងច្បាស់​ក៏ដោយ។

អំពើ​ចាប់​កូនក្រមុំ​គេ​មក​រៀបការ ឬ​ភាសា​ក្នុងស្រុក​ហៅថា Ala Kachuu គឺជា​ទម្លាប់​មួយ​ដែលមាន​តាំងពី​យូរយារ​មកហើយ​នៅ​ប្រទេស កៀ​ហ្ស៊ី​ស៊ី​ស្ថាន ហើយ​វា​បានអូសបន្លាយ​ដល់​សព្វថ្ងៃ បើទោះជា​ស្ថិតក្នុង​ទ្រង់ទ្រាយ​តូចក្ដី។ ទម្លាប់​នេះ អនុញ្ញាតឱ្យ​ពួក​បុរស​ចាប់​នារី​ណា​ម្នាក់​ដែល​ខ្លួន​ពេញចិត្ត យកមក​ផ្ទះ និង​បង្ខំ​ឱ្យ​នាង​យល់ព្រម​រៀបការ​ជា​លាយលក្ខណ៍អក្សរ៕

ប្រភព៖ Daily Mail
ប្រែ​សម្រួល៖ បុត្រា

Advertisement