ស្វាមី​របស់​មហាក្សត្រី​អង់គ្លេស Elizabeth ទី​ពីរ សោយ​ទិវង្គត

ព្រះរាជវាំង Buckingham បានប្រកាស​ឱ្យដឹងថា ព្រះអង្គម្ចាស់ Philip ដែលជា​ព្រះ​ស្វាមី​របស់​ព្រះមហាក្សត្រី Elizabeth ទី​ពីរ នៃ​ចក្រភព​អង់គ្លេស បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃទី9មេសា ក្នុង​ព្រះ​ជន្មាយុ 99វង្សា ដោយ​រោគាពាធ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​រាជវាំង Buckingham បាន​បញ្ជាក់ថា៖ «ព្រះអង្គម្ចាស់​បាន​សោយ​ទិវង្គត​នៅវេលា​ព្រឹក​នេះ នា​វិមាន Windsor» និង​បានឱ្យដឹងថា នឹង​ប្រកាស​ព័ត៌មាន​បន្ទាប់​នៅពេល​វេលា​សមស្រប។

យោងតាម​រាជវាំង Buckingham ក្សត្រា Philip និង​មហាក្សត្រី Elizabeth ទី​ពីរ បាន​រៀប​អភិសេក​ជាមួយគ្នា​កាលពី​ឆ្នាំ1947 និង​ជា​គូ​ក្សត្រា-ក្ស​ត្រី​ដែល​បាន​ដឹកនាំ​រាជវង្ស​បានយូរ​អង្វែង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​អង់គ្លេស។ ព្រះអង្គម្ចាស់ Philip បាន​ឈប់​បំពេញ​រាជកិច្ច​តាំងពី​ឆ្នាំ2017។

ព្រះអង្គ​ម្ចាស់​ Philip និង​មហា​ក្សត្រី Elizabeth ទីពីរ​ នៃ​ចក្រ​ភព​អង់​គ្លេស​

ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ សុខភាព​របស់​ក្សត្រា Philip បាន​ចុះ​ទ្រុឌទ្រោម​ជាង​មុន ក្នុងនោះ កាលពី​ឆ្នាំ2019 ទ្រង់​ធ្លាប់​ត្រូវ​យាង​ចូល​មន្ទីរពេទ្យ​រយៈពេល4យប់​ទៀតផង ដើម្បី​តាមដាន និង​ព្យាបាល​ព្រះរោគ។ ថ្មីៗនេះ ព្រះអង្គ​ក៏​ធ្លាប់​ទទួល​ការវះកាត់​ព្យាបាល​បេះដូង​ដោយ​ជោគជ័យ​ផងដែរ៕

ប្រភព​៖ BBC
ប្រែសម្រួល​៖ បុត្រា

Advertisement