នាវាចម្បាំងអាមេរិកបីគ្រឿង តាមពីក្រោយនាវាផ្ទុកយន្តហោះចម្បាំងចិន នៅលើសមុទ្រចិនខាងត្បូង

នាវិក​អាមេរិក​បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញ​អំពី​យន្តហោះ​ចម្បាំង​កំពុង​ចុះចត​លើ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Liaoning របស់​ចិន ខណៈដែល​រូបភាព​ពី​ផ្កាយរណប​បង្ហាញថា នាវាចម្បាំង​អាមេរិក​ចំនួន​បី​គ្រឿង ដេញតាម​ពីក្រោយ​នាវា​ផ្ទុក​យន្តហោះ​ចិន។

យោងតាម​វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​នៅលើ​បណ្ដាញ​សង្គម Twitter កាលពី​ថ្ងៃទី17មេសា ក្រុម​ប្រយុទ្ធ​នាវាចម្បាំង​ចិន Liaoning ធ្វើដំណើរ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង ដែល​វីដេអូ​នេះ​ទំនងជា​ត្រូវបាន​ថត​ពីលើ​នាវាចម្បាំង​របស់​សហរ​ដ្ឋ​អាមេរិក។

នៅក្នុង​វីដេអូ គេ​ឃើញ​មាន​យន្តហោះ​ចម្បាំង J-15 ចុះចត​លើ​នាវា​ផ្ទុក​យន្តហោះ Liaoning ធ្វើឱ្យ​ក្រុម​នាវិក​មានការ​ភ្ជា​ក់​ផ្អើល។ នៅ​ជុំវិញ​នាវា​ផ្ទុក​យន្តហោះ​ចិន គឺជា​ក្រុម​នាវា​អមដំណើរ​ដែលមាន​នាវាចម្បាំង​ការពារ​ដែនអាកាស Type-052D យ៉ាងតិច​មួយគ្រឿង និង​នាវាចម្បាំង​ធុន​ធ្ងន់ Type-055 មួយគ្រឿង។

រូបភាព​ដែល​ត្រូវបាន​ថត​ដោយ​ផ្កាយរណប​កាលពី​ថ្ងៃទី16មេសា បង្ហាញថា ក្រុម​ប្រយុទ្ធ​នាវាចម្បាំង Liaoning របស់​ចិន ធ្វើដំណើរ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង ចម្ងាយ​ជិត500គីឡូម៉ែត្រ​ទៅ​ទិសអាគ្នេយ៍​នៃ​មូលដ្ឋានទ័ព Yulin Naval នៅលើ​កោះ​ហៃ​ណាន​នៃ​ប្រទេស​ចិន។

ក្រុម​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​ចិន រួមមាន នាវា​ផ្ទុក​យន្តហោះ Liaoning, នាវាចម្បាំង Type-055 មួយគ្រឿង, នាវាចម្បាំង​ការពារ​ដែនអាកាស Type-052D មួយគ្រឿង, នាវាចម្បាំង Type-054A មួយគ្រឿង និង​នាវា Type-901 មួយគ្រឿង។ ក្រុម​នាវាចម្បាំង​ដែល​ផ្លាស់​ទី​ក្បែរ​ក្រុម​ប្រយុទ្ធ​របស់​ចិន​ទាំងបី​ទិស​គឺ​ក្រុម​នាវាចម្បាំង Arleigh Burke របស់​សហរដ្ឋអាមេរិក។

ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក និង​ចិន មិនទាន់មាន​ការអធិប្បាយ​អ្វី​អំពី​ព័ត៌មាន​នេះ​នៅឡើយ។

នាវា​ចម្បាំង​ចិន​ (លេខ​ 1-5) និង​នាវា​សហរដ្ឋ​អាមេរិក​ នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ថ្ងៃទី​16​មេសា​ 2021។ រូប​ភាព​៖ Twitter/OSINT-1

ព្រឹត្តិការណ៍​ខាងលើនេះ បាន​កើតឡើង​បន្ទាប់ពី​ក្រុម​ចម្បាំង​នាវា​ផ្ទុក​យន្តហោះ​អាមេរិក USS Theodore Roosevelt និង​ក្រុម​នាវា​វាយ​ឡើង​ច្រាំង USS Makin Island បាន​ចាក​ចេញពី​សមុទ្រ​ចិន​ខាងត្បូង។ ក្នុង​ព្រឹត្តិការណ៍​នេះ គេ​មិន​បានដឹង​ច្បាស់​ថា មាន​នាវាចម្បាំង​អាមេរិក​តាម​ពីក្រោយ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ចិន​ដែរ ឬ​អត់​នោះទេ។ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក ធ្លាប់បាន​បញ្ជា​ឱ្យ​នាវា USS Mustin ដេញតាម​ពីក្រោយ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ចិន Liaoning កាល​ពី​​ថ្ងៃ​ទី​10​មេសា​ នៅពេល​វា​ចូល​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង។

ភាព​តានតឹង​ខាងលើ​បានកើត​ឡើង​ចាប់តាំងពី​ថ្ងៃទី7មីនា នៅពេលដែល​កប៉ាល់​នេសាទ​ចិន​រាប់រយ​គ្រឿង​នាំគ្នា​ចត​នៅក្បែរ​ថ្ម​ប៉ប្រះ​ទឹក Whitsun ដែល​ប្រទេស​ចិន ហ្វីលីពីន និង​វៀតណាម អះអាងថា​ជា​របស់ខ្លួន៕

ប្រភព៖ Express, SCMP
ប្រែសម្រួល​៖ បុត្រា

Advertisement