រុស្ស៊ី រៀបទ័ព​ពេញកម្លាំង​សឹក នាវាចម្បាំង 20គ្រឿង យន្តហោះ​ប្រដេញ 50គ្រឿង បាញ់​មី​ស៊ី​ល សម្លុត​ស្មារតី​ប្រទេស​អ៊ុយ​ក្រែ​ន

ថ្ងៃទី20 មេសា ទីភ្នាក់ងារ​ព័ត៌មាន Daily mail បាន​រាយការណ៍​ស្ថានការណ៍​តានតឹង រវាង​រុស្ស៊ី​នឹង​អ៊ុយ​ក្រែ​ន​ថា នាវាចម្បាំង​រុស្ស៊ី​ច្រើនជាង 20គ្រឿង បាន​ចូលរួម​ធ្វើ​សមយុទ្ធ ជាមួយ​យន្តហោះ​ប្រដេញ​របស់​កងទ័ពអាកាស​រុស្ស៊ី​នៅក្នុង​មហាសមុទ្រ​ខ្មៅ។

នាវាចម្បាំង​ទាំងនោះ ប្រកបដោយ នាវា​ពិឃាត នាវាចម្បាំង​ផ្ទុក​កាំជ្រួច​មី​ស៊ី​ល និង​នាវា​ប្រឆាំង​នាវាមុជទឹក រួមទាំង​ហ្វូង​យន្តហោះ​ប្រដេញ ដែល​ហោះ​បាន​ក្នុង​កម្ពស់​ទាប​បំផុត ក្នុងស្ថានភាព​ធាតុអាកាស​អាក្រក់​ខ្លាំង។

ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី បាន​ថ្លែងថា យន្តហោះ​ប្រដេញ ច្រើនជាង 50គ្រឿង បាន​ចល័ត​កម្លាំង​ចូលទៅក្នុង​ឈូង​សមុទ្រ​គ្រី​មៀ និង​បានបង្ហាញ​ភ័ស្តុតាង​អះអាង ជា​រូបភាព​ផ្កាយរណប​របស់​មូលដ្ឋាន​ទ័ពអាកាស​ឈូង​សមុទ្រ​គ្រី​មៀ 2កន្លែង គឺ រ៉ូ​ហ្វ​ស្កូ​យេ និង​សា​គី។

យន្តហោះ​ប្រដេញ​របស់​រុស្ស៊ី យ៉ាងតិច 26គ្រឿង នៅ​មូលដ្ឋាន​ទ័ពអាកាស Saki Airbase

ក្រៅពីនេះ កងទ័ពជើងទឹក​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី បានធ្វើ​សមយុទ្ធ​ប្រឆាំង​ការបង្ក​ភេរវកម្ម បាញ់​កាំ​ជ្រួញ​មី​ស៊ី​ល និង​ប្រតិបត្តិ​ភារកិច្ច​ហ្វឹកហាត់​ការប្រយុទ្ធ​ក្រោម​ទឹក​ទៀតផង។

ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី បាន​យោងតាម​ក្រសួង​ការពារ​ប្រទេស​រាយការណ៍​កាលពី​សប្ដាហ៍​កន្លងទៅ​ថា ក្រុង​ម៉ូស្គូ មាន​ចេតនា​ក្នុង​ការបិទ​ផ្នែក​ខ្លះ​របស់​សមុទ្រ​ខ្មៅ មិនឱ្យ​កង​យោធា​បរទេស និង​នាវា​គ្រប់​ប្រភេទ​ឆ្លងកាត់​រយៈពេល 6ខែ។

សកម្មភាព​ទាំងនេះ អាច​នឹង​បង្ក​ផលប៉ះពាល់​ដល់​ការចូល​ទៅដល់​កំពង់ផែ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន នៅក្នុង​សមុទ្រ​អាសូ​ហ្វ ដែល​ត​ភ្ជាប់​ទៅនឹង​សមុទ្រ​ខ្មៅ តាមរយៈ​ច្រក​សមុទ្រ​ឃើ​ច​ឆ៍ ភាគ​ខាងកើត​របស់​គ្រី​មៀ។

កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​អធិប្បាយ​ពី​ផែនការ​ទាំងនោះ​ថា ជាការ​លើកកម្ពស់ ដែល​បាន​ពិសោធ ឱ្យឃើញ​ពី​ការជំរុញ​ជា​បន្តបន្ទាប់​របស់​ក្រុង​ម៉ូស្គូ ដើម្បី​វាយកម្ទេច និង​ធ្វើឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​គ្មាន​ស្ថិរភាព។

សហភាព​អឺរ៉ុប បាន​ហៅ​ទាំងអស់នេះ​ថា “ការវិវឌ្ឍ ដែល​គួរឱ្យ​ព្រួយបារម្ភ​បំផុត” ក្នុងខណៈដែល​អង្គការ​សន្ធិសញ្ញា​ការពារ​ទ្វីប​អា​ត្ល​ង់​ទិ​ក​ខាងជើង ឬ NATO បាន​សម្ដែង​ក្ដីកង្វល់ និង​អំពាវនាវ​ឱ្យ​ប្រទេស​រុស្ស៊ី​ធានា “ការចូល​ទៅដល់​យ៉ាង​សេរី” ទៅកាន់​កំពង់ផែ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន។

សកម្មភាព​ខាង​កងទ័ពជើងទឹក បាន​បង្កើន​ភាព​តានតឹង​ខាង​កងទ័ពជើងគោក ដោយសារតែ​ទាហាន​រុស្ស៊ី 150,000នាក់ បាន​កសាង​មូលដ្ឋាន​កងទ័ព​នៅក្នុង​បន្ទាយ​ទាហាន ប្រកៀក​ជាប់​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន និង​ឈូង​សមុទ្រ​គ្រី​មៀ ដែល​ស្ថិតក្នុង​កម្រិត​ខ្ពស់​មួយ ដែល​មិន​ធ្លាប់មាន​ពីមុនមក កាលពី​មិន​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅ តាំងពី​ប្រទេស​រុស្ស៊ី​ឈ្លានពាន ដណ្ដើម​យក​​ឈូង​​សមុទ្រ​គ្រី​មៀ ធ្វើជា​ផ្នែក​មួយ​របស់​រុស្ស៊ី ក្នុង​ឆ្នាំ2014 មក។

ខណៈដែល​រដ្ឋបាល​រុស្ស៊ី បាន​ថ្លែងថា កង​ទាហាន​របស់ខ្លួន ដែល​ចូល​ប្រកៀក​ព្រំដែន​អ៊ុយ​ក្រែ​ន​នេះ គឺជា​ការធ្វើ​សមយុទ្ធ ដើម្បី​ឆ្លើយតប​នឹង​គ្រោះថ្នាក់​រុករាន​ណាមួយ​ពី​អង្គការ​ណា​តូ ចំណែកឯ​ការបិទ​ដែនទឹក​នៅក្នុង​សមុទ្រ​ខ្មៅ​នោះ គឺជា​ការប្រតិបត្តិ​តាម​ប្រក្រតី រវាង​ប្រទេស​នីមួយ។

ចំណែក​លោក ដ​មី​ត្រូ ឃូ​លេ​បា រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន បាន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប ឬ EU ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​រុស្ស៊ី​ជាថ្មី​ម្ដងទៀត  ក្រោយពី​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស 27ប្រទេស​ក្នុង EU រួចមក ប៉ុន្តែ​លោក យូ​សេ​ហ្វ បា​រេល​ល៍ អគ្គនាយក​នយោបាយ​អ​ន្ត​រ​ជាតិ​របស់ EU បាន​ប្រាប់ថា ពេលនេះ មិនទាន់មាន​វិធានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម ក្នុង​ការស្នើ ឬ​ពិចារណា​ណាមួយ​អំពី​រឿងនេះ​នៅឡើយ៕

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement