នាវាមុជទឹក​ឥណ្ឌូនេស៊ី លិច​ក្នុង​ជម្រៅ 700ម៉ែត្រ៖ អាច​បណ្ដាលមកពី​បញ្ហា​ដាច់​ភ្លើង

នាវាមុជទឹក KRI Nanggala-402 របស់​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី ត្រូវបាន​គេ​សង្ស័យថា ដាច់​ភ្លើង​ទាំងស្រុង​នៅពេល​កំពុង​មុជ​ក្រោម​ទឹកសមុទ្រ​នៃ​តំបន់ Bali កាលពី​ថ្ងៃទី21 ខែមេសា ឆ្នាំ2021 មុនពេល​ត្រូវ​បាត់​បាត់បង់​ការគ្រប់គ្រង និង​លិច​ក្នុង​ជម្រៅ​ប្រមាណ 600-700ម៉ែត្រ។

សេចក្ដីប្រកាស​ព័ត៌មាន​មួយ​របស់​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី បានឱ្យដឹងថា៖ «ទំនងជា​បញ្ហា​ដាច់​ភ្លើង​បានកើត​ឡើង​នៅក្នុងពេល​មុជទឹក បណ្ដាលឱ្យ​បាត់បង់​ការគ្រប់គ្រង និង​មិនអាច​ប្រកាសអាសន្ន​បាន»។

វា​គួរ​ណាស់​តែ​ត្រូវបាន​ចុច​ប៊ូ​តង់​បន្ទាន់​ដើម្បីឱ្យ​នាវា​ផុស​ឡើងលើ​ផ្ទៃ​ទឹកភ្លាមៗ នៅពេល​មាន​បញ្ហា​ដាច់​ភ្លើង។ ប៉ុន្តែ ដោយសារ​ដំណើរការ​នេះ​មិន​ត្រូវបាន​អនុវត្ត ដូច្នេះ នាវា KRI Nanggala ក៏ត្រូវ​លិច​ក្នុង​ជម្រៅ 600-700ម៉ែត្រ។

ក្រៅពីនេះ កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី ក៏បាន​រកឃើញ​ប្រេង​នៅ​ជុំវិញ​តំបន់​ដែល​នាវា​លិច។ ដូច្នេះ អាចមាន​ការខូចខាត​ចំពោះ​ឧបករណ៍​ដាក់​ប្រេង ដោយសារតែ​សម្ពាធ​ទឹកសមុទ្រ។

បច្ចុប្បន្ន កងទ័ព​ឥណ្ឌូនេស៊ី បាន​បញ្ជូន​កប៉ាល់​ចំនួន​ពីរ​គ្រឿង​ដែលមាន​សមត្ថភាព​រុក​រក​នាវា​ពុ​ជ​ទឹក ដើម្បី​ចូលរួម​បេសកកម្ម​ជួយសង្គ្រោះ។ ទន្ទឹមនឹងនេះ ឥណ្ឌូនេស៊ី ក៏បាន​ស្នើសុំ​ជំនួយ​ពី​ប្រទេស​អូស្ត្រាលី និង​សិង្ហ​បុរី​ផងដែរ។

អ្នកនាំពាក្យ​នៃ​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី Julius Widjojono បានឱ្យដឹងថា នាវាមុជទឹក KRI Nanggala 402 ដែលមាន​នាវិក​ចំនួន 53នាក់ បាន​ចូលរួម​ក្នុងការ​ហ្វឹកហាត់​បាញ់​មី​ស៊ី​ល​ទឹក​នៅ​តំបន់​សមុទ្រ​ភាគ​ខាងជើង​នៃ​កោះ Bali ប៉ុន្តែ មិនបាន​ប្រកាស​លទ្ធផល​នៃ​សមយុទ្ធ​នេះ​ទេ។ នាវាមុជទឹក KRI Nanggala 402 បាន​បាត់​ទំនាក់ទំនង​នៅវេលា​ម៉ោង 4និង30នាទី​ព្រឹក។

នាវាមុជទឹក KRI Nanggala 402 ត្រូវបាន​ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់ កាលពី​ឆ្នាំ1978 ហើយ​ការជួសជុល និង​ថែទាំ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​នៅ​កូរ៉េខាងត្បូង ត្រូវបានធ្វើ​រួចរាល់​កាលពី​ឆ្នាំ2012៕

ប្រភព៖ NYTimes, Xinhuanet
ប្រែសម្រួល​៖ បុត្រា

Advertisement