ប្រមុខ​ហ្វ៊ី​លី​ពី​ន ប្រកាស “អាច​មានការ​បង្ហូរឈាម” ត្រៀម​បញ្ជូន​នាវាចម្បាំង តតាំង​កប៉ាល់​​ចិន​ 240​​គ្រឿង

កាលពី​ថ្ងៃទី20 មេសា ទីភ្នាក់ងារ​ព័ត៌មាន South China Morning Post បាន​រាយការណ៍​អំពី​សម្ព័ន្ធភាព​រវាង​ប្រទេស​ចិន និង​ហ្វ៊ី​លី​ពី​ន ដែល​កំពុង​តានតឹង​ឡើងជា​ថ្មី​ម្ដងទៀត ក្រោយពី​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​កូ ឌូ​តឺ​តេ នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន បាន​ថ្លែងថា នឹង​បញ្ជូន​នាវាចម្បាំង ទៅ​តតាំង​នឹង​កង​នាវា​ចិន​ប្រមាណ​ជា 240គ្រឿង ដែល​ចត​ត្រាំ មិន​ព្រម​ទៅណា នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ហ្វ៊ី​លី​ពី​ន ក្នុង​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង តាំងពី​ខែមីនា​កន្លងទៅ ទោះជា​អាជ្ញាធរ​ហ្វ៊ី​លី​ពី​ន​ទាមទារ​ឱ្យ​ដក​កង​នាវា​ទាំងនោះ​ចេញ ជាច្រើន​ដង​ហើយ​ក៏ដោយ តែ​ប្រទេស​ចិន បែរជា​អះអាងថា វា​គ្រាន់តែ​ជា​កប៉ាល​នេសាទ និង​មាន​មូលហេតុ​ចាំបាច់ ត្រូវ​ចត​បណ្ដែត​ខ្លួន​នៅក្នុង​បរិវេណ​នោះ​សិន។

“បើ​យើង​ទៅ​ទីនោះ ដើម្បី​អះអាង​ពី​តំបន់​ក្នុង​អំណាចតុលាការ​របស់​យើង វា​នឹង​មានការ​បង្ហូរឈាម​គ្នា… ពេលនេះ ខ្ញុំ​មិនបាន​ចាប់អារម្មណ៍​រឿង​ការនេសាទ​ប៉ុន្មាន​ទេ ខ្ញុំ​មិន​គិតថា វា​មាន​ត្រី​ច្រើន ដល់​ថ្នាក់​មក​ឈ្លោះ​គ្នា​នោះទេ” លោក​ឌូ​តឺ​តេ ថ្លែង​បាន​បែបនេះ ក្នុងខណៈ​ធ្វើ​សេចក្ដី​ថ្លែង​ព័ត៌មាន តាម​ស្ថានីយទូរទស្សន៍ កាលពី​ព្រលប់​ថ្ងៃ​ចន្ទ ទី19មេសា។

ហើយ​លោក​បាន​បន្តទៀតថា បើសិនជា​អនាគត មាន​ជម្លោះ​វិវាទ​ពាក់ព័ន្ធ​នឹង​ធនធានធម្មជាតិ​ខាង​ស​មុទ្រ លោក​នឹង​បញ្ជូន​នាវា​របស់​អង្គភាព​សន្តិសុខ​ព្រំដែន​សមុទ្រ ចេញទៅ ៥គ្រឿង “ពួកគេ​អាច​ដេញតាម​ប្រមាញ់… ពួកគេ​នឹង​លេង​ដោយ​ខ្លួនឯង ប៉ុណ្ណឹង​ក៏បាន​ណាស់​ទៅហើយ ហើយ​ចាំមើល​មើល៍ថា តើ​អ្នកណា​ខ្លាំង​ជាង​អ្នកណា?  តែ​ពេលណា​ដែល​យើង​ចាប់ផ្ដើម​ការជីក​ខួង ពេល​យើង​ចាប់ផ្ដើមបាន អ្វី​ក៏ដោយ​ដែល​នៅក្រោម​សមុទ្រ​ចិន ដូចជា​ប្រេង​របស់​យើង ដល់ពេល​នោះ ខ្ញុំ​នឹង​បញ្ជូន​នាវា​ពណ៌​ប្រផេះ ទៅ​ទីនោះ ដើម្បី​ទាមទារ​សិទ្ធិ​ដែល​យើង​មាន”

បើ​ពួកគេ ចាប់ផ្ដើម​ចោះ​ខួង​ប្រេង​នៅ​ទីនោះ  ខ្ញុំ​នឹង​សួរ​រដ្ឋបាល​ចិន​ថា តើ​ទីនោះ វា​ជា​ចំណែក​មួយ​ក្នុង​កិច្ចព្រមព្រៀង​របស់​យើង​ដែរឬទេ? បើ​មិនមែន​កិច្ចព្រមព្រៀង ខ្ញុំ​ក៏​នឹង​ចោះ​ខួង​យក​ប្រេង​នៅ​ទីនោះ​ដែរ បើ​ពួកគេ​បាន​ប្រេង​នោះ ក៏​ប្រហែលជា​ដល់ពេល​ហើយ ដែល​យើង​គួរតែ​ចាប់ផ្ដើម​ដូចគ្នា។ លោក​ឌូ​តឺ​តេ បានបញ្ជាក់​បែបនេះ៕

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement