ជប៉ុន ប្រាប់ថា ត្រូវ​ភ្នាក់ងារ​សម្ងាត់ “កងទ័ព​ចិន” ចោះ​ចូល​ប្រព័ន្ធ​កុំព្យូទ័រ

ប៉ូលិស​ជប៉ុន កំពុងបើក​ការស៊ើបអង្កេត ករណី​ការវាយប្រហារ​ខាង Cyber ទៅលើ​អង្គភាព និង​ក្រុមហ៊ុន​ជិត 200កន្លែង​នៅក្នុង​ប្រទេស​ជប៉ុន ដោយ​សង្ស័យថា ជា​ស្នាដៃ​របស់​ក្រុម Hacker ដែល​ពាក់ព័ន្ធ​នឹង​កងទ័ព​ចិន។

អង្គភាពសំខាន់ៗរបស់​រដ្ឋបាល​ជប៉ុន ដែល​ត្រូវ​ហ៊ែ​ក​ឃើ​រ ដែល​គេ​សង្ស័យថា ជា​សមាជិក​របស់​បក្ស​កុម្មុយ​នី​ស្ត​ចិន ចោះ​ចូល​ទិន្នន័យ​នោះ មានដូចជា ស្ថាប័ន​ត្រួតពិនិត្យ​នៃ​ប្រទេស​ជប៉ុន, ក្រុមហ៊ុន Mitsubishi Electronic ដែលមាន​គ្រោងការ​ពាក់ព័ន្ធ​នឹង​កិច្ចការ​ការពារជាតិ, មហាវិទ្យាល័យ ខេ​អូ រួមទាំង​ស្ថាប័ន​ស្រាវជ្រាវ​កម្រិត​ខ្ពស់​ជាច្រើន​កន្លែង​របស់​ប្រទេស​ជប៉ុន​ទៀតផង។

ទីភ្នាក់ងារ​ត្រួតពិនិត្យ​អវកាស​នៃ​ប្រទេស​ជប៉ុន ទទួលស្គាល់ថា ប្រព័ន្ធ​កុំព្យូទ័រ ត្រូវបាន​លបលួច​ចោះ​ចូល​កាលពី​ឆ្នាំ2016 តែ​មិនបាន​បង្ហើប​ឱ្យដឹងថា តើ​មាន​ទិន្នន័យ​បែកធ្លាយ​ចេញ ឬ​ត្រូវបាន​កែច្នៃ​ប៉ុនណា​នោះទេ។

ប្រតិបត្តិ​ការវាយប្រហា​រ​ខាង Cyber នេះ ដំណើរការ​ដោយ​ក្រុម Hacker ដែល​ប្រើ​ឈ្មោះថា Tick ដែល​ស្ថិតនៅក្រោម​ការបង្គាប់បញ្ជា​ដោយផ្ទាល់​របស់​កងទ័ព​ចិន។

ប៉ូលិស​ជប៉ុន បានកំណត់​មុខសញ្ញា​វិស្វករ​កុំព្យូទ័រ​ជនជាតិ​ចិន​ម្នាក់ ដែល​បាន​ប្រើប្រាស់​លេខ​សម្ងាត់​ប្រចាំ​ខ្លួន​ក្លែងក្លាយ ដើម្បី​ចូលទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ស្ថាប័ន​ជាច្រើន​នៅក្នុង​ប្រទេស​ជប៉ុន។ បុរស​ចិន វ័យ ៣០ឆ្នាំ​រូបនេះ ត្រូវបាន​គេ​សង្ស័យថា ធ្លាប់​លបលួច​ចូល​ប្រើ Server ជាច្រើន​កន្លែង ដោយ​ប្រើ​ឈ្មោះ​ក្លែងក្លាយផ្សេងៗគ្នា និង​បាន​បញ្ជូន​ទិន្នន័យ​ពី Server ទាំងនោះ​ទៅកាន់​ក្រុម​ហ៊ែ​ក​ឃើ​រ “Tick”។

ក្រៅពីនេះ នៅបាន​រកឃើញ​ទៀតថា មាន​និស្សិត​ចិន​ម្នាក់ ដែល​បាន​ជួល Server ជាច្រើន Server នៅក្នុង​ប្រទេស​ជប៉ុន ដោយ​ប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ ដើម្បី​បង្ហាញ​អត្តសញ្ញាណ​ខ្លួន និង​តាមរយៈ​ការស៊ើបអង្កេត គេ​បាន​រកឃើញថា និស្សិត​ម្នាក់នេះ មាន​ពាក់ព័ន្ធ​ជាមួយ​កងទ័ព​ចិន។

ខណៈ​នេះ បុរស​វិស្វករ និង​និស្សិត​ចិន​រូបនោះ បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ជប៉ុន​ហើយ។

កងទ័ព​ចិន មាន​អង្គភាព​ដែល​ប្រើ​លេខ​សម្ងាត់​ថា 61419 មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឈិង​តៅ មណ្ឌល​សាន​តុង ប្រទេស​ចិន ត្រូវបាន​គេ​សង្ស័យថា ជា​អង្គភាព​ដែល​ទទួលខុសត្រូវ ផ្នែក​វាយប្រហារ​ខាង Cyber របស់​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង។

លោក ខាត់​ស៊ឺ​ណូ​ប៊ុ ខា​តូ អគ្គលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជប៉ុន បាន​និយាយ​អំពី​រឿងនេះ ដោយ​មិនបាន​បញ្ជាក់ថា ជា​ស្នាដៃ​របស់​អ្នកណា ថា “ការវាយប្រហារ​ខាង Cyber ចំពោះ​អង្គភាព​រាជការ និង​គ្រោង​សាង​មូលដ្ឋានគ្រឹះផ្សេងៗនេះ មានការ​រៀបចំ​ស្ថាប័ន និង​មាន​ភាពទំនើប​ទាន់សម័យ​កាន់តែខ្លាំង​ឡើង រដ្ឋបាល​ជប៉ុន នឹង​ផ្ដល់​ភាព​សំខាន់​លើ​រឿងនេះ ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​ទាំងនោះ”៕

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement