នាវាមុជទឹក​ឥណ្ឌូនេស៊ី​ដែល​កំពុង​បាត់​ខ្លួន នៅសល់​អុកស៊ីសែន ​​ប្រហែល ​70​ម៉ោង​​ទៀត​ប៉ុណ្ណោះ

សារព័ត៌មាន CNN (អាមេរិក) ដកស្រង់​សម្ដី​របស់​ឧ​ត្ត​មនា​វី Yudo Margono អគ្គមេបញ្ជាការ​កងទ័ព​ជើង​ទឹក​ឥណ្ឌូនេស៊ី បានឱ្យដឹង​ដោយយោង​ទៅលើ​ការ​គណនា​ដែល​រាប់​ចាប់ពី​ដំណាក់កាល​នៅមាន​ទំនាក់ទំនង​នា​ថ្ងៃទី21 ខែមេសា​ថា នាវាមុជទឹក​ដែល​កំពុង​បាត់​ខ្លួន​នោះ នៅមាន​អុកស៊ីសែន​ដែល​អាចឱ្យ​ក្រុម​នាវិក​ដកដង្ហើម​បានត្រឹមតែ 72ម៉ោង​ទៀត​ប៉ុណ្ណោះ។

នាវាមុជទឹក​ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់ KRI Nanggala-402 ត្រូវបាន​អនុញ្ញាតឱ្យ​មុជ​ចូលក្នុង​ទឹក​លើកចុងក្រោយ នៅវេលា​ម៉ោង15 នៃ​ថ្ងៃទី21 ខែមេសា ហើយ​ក្រោយមក​ក៏បាន​ដាច់​ទំនាក់ទំនង​ជាមួយនឹង​ក្រុមការងារ​នៅលើ​គោក។ ឧ​ត្ត​មនា​វី Margono បាន​បង្ហើប​ឱ្យដឹងថា ពេលនោះ KRI Nanggala-402 ទើបតែ​បាន​បាញ់​មី​ស៊ី​ល​ទឹក​ចំនួន​ពីរ​គ្រាប់ នៅក្នុង​សមយុទ្ធ​ក្នុង​សមុទ្រ Bali ត្រង់​ចន្លោះ​សមុទ្រ Bali និង​មហាសមុទ្រ​ឥណ្ឌា។

លោក Margono បន្ថែមថា កងទ័ពជើងទឹក​បាន​ឃើញ​រលកសញ្ញា​នៃ​វត្ថុ​មួយ​ដែល​ស្ថិតនៅ​ជម្រៅ​ប្រមាណ​ពី 50-100ម៉ែត្រ​ក្រោម​ទឹកសមុទ្រ និង​មាន​ដែនម៉ាញេទិច ដែល​នេះ​ទំនងជា​បាន​ជះ​ចេញពី​នាវាមុជទឹក​ដែល​កំពុង​បាត់​ខ្លួន។

នាវាមុជទឹក KRI Nanggala-402 ដែលមាន​ទម្ងន់ 1,395តោន ដែល​កំពុង​ជួប​គ្រោះថ្នាក់​នេះ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង​ជួរ​កងទ័ព​ឥណ្ឌូនេស៊ី ចាប់ពី​ឆ្នាំ1981៕

ប្រភព៖ CNN
ប្រែសម្រួល​៖ បុត្រា

Advertisement