ចេញ​សញ្ញា​ក្ដៅគគុក!! ភ្លើង​ឆេះ​​កប៉ាល់​​​ដឹក​ប្រេង ក្រៅ​ឈូង​សមុទ្រ​ស៊ី​រី សង្ស័យ​ត្រូវ យន្តហោះ​ដ្រូ​នស​ត្រូវ បាញ់​កម្ទេច

ក្រសួង​ថាមពល នៃ​ប្រទេស​ស៊ី​រី បាន​បង្ហើប​ឱ្យដឹងថា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ត្រូវបាន​បញ្ជូនទៅ​ពន្លត់ភ្លើង​ដែល​ឆេះ​នាវា​ដឹក​ប្រេង ១គ្រឿង នៅក្រៅ​ឈូង​សមុទ្រ​របស់​ប្រទេសមួយ​នេះ កាលពី​ថ្ងៃ​សៅរ៍ (ទី24មេសា) ក្រោម​ការសង្ស័យថា វា​អាច​ត្រូវ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូ​ន ១គ្រឿង ដែលមាន​ទិសដៅ​ហោះ​មកពី​ដែនសមុទ្រ​លេ​បា​ណុន។

អត្តសញ្ញាណ​របស់​នាវា​ផ្ទុក​ប្រេង 1គ្រឿង​នេះ មិនបាន​បង្ហាញ​ច្បាស់លាស់​ឡើយ ដោយ​ខាង​ស្ថានីយទូរទស្សន៍ អាល់-អា​ឡា​ម របស់​ប្រទេស​អ៊ីរ៉ង់ បាន​បញ្ជាក់ថា វា​ជា​នាវា​មួយ ក្នុងចំណោម​នាវា​ដឹក​ប្រេង​របស់​ប្រទេស​អ៊ីរ៉ង់ ដែល​កាលពីពេលថ្មីៗនេះ ទើបនឹង​ចូល​ចត​នៅ​កំពង់ផែ​ឃ្លាំង​ប្រេង​របស់​ប្រទេស​ស៊ី​រី  តែ​ខាង​ទីភ្នាក់ងារ​ព័ត៌មាន ថា​ស្នី​ម ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាក់កណ្ដាល​រដ្ឋ​របស់​អ៊ីរ៉ង់​ដូចគ្នា បាន​រាយការណ៍​ខុសពី​គ្នា ដោយបាន​ប្រាប់ថា វា​មិនមែនជា​នាវា​ដឹក​ប្រេង​របស់​អ៊ីរ៉ង់​ទេ។

អាល់-អា​ឡា​ម ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​អារ៉ាប់ របស់​ប្រទេស​អ៊ីរ៉ង់ បាន​បញ្ជាក់ថា កប៉ាល​ផ្ទុក​ប្រេង 1គ្រឿង​នេះ បាន​រង​ការខូចខាត​មួយផ្នែក និង​មិនមាន​អ្នកស្លាប់​ទេ តែ​ខាង ថា​ស្នី​ម បាន​រាយការណ៍ ដោយ​អាង​លើ​ប្រភពព័ត៌មាន ដែល​បាន​ប្រាប់ថា  “ហេតុការណ៍​នេះ​កើតឡើង​ទៅលើ​នាវា 1គ្រឿង​ផ្សេងទៀត និង​មិនមាន​ភាព​ពាក់ព័ន្ធ​គ្នា ជាមួយ​នាវា​ដែល​កំពុង​ផ្ទុកទំនិញ​របស់​អ៊ីរ៉ង់​នោះទេ”

ចំណែក Tanker Trackers វេ​ប​សាយ​តាមដាន​ការធ្វើដំណើរ​របស់​កប៉ាល​ដឹក​ប្រេង បាន​សរសេរ​នៅលើ​ប្រព័ន្ធ​ធ្វី​ត​ធើ​រថា កប៉ាល​ដឹក​ប្រេង ដែល​ត្រូវបាន​ប្រទះឃើញ​ភ្លើង​ឆាបឆេះ​នៅក្រៅ​ឈូង​សមុទ្រ​ទីក្រុង បា​នី​យ៉ា​ស មិនមែនជា​កប៉ាល​រប​ស់​ប្រទេស​អ៊ីរ៉ង់​ទេ តែ​វា​មាន​លេខ​បញ្ជី​លេ​បា​ណុន។

ទោះជា​ដូច្នេះ​ក្ដី សា​ណា ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ស៊ី​រី ដែល​អាង​លើ​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ថាមពល បាន​ហៅ​រឿងនេះ​ថា ជាហេតុ​ការណ៍​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូ​ន តែ​មិនបាន​ផ្ដល់​សេចក្ដីលម្អិត​បន្ថែម​អំពី​ហេតុ​ការណ៍​​នេះឡើយ និង​ទីភ្នាក់ងារ​ព័ត៌មាន អាល់-ម៉ា​យ៉ា​ឌី​ន ស្ថានីយទូរទស្សន៍​គាំទ្រ​ប្រទេស​ស៊ី​រី បាន​រាយការណ៍​ដោយ​សង្ស័យថា កប៉ាល​ផ្ទុក​ប្រេង​នេះ ត្រូវបាន​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូ​ន​របស់​អ៊ីស្រាអែល។ តែ ខាង​កងទ័ព​អ៊ីស្រា​អែល បាន​បដិសេធ ផ្ដល់​ការយល់ឃើញ​ណាមួយ​ចំពោះ​ហេតុការណ៍​ដែល​កើតឡើង​នេះ។

គួរ​បញ្ជាក់ដែរថា ហេតុការណ៍​នេះ​កើតឡើង ក្នុងខណៈដែល​អ៊ីស្រាអែល កំពុង​បង្កើន​ប្រតិបត្តិការ​វាយប្រហារ​គោល​ដៅផ្សេងៗរបស់​អ៊ីរ៉ង់ ក្នុងនោះ​រួមមាន​ទីតាំង​សង្ស័យ​ផលិត​អាវុធ​របស់​អ៊ីរ៉ង់ នៅក្នុង​ប្រទេស​ស៊ី​រី ដើម្បី​ទប់ស្កាត់​នូវ​អ្វីដែល​ពួកគេ​មើលឃើញថា ជាការ​រុករាន​ឈ្លានពាន​ខាង​យោធា​នៅក្នុង​ប្រទេស​ស៊ី​រី របស់​អ៊ីរ៉ង់៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
ប្រែ​សម្រួល តា​វ៉ែនតា

Advertisement