ក្រោយ​រកឃើញ​សាកសព​នាវាមុជទឹក KRI Nanggala ដែល​​បាន​បាត់​ខ្លួន តំណាងរាស្ត្រ​ឥណ្ឌូនេស៊ី​សង្ស័យថា «អាចមកពី​កំហុស​នៃ​ការ​ជួសជុល​នៅ​កូរ៉េខាងត្បូង»

តំណាងរាស្ត្រ និង​ជា​អតីត​ឧត្ដមសេនីយ៍​យោធា TB Hasanuddin សំដែង​ការព្រួយបារម្ភ​ថា នាវាមុជទឹក KRI Nanggala ដែល​បាន​លិច​នោះ​គឺ អាច​បណ្ដាលមកពី​ការជួសជុល​នៅឯ​ប្រទេស​កូរ៉េខាងត្បូង អំឡុង​ឆ្នាំ 2010-2012។

«ការជួសជុល​នៅ​កូរ៉េខាងត្បូង មិន​ត្រឹមតែ​ផ្លាស់​គ្រឿងបន្លាស់​នោះទេ តែ​ក៏​ប៉ះពាល់​ដល់​គ្រោង​នាវាមុជទឹក​នេះ​ផងដែរ ពិសេស​គឺ​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​ទឹក» អតីតមន្ត្រី​យោធា​ជាន់ខ្ពស់ Hasanuddin និង​ជា​សមាជិក​នៃ​គណៈកម្មការ​ការពារជាតិ ការបរទេស និង​ព័ត៌មាន នៃ​សភា​ជាន់​ទាប​ឥណ្ឌូនេស៊ី បាន​និយាយ​កាលពី​ម្សិលមិញ (25 មេសា) អំពី​នាវាមុជទឹក KRI Nanggala ដែល​បាន​លិច​នៅឯ​សមុទ្រ Bali។

KRI Nanggala ត្រូវបាន​ជួសជុល​នៅ​កូរ៉េខាងត្បូង ក្នុងអំឡុង​ឆ្នាំ 2010-2012 ដើម្បី​ផ្លាស់​អាគុយ និង​គ្រឿង​ម៉ាស៊ីន ក៏ដូចជា​បំពាក់​ប្រព័ន្ធ​កំណត់​ទិស sonar និង​ប្រព័ន្ធគ្រប់គ្រង​ការប្រយុទ្ធ។

តំណាងរាស្ត្រ Hasanuddin ឱ្យដឹងថា ការជួសជុល​នេះ ត្រូវ​ចំណាយ​ប្រាក់​អស់​ប្រមាណ 75លាន​ដុល្លារ​អាមេរិក និង​បាន​បន្ថែមថា ការបាញ់​សាកល្បង​មី​ស៊ី​ល​ទឹក ធ្លាប់បាន​បរាជ័យ ដោយសារ​បំពង់​បាញ់​មី​ស៊ី​ល ជួប​បញ្ហា បណ្ដាលឱ្យ​នាវិក 3នាក់ ត្រូវ​បាត់បង់​ជីវិត។ បន្ទាប់មក វា​ក៏​ត្រូវបាន​ជួសជុល​ឡើងវិញ។

សាកសព​នាវា​មុជ​ទឹក​ KRI Nanggala

«ខ្ញុំ​សង្ស័យថា លទ្ធផល​នៃ​ការជួសជុល បាន​នាំឱ្យមាន​កំហុសឆ្គង បណ្ដាលឱ្យ​នាវា Nanggala ត្រូវ​លិច» នេះ​បើតាម​សំដី​របស់ Hasanuddin។ លោក​ក៏បាន​ស្នើឱ្យ​ផ្អាក​ដំណើរការ​នាវាមុជទឹក KRI Cakra ដែល​ស្ថិតក្នុង​ប្រភេទ​ជាមួយនឹង KRI Nanggala។

កងកម្លាំង​ជួយសង្គ្រោះ បាន​រកឃើញ​សាកសព​នាវាមុជទឹក KRI Nanggala ស្ថិតនៅ​បាទសមុទ្រ Bali ជម្រៅ 838ម៉ែត្រ ដែលមាន​ចម្ងាយ​ពី​កន្លែង​មុជ​លើកចុងក្រោយ​ប្រមាណ​តែ 1.4គីឡូម៉ែត្រ​ប៉ុណ្ណោះ។

មេបញ្ជាការ​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី Yudo Margono កាលពី​ថ្ងៃទី​ល្ងាច​ថ្ងៃទី25 មេសា បានឱ្យដឹងថា៖ «នាវាមុជទឹក KRI Nanggala បាន​បែកបាក់​ជា​បី​ចំណែកធំ»។ ចំណែក​មេបញ្ជាការ​កង​ទ័ព​ឥណ្ឌូនេស៊ី Hadi Tjahjanto បញ្ជាក់ថា៖ «នាវិក​ទាំង 53នាក់​ដែល​នៅក្នុង​នាវាមុជទឹក​នេះ បាន​បាត់​បង់ជីវិត»៕

ប្រភព​៖ AFP, Detik News
ប្រែសម្រួល​៖ បុត្រា

Advertisement