សហរដ្ឋអាមេរិក ដាស់តឿន​តួរ​គី មិនគួរ​ទិញ​អាវុធ​ពី​រុស្ស៊ី ថែមទៀត​ទេ!

មន្ត្រី​លំដាប់​ខ្ពស់ ផ្នែក​ការទូត​របស់​សហរដ្ឋ​អាមេរិក បាន​ថ្លែងថា តួរ​គី និង​សម្ព័ន្ធមិត្ត​ទាំងអស់ របស់​រដ្ឋាភិបាល​ក្រុង​​វ៉ាស៊ីន​តោន” មិនគួរ​ទិញ​អាវុធ​របស់​ប្រទេស​រុស្ស៊ី​បន្ថែម​ទៀតឡើយ ព្រោះ​មាន​ភាព​ប្រឈម​ខ្ពស់​ក្នុងការ​ត្រូវ​រង​ទណ្ឌកម្មសេដ្ឋកិច្ច ក្រោយពី​រដ្ឋបាល​ក្រុង​អង់កា​រ៉ា ត្រៀម​ទិញ​ប្រព័ន្ធ S-400 ឈុត​ទី2។

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​រាយការណ៍​ពី​ទីក្រុង​វ៉ាស៊ីនតោន ប្រទេស​អាមេរិក កាលពី​ថ្ងៃទី29 មេសា​ថា លោក អ៊ែន​ថូ​នី ប្ល៊ី​ង​ខេន រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​កន្លងមក ពាក់ព័ន្ធ​នឹង​សម្ព័ន្ធភាព​រវាង​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ជាមួយ​ប្រទេស​តួរ​គី ដែល​តានតឹង​ឡើងជា​បន្តបន្ទាប់ តាំងពី​សម័យ​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ថា រដ្ឋបាល​ក្រុង​អង់កា​រ៉ា គឺជា​សមាជិក 1រូប ក្នុងចំណោម​សមាជិក​ដែល​អាច​ហៅ​បាន​ថា ជា​កម្លាំង​ចម្បង​របស់ អង្គការ NATO ហើយ​សហរដ្ឋអាមេរិក សង្ឃឹម​យ៉ាងខ្លាំងបំផុត​ថា នឹង​អាច​រិះរក​វិធី​ដោះស្រាយ​បញ្ហា​ទំនាស់​ជាច្រើន​រឿង​ជាមួយ​ប្រទេស​តួរ​គី​បាន។

ម្យ៉ាងទៀត សម្ព័ន្ធភាព​រវាង​សហរដ្ឋអាមេរិក ជាមួយ​ប្រទេស​តួរ​គី កំពុង​ប្រឈម​នឹង​បទ​សាកល្បង​មួយ​ថ្មី​បំផុត នៅពេលដែល​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បានប្រកាស​កាលពីពេលថ្មីៗនេះ​ថា ហេតុការណ៍​ក្នុង​ប្រវត្តិសាស្ត្រ​សង្គ្រាមលោក​លោក​លើក​ទី1 ដែលមាន​ការសម្លាប់​ជនជាតិ​អា​មេ​នី 1.5លាន​នាក់ ដោយ​កងទ័ព​ចក្រពត្តិ Ottoman ក្នុង​ឆ្នាំ1915 ដល់​ឆ្នាំ1923 “គឺជា​ការសម្លាប់​ប្រល័យពូជសាសន៍” ដោយ​មេដឹកនាំ​សហរដ្ឋអាមេរិក បានបញ្ជាក់​ក្នុង​រឿងនេះ​ថា “ជាការ​ទទួលស្គាល់​ការពិត​ខាង​ប្រវត្តិសាស្ត្រ” និង “មិនមែន​ជាការ​ថ្កោលទោស​នរណាម្នាក់​ឡើយ” តែ​ជា “ការ​សាង​ភាពជឿជាក់” ដល់​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​ផងដែរ​ថា នឹងមិន​កើតមាន​ហេតុការណ៍​បែប​នោះ​ទៀត។

យ៉ាងណាក៏ដោយ លោក​ប្ល៊ី​ង​ខេន បាន​ថ្លែងថា ប្រទេស​តួរ​គី នៅតែ “ប្រឈម​នឹង​ភាព​ប្រថុយប្រថាន” ក្នុងការ​ត្រូវ​រង​ទណ្ឌកម្មសេដ្ឋកិច្ច​បន្ថែម​ទៀត​ពី​សហរដ្ឋអាមេរិក ប្រសិនបើ​រដ្ឋបាល​ក្រុង​អង់កា​រ៉ា នៅតែ​ដំណើរការ​កិច្ចសហការ​ខាង​អាវុធ​ជាមួយ​រុស្ស៊ី ក្រោយពី​ទាំង 2ភាគី បាន​អះអាង​ពី​ការចរចា​ពាក់ព័ន្ធ​នឹង​ការទិញ​ប្រព័ន្ធ​ការពារ​ខាង​អាកាស S-400 ឈុត​ទី2 ដែល​លោក​ប្ល៊ី​ង​ខេន​ថ្លែងថា ប្រទេស​តួរ​គី និង “សម្ព័ន្ធមិត្ត​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក” មិនគួរ​ពាក់ព័ន្ធ​ជាមួយ​អាវុធ​ប្រភេទ​នេះ​ទេ។

ទាំងអស់នេះ រដ្ឋបាល​សហរដ្ឋអាមេរិក ក្នុង​យុគសម័យ​លោក ត្រាំ បាន​ប្រើ​អំណាច​តាមច្បាប់​ស្ដីពី “ការតបត​សត្រូវ​របស់​អាមេរិក តាមរយៈ​វិធានការ​ទណ្ឌកម្មសេដ្ឋកិច្ច” (CAATSA) ឱ្យមាន​សុពលភាព​លើ​រដ្ឋបាល​តួរ​គី របស់លោក​ប្រធានាធិបតី រេ​សិប តៃ​យិ​ប អេ​រ​ដូ​ហ្គែ​ន កាលពី​ខែធ្នូ ឆ្នាំទៅ ដោយសារ​ករណី​ដែល​រដ្ឋបាល​ក្រុង​អង់កា​រ៉ា បាន​កុម្ម៉ង់​ទិញ​ប្រព័ន្ធ S-400 ឈុត​ដំបូង កាលពី​ឆ្នាំ2019 ដោយហេតុ​ផល​ថា អាវុធ​ប្រភេទ​នេះ “មិន​ស៊ីចង្វាក់​គ្នា” ជាមួយ​តិច​ណូ​ឡូ​ជី ដែល​ប្រើ​នៅក្នុង​ចំណោម​សមាជិក​ណា​តូ ហើយ​ប្រព័ន្ធ S-400 “គឺជា​គ្រោះភ័យ​រុករាន” ដល់​ស្ថិរភាព​ការធ្វើជា​សម្ព័ន្ធមិត្ត​ខាង​យោធា ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក រវាង​ទ្វីបអឺរ៉ុប ជាមួយ​អាមេរិក៕

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement