សូ​ម៉ាលី ប្រទេស​ដែល ចោរ​គ្រង​ផែនដី

តាមរយៈ​ការវាយតម្លៃ​របស់​ស្ថាប័ន​ហ៊ិ​រ៉ា​ល់ បានឱ្យដឹងថា ក្រុម​ប្រដាប់អាវុធ អាល់-ឆា​បាប់ មាន​ប្រាក់ចំណូល​ដែល​បានមកពី​ប្រមូល​ភាស៊ី ក្នុង 1ខែៗ មិនតិចជាង 15លាន​ដុល្លារ​អាមេរិក​ឡើយ។ ជា​ចំនួន​ដែល​មិនមែន​តិចតួច​ឡើយ សម្រាប់​ប្រទេស​ដែល​អង្គការសហប្រជាជាតិ និង​ធនាគារពិភពលោក ចាត់ទុកថា​ជា ប្រទេស​ដែល​ទ័លក្រ​បំផុត​ក្នុង​ពិភពលោក​មួយ​នេះ។

ក្រុម​ភេរ​វករ​ប្រដាប់អាវុធ “អាល់-ឆា​បាប់” សម្ព័ន្ធមិត្ត​របស់​ក្រុម​អាល់-កៃ​ដា នៅក្នុង​ប្រទេស​សូ​ម៉ាលី បាន​ប្រើ​អំពើហិង្សា និង​ការ​សម្លុត​គំរាមកំហែង ទារ​យក “ភាស៊ី​ខុសច្បាប់” ទាំងពី​ប្រជាជន និង​មន្ត្រី​របស់​រដ្ឋ នៅក្នុង​តំបន់​ដែល​ពួកគេ​គ្រប់គ្រង បង្កើត​ប្រាក់ចំណូល​បាន​យ៉ាងច្រើន ស្មើៗ ឬ​អាច​ច្រើនជាង​រដ្ឋាភិបាល​ដែល​អន្តរជាតិ​ទទួលស្គាល់​ទៅទៀត។ នេះ​បើតាម​​របាយ​កាណ៍​ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ស្ថាប័ន​ហ៊ិ​រ៉ា​ល់ ក្នុង​ទីក្រុង ម៉ូ​កា​ឌិ​ឈូ ប្រទេស​សូ​ម៉ាលី។

របាយការណ៍​ខាងលើ ទទួលបាន​ពី​ការសាកសួរ​ប្រជាជន​ទូទៅ អ្នក​ធុរកិច្ច មន្ត្រី​របស់​រដ្ឋ រួមទាំង​អតីត​សមាជិក​របស់​អាល់-ឆា​បាប់ និង​សមាជិក​បច្ចុប្បន្ន ដែលមាន​តួនាទី​ដើរ​ប្រមូល​ភាស៊ី​ខុសច្បាប់ ប្រកួត​ជាមួយ​រដ្ឋាភិបាល​របស់​ពួកគេ។

តាមរយៈ​ការវាយតម្លៃ​របស់​ស្ថាប័ន​ហ៊ិ​រ៉ា​ល់ បានឱ្យដឹង​ទៀតថា ក្រុម​អាល់-ឆា​បាប់ ឬ​មានឈ្មោះ​ពេញ​ថា​ហា​រ៉ា​កាត់ អាល់-ឆា​បាប់ អាល់-មូ​ចា​ហ៊ី​ឌី​ន ឬ​ហេច​បូល​ឡា អាល់-ឆា​បាប់ ដែល​មានន័យថា គណបក្ស​យុវជន(Party of the Youth) មាន​ចំណូល​ពី​ការប្រមូល​ភាស៊ី​ខុសច្បាប់ ក្នុង 1ខែៗ មិនតិចជាង 15លាន​ដុល្លារ​អាមេរិក​ឡើយ។ ជា​ចំនួន​ដែល​មិនមែន​តិចតួច​ឡើយ សម្រាប់​ប្រទេស​ដែល​អង្គការសហប្រជាជាតិ និង​ធនាគារពិភពលោក ចាត់ទុកថា​ជា ប្រទេស​ដែល​ទ័លក្រ​បំផុត​ក្នុង​ពិភពលោក។

អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ ជាង​ពាក់កណ្ដាល​នៃ​ប្រាក់ចំណូល​ប្រចាំខែ​ក្នុង 1ខែៗនោះ គឺ​បានមកពី​ការ​ជំរិត​ទារ នៅក្នុង​តំបន់​ទីក្រុង​ធំ ម៉ូ​កា​ឌិ​ឈូ ទោះជា​តំបន់​ដែល​គ្រប់គ្រង​របស់​អាល់-ឆា​បាប់ ស្ថិតនៅ​ភាគខាងត្បូង និង​ភាគ​កណ្ដាល​ក្ដី និង​ជុំវិញ​ទីក្រុង​ម៉ូ​កា​ឌិ​ឈូ​ក្ដី។

តាមរយៈ​ទិន្នន័យ​របស់​ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​សូ​ម៉ាលី បានឱ្យដឹងថា ពេញ 1ឆ្នាំ2019 រដ្ឋាភិបាល មាន​ចំណូល​ពី​ការប្រមូល​ពន្ធ​ភាស៊ី និងផ្សេងៗក្នុងប្រទេស សរុប 230លាន​ដុល្លារ​អាមេរិក។

ក្រុម​អាល់-ឆា​បាប់ បង្កើតឡើង​នៅ​ឆ្នាំ2006 ដោយមាន​គោលដៅ​ចម្បង គឺ​ប្រយុទ្ធ​ប្រឆាំងនឹង “សត្រូវ​របស់​សាសនា” ដែល​ពួកគេ​គោរព​ជឿជាក់ និង​ផ្ដួលរំលំ​រដ្ឋាភិបាល​សូ​ម៉ាលី ដើម្បី​បង្កើត​រដ្ឋ​សាសនា​ក្នុង​ឧត្ដមគតិ​របស់​ពួកគេ​ឡើង និង​នៅក្នុង​ឆ្នាំ2014 មេខ្លោង​ធំ​របស់​ក្រុម​ពួកគេ បានប្រកាស​ភក្ដីភាព​ជាមួយ​ក្រុម​អាល់-កៃ​ដា។

ប្រទេស​ជាច្រើន រួមទាំង​សហរដ្ឋអាមេរិក សហ​រាជអាណាចក្រ អូស្ត្រាលី កាណាដា សហរដ្ឋអារ៉ាប់ អេ​មី​រេ​ត ឬ​សូម្បីតែ​ប្រទេស​ម៉ាឡេស៊ី បានប្រកាស​ដាក់​ក្រុម​អាល់-ឆា​បាប់ ចូលក្នុង​បញ្ជីខ្មៅ ថា​ជា “អង្គការ​បង្ក​ភេរវកម្ម” និង​កាលពី​ខែមេសា ឆ្នាំ2015 ក្រសួងការបរទេស​នៃ​សហរដ្ឋអាមេរិក បានប្រកាស​ដាក់​រង្វាន់​បង្ហាញ​តម្រុយ ក្នុងការ​ឈានទៅដល់​ការចាប់ខ្លួន​មេខ្លោង​លំដាប់​ខ្ពស់​ជាច្រើន​នាក់​របស់​អាល់-ឆា​បាប់ រួមទាំង​មេខ្លោង​ធំ​បំផុត​នាពេល​បច្ចុប្បន្ន គឺ​លោក​អា​ម៉ាត់ អ៊ូ​ម៉ា ក្នុងតម្លៃ 6លាន​ដុល្លារ​អាមេរិក។

បច្ចុប្បន្ន អាល់-ឆា​បាប់ មាន​អ្នក​ប្រយុទ្ធ​នៅក្នុង​ក្រុម​ប្រមាណ​ជា 9,500នាក់ និង​ចំនួន​នោះ​កំពុង​កើនឡើងជារឿយៗ មាន​ទាំង​ជនជាតិ​សូ​ម៉ាលី និង​អ្នកស៊ីឈ្នួល​ប្រយុទ្ធ​ជនជាតិ​បរទេស ដែលមាន​ឧត្ដមគតិ​ដូចគ្នា ហើយ​ទិន្នន័យ​ដែល​ទទួលបាន​ពី​អង្គភាព​ស៊ើបការណ៍​អន្តរជាតិ​ជាច្រើន បាន​បញ្ជាក់ថា ក្រុម​អាល់-ឆា​បាប់ បានទទួល​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​អាវុធ រួមទាំង​អ្នក​ប្រយុទ្ធ​ជនជាតិ​បរទេស ពី​ប្រទេសធំៗ ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង យ៉ាងតិច 8ប្រទេស។

ការចុះទៅ​ក្នុង​តំបន់ ត្រួតពិនិត្យ​ដោយផ្ទាល់ ដើម្បី​ស្វែងរក​ទិន្នន័យ​បែប​ស៊ីជម្រៅ របស់​ក្រុម​អ្នកស្រាវជ្រាវ​របស់​ស្ថាប័ន​ហ៊ិ​រ៉ា​ល់ បាន​រកឃើញថា មាន​ជនរងគ្រោះ​ចំនួន​ដ៏​ច្រើន ត្រូវ​បង់ថ្លៃ​ភាស៊ី​ត្រួតគ្នា ទៅឱ្យ​ទាំង​រដ្ឋាភិបាល និង​ក្រុម​អាល់-ឆា​បាប់។

ក្រុមហ៊ុនធំៗ ទូទាំងប្រទេស​សូ​ម៉ាលី ត្រូវ​បង់ “ប្រចាំខែ” ឱ្យ​ក្រុម​អាល់-ឆា​បាប់ ច្រើន-តិច​ទៅតាម​ការវាយតម្លៃ​រប​ស់​អង្គភាព​ប្រមូល​ភាស៊ី​ខុសច្បាប់ ដែល​អាច​ស៊ើប​ដឹង​ពី​ទិន្នន័យ​របស់​ធុរកិច្ច ស្មើៗនឹង​មន្ត្រី​ពន្ធដារ​របស់​រដ្ឋបាល​ដែរ ក្រៅពីនោះ ថែមទាំង​ត្រូវ​បង់ “ប្រចាំឆ្នាំ” ក្នុង​រូប​បែប​ជា “សៈកាត” ឬ​ប្រាក់​បរិច្ចាគ​ទាន​ប្រចាំឆ្នាំ តែ​ជាការ​បរិច្ចាគ​បែប “បង្ខំ​ឱ្យ​បង់” ដោយ​គ្រប់​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​បង់ 2.5% នៃ​ចំណូល​របស់​ក្រុមហ៊ុន​ទាំងអស់​ក្នុង 1ឆ្នាំ។

ប្រាក់ចំណូលចម្បងៗ 1ផ្នែក​របស់​អាល់-ឆា​បាប់ បានមកពី​កំពង់ផែ​ជាច្រើន​កន្លែង ដែល​ស្ថិតនៅតាម​បណ្ដោយ​ព្រំដែន​ខាង​សមុទ្រ​ឥណ្ឌា ភាគ​ខាងកើត​ប្រទេស រួមទាំង​កំពុងផែ​ធំ​ក្នុង​ទីក្រុង​ម៉ូ​កា​ឌិ​ឈូ ដោយ​ប្រមូល​ភាស៊ី ពីមុខ​ទំនិញ ទាំង​នាំចេញ និង​នាំចូល។

នាយទាហាន​លំដាប់​ខ្ពស់​របស់​កងទ័ព​សូ​ម៉ាលី​ម្នាក់ ដែល​សុំ​មិន​ប្រាប់​ពី​ឋានន្តរស័ក្ដិ ដោយ​ប្រាប់​ត្រឹម​តែមាន​តំណែង​ជា​មេបញ្ជាការ បាន​បង្ហើប​ប្រាប់​ស្ថាប័ន​ហ៊ិ​រ៉ា​ល់​ថា សូម្បីតែ​រូបគាត់​ខ្លួនឯង ក៏​នៅតែ​ត្រូវ​បង់ប្រាក់​ទៅឱ្យ​ក្រុម​អាល់-ឆា​បាប់​ដែរ…ដូចជា នៅពេលដែល​លោក សង់ផ្ទះ 1ខ្នង​ថ្មី​ទៀត សុខៗស្រាប់តែ​អ្នកម៉ៅការ​កសាង​ដំបូង​គេ បាន​បោះបង់​ការងារ​ចោល ហើយ​រត់​បាត់ ដោយសារ​ត្រូវ​ក្រុម​អាល់-ឆា​បាប់ គំរាម ដោយ​ក្រុម​អាល់-ឆា​បាប់​នោះ​ប្រាប់ថា នាយទាហាន​ម្ចាស់ផ្ទះ មិន​ព្រម​បង់​ភាស៊ី​ឱ្យ​ពួកគេ។ អ្នកម៉ៅការ​ទី2 ក៏​បោះបង់​ការងារ​ចោល ហើយ​រត់គេច​បាត់ ដោយ​មូលហេតុ​ដូចគ្នា។ ទីបំផុត នាយទាហានជាន់ខ្ពស់​រូប​នោះ ត្រូវតែ​បង់ប្រាក់​ចំនួន​ស្មើនឹង 3,600ដុល្លារ ទើប​ផ្ទះ​សាងសង់​រួច ដោយ​អ្នកម៉ៅការ​ទី3៕

ប្រភព៖ សា​ព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement