(វីដេអូ)-បាក់​ស្ពាន​អាកាស​នៃ​ផ្លូវ​រថភ្លើង​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក! មនុស្ស​យ៉ាងតិច 15នាក់​បាន​ស្លាប់

សមត្ថកិច្ច កំពុង​ញាប់ដៃ-ញាប់ជើង ជួយសង្គ្រោះ​មនុស្ស​នៅក្នុង​ករណី​បាក់​ផ្លូវដែក​លើ​ទី​ខ្ពស់ នៅក្នុង​រដ្ឋធានី Mexico City នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក នៅវេលា​ថ្ងៃ​ត្រង់នេះ។

យ៉ោ​ង​ហោចណាស់ មាន​មនុស្ស​ចំនួន 15នាក់ បាន​បាត់​បង់ជីវិត នៅក្នុង​ករណី​បាក់​ស្ពាន​អាកាស​នៃ​ផ្លូវ​រថភ្លើង​មួយកន្លែង​នៅ​ទីក្រុង Mexico City នា​ថ្ងៃទី5 ខែឧសភា​នេះ។

អង្គភាព​ការពារ​ពលរដ្ឋ និង​គ្រប់គ្រង​ហានិភ័យ​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​បញ្ជាក់ថា ក្រៅពី​បានសម្លាប់​មនុស្ស​ចំនួន 15នាក់ គ្រោះថ្នាក់​នេះ ក៏បាន​បង្ក​របួសធ្ងន់​ស្រាល​ដល់​អ្នកដំណើរ​ចំនួន 70នាក់​ផ្សេងទៀត​ផងដែរ។ ករណីនេះ​បានកើត​ឡើង​នៅវេលា​ថ្ងៃត្រង់ នៃ​ថ្ងៃទី5 ខែឧសភា ឆ្នាំ2021 (ម៉ោង​នៅ​ភ្នំពេញ)។

យោងតាម​សារព័ត៌មាន Reuters របស់​អង់គ្លេស គ្រោះថ្នាក់​នេះ​កើតឡើង​នៅពេល​កំណត់​ផ្លូវដែក​មួយ​នៅលើ​ទី​ខ្ពស់ នៅ​ភាគខាងត្បូង​ទីក្រុង បាន​បាក់ភ្លាមៗ និង​ធ្លាក់​ទៅលើ​ដងផ្លូវ​ខាងក្រោម ដែលមាន​រថយន្ត​ជាច្រើន​កំពុង​បរ​ឆ្លងកាត់។

សារព័ត៌មាន​ក្នុងស្រុក បានចេញ​ផ្សាយ​រូបថត​នានា បង្ហាញ​អំពី​ទិដ្ឋភាព​បុគ្គលិក​ពន្លត់​អគ្គិភ័យ និង​ក្រុម​អ្នក​ជួយសង្គ្រោះ បាន​ទៅដល់​កន្លែងកើតហេតុ​យ៉ាង​ឆាប់រហ័ស និង​កំពុង​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​ជាប់​នៅក្រោម​គំនរ​បាក់បែក។

អភិបាលក្រុង Mexico City លោកស្រី Claudia Sheinbaum ក៏បាន​បង្ហាញខ្លួន​នៅ​កន្លែងកើតហេតុ និង​កំពុង​ដឹកនាំ​ការជួយ​សង្គ្រោះ​នេះ​ដោយផ្ទាល់៕

ប្រភព​៖ Reuters
ប្រែសម្រួល​៖ បុត្រា

Advertisement