កវីនិពន្ធ​ប្រឆាំង​កងទ័ព​ភូមា ត្រូវគេ​សម្លាប់ និង​យក​គ្រឿងក្នុង​ទៅ​បាត់!

ភរិយា​របស់លោក Khet Thi ដែលជា​អ្នកនិពន្ធ​ប្រឆាំងនឹង​របប​យោធា​ភូមា បាន​អះអាងថា សាកសព​ស្វាមី​របស់​អ្នកស្រី ត្រូវគេ​យក​គ្រឿងក្នុង នៅពេល​ត្រូវ​កងទ័ព​ចាប់ឃុំខ្លួន។

ភរិយា​របស់ Khet Thi បានឱ្យដឹងថា ស្វាមី​របស់​អ្នកស្រី ត្រូវ​ក្រុម​ទាហាន និង​ប៉ូលិស ចាប់ខ្លួន​ទៅ​សួរនាំ​កាលពី​ថ្ងៃទី8 ខែឧសភា 2021។ Khet Thi អាយុ 45ឆ្នាំ គឺជា​ម្ចាស់​កំណាព្យ​មួយ​ដែលមាន​ចំណងជើង​ថា «ពួកគេ​បាញ់​តម្រង់​ក្បាល ប៉ុន្តែ​មិនបាន​ដឹងថា បដិវត្ត​ស្ថិតនៅក្នុង​បេះដូង»។

«ខ្ញុំ​ត្រូវគេ​សួរនាំ។ គាត់ (ស្វាមី) ក៏​ដូច្នេះ។ ពួកគេ​បាន​ប្រាប់ថា គាត់​កំពុង​នៅក្នុង​អង្គភាព​សួរចម្លើយ ប៉ុន្តែ គាត់​មិនបាន​វិល​ត្រលប់​ជា​រៀងរហូត គឺ​នៅសល់តែ​សាកសព​ប៉ុណ្ណោះ» អ្នកស្រី Chaw Su ភរិយា​របស់លោក Khet Thi បានឱ្យដឹង​កាលពី​ម្សិលមិញ (09 ឧសភា)។

គ្រួសារ​របស់​ជនរងគ្រោះ រស់នៅក្នុង​ទីរួមស្រុក​មួយ​នៃ​តំបន់ Sagaing ភាគ​កណ្ដាល​ប្រទេស ដែលជា​តំបន់​ប្រឆាំង​យ៉ាងខ្លាំង​ក្លាយ​ទៅនឹង​រដ្ឋប្រហារ​របស់​កងទ័ព​ភូមា។

«ពួកគេ​បាន​ហៅ​ទូរស័ព្ទ​មក​ខ្ញុំ​នៅពេល​ព្រឹក ប្រាប់​ថាឱ្យ​ទៅកាន់​មន្ទីរពេទ្យ​នៅ Monywa ដើម្បី​ជួប​គាត់។ ខ្ញុំ​គិតថា គាត់​គ្រាន់តែ​ត្រូវ​បាក់ដៃ ឬ​ប្រហាក់ប្រហែល​នេះ។ ប៉ុន្តែ នៅពេល​ទៅដល់ រាងកាយ​របស់គាត់​បា​ន​ស្ថិតនៅក្នុង​សាល​ដាក់​សាកសព ហើយ​គ្រឿងក្នុង​របស់គាត់​ក៏ត្រូវ​គេ​យកទៅ​បាត់» អ្នកស្រី Chaw Su បាន​និយាយ​ទាំង​ទឹកភ្នែក នៅ​ទីកន្លែង​ដែលមាន​ចម្ងាយ​ប្រហែល 100គម ពី​ផ្ទះ។

ខាង​មន្ទីរពេទ្យ បាន​ប្រាប់​អ្នកស្រី Chaw Su ថា Khet Thi មាន​ជំងឺ​បេះដូង ប៉ុន្តែ អ្នកស្រី មិន​ខ្ចី​អាន​លិខិតបញ្ជាក់​មរណភាព​នេះ​ទេ ព្រោះ​យល់ថា នេះ​មិនមែនជា​ការពិត។ អ្នកស្រី ឱ្យដឹងថា កងទ័ព​ប្រុង​យក​សាកសព Khet Thi ទៅ​កប់ ប៉ុន្តែ អ្នកស្រី​បាន​សុំ​យក​សព​ត្រលប់មក​ផ្ទះ។ អ្នកស្រី​មិនបាន​និយាយ​អំពី​វិធី​ដែល​ស្វាមី​របស់ខ្លួន​ត្រូវគេ​យក​គ្រឿងក្នុង​នោះទេ។

លោក Khet Thi

អ្នកនាំពាក្យ​របស់​កង​ទ័ព​មី​យ៉ាន​ម៉ា មិនបាន​ឆ្លើយតប​នឹង​ការ​ស្នើឱ្យ​បកស្រាយ​អំពី​ការស្លាប់​របស់លោក Khet Thi ជា​កវី​ទី​បី ដែល​បាន​ស្លាប់​នៅក្នុង​បាតុកម្ម​ដែល​អូសបន្លាយ​ពេល​ជាង​បី​ខែ​កន្លងមកនេះ។

Khet Thi គឺជា​មិត្ត​របស់ K Za Win អាយុ 39ឆ្នាំ ជា​អ្នកនិពន្ធ​មួយរូប ដែល​ត្រូវបាន​បាញ់សម្លាប់​ក្នុង​បាតុកម្ម​នៅ Monywa កាលពីដើម​ខែមីនា។ សកម្មជន​សង្គម វប្បធម៌ សិល្បៈ ជាច្រើនរូប ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​មានមតិ​ប្រឆាំងនឹង​កងទ័ព​ភូមា។

Khet Thi ធ្លាប់ជា​វិស្វករ​ម្នាក់ មុនពេល​បាន​ឈប់​ធ្វើការ​កាលពី​ឆ្នាំ2012 ដើម្បី​ផ្ដោតលើ​ការសរសេរ​កំណាព្យ និង​រកស៊ី​ចិញ្ចឹមជីវិត​ដោយ​របរ​ធ្វើកា​រ៉ែ​ម និង​នំ​ផ្អែម។

«ខ្ញុំ​មិន​ចង់​ធ្វើជា​អ្នកក្លាហាន មិន​ចង់​ក្លាយជា​អ្នកស្លាប់​ដោយសារ​ជំនឿ មិន​ចង់​ក្លាយជា​មនុស្ស​កំសាក មិន​ចង់​ក្លាយជា​មនុស្ស​ឆោតល្ងង់» លោក Khet Thi សរសេរ​ក្រោយ​រដ្ឋប្រហារ​បាន​ពីរ​សប្ដាហ៍។ «ខ្ញុំ​មិន​ចង់​គាំទ្រ​អយុត្តិធម៌។ បើសិនជា​នៅសល់​មួយ​នាទី​ដើម្បី​រស់ ខ្ញុំ​ចង់​រក្សា​មនសិការ​ឱ្យនៅ​ស្អាតស្អំ​រហូតដល់​ទីបំផុត»។

ក្រុមអ្នកតាមដាន​ក្នុងស្រុក បានឱ្យដឹងថា ជន​ស៊ីវិល​ប្រមាណ 776នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​បាតុកម្ម​ប្រឆាំង​កងទ័ព​ភូមា និង 3,778នាក់​ផ្សេងទៀត កំពុង​ជាប់ឃុំ។ ភាគី​កងទ័ព បាន​ច្រានចោល​របាយការណ៍​នេះ និង​ថា បុគ្គលិក​សន្តិសុខ​យ៉ាងតិច 20នាក់​របស់ខ្លួន បាន​ស្លាប់​នៅ​ក្នុងករណី​ប៉ះទង្គិច​ជាមួយ​ក្រុមបាតុករ៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement