វីដេអូ-ក្រុម ហា​ម៉ាស បាញ់ស្រោច​រ៉ុក្កែត 130គ្រាប់​បន្ថែមទៀត ដើម្បី​សងសឹក ក្រោយ​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល កម្ទេច​អគារ 13ជាន់

សំឡេង​ស៊ី​រ៉ែ​ន ប្រកាសអាសន្ន បាន​បន្លឺឡើង​នៅ​ទីក្រុង តែ​ល អា​វីវ (Tel Aviv) នៅពេល​ក្រុម​ហា​ម៉ាស បាញ់​រ៉ុក្កែត 130គ្រាប់ សំដៅ​ទឹកដី​អ៊ីស្រាអែល ដើម្បី​ជាការ​សងសឹក​ទៅនឹង​ករណី​អគារ​កម្ពស់ 13ជាន់​របស់ខ្លួន​នៅ ហ្គា​ហ្សា (Gaza) ត្រូវបាន​បាញ់​កម្ទេច។

សារព័ត៌មាន Al Jazeera បានឱ្យដឹងថា កងទ័ព​អ៊ីស្រាអែល បន្ត​វាយប្រហារ​តាមផ្លូវ​អាកាស សំដៅ​តំបន់​ហ្គា​ហ្សា ក្នុង​​ថ្ងៃ​ទី​11 ខែឧសភា។ អគារ​ដែលមាន​កម្ពស់ 13ជាន់ មួយកន្លែង បាន​ដួលរលំ បន្ទាប់ពី​ត្រូវ​គ្រាប់​រ៉ុក្កែត​ពី​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល។

ក្រុមមន្ត្រី​សុខាភិបាល​នៅ​តំបន់​ហ្គា​ហ្សា បានឱ្យដឹងថា យ៉ាងហោចណាស់ មាន​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ចំនួន 32នាក់ ក្នុងនោះ​មាន​កុមារ​ចំនួន 10នាក់ បាន​ស្លាប់ នៅក្នុង​ការវាយប្រហារ​របស់​អ៊ីស្រាអែល នៅ​តំបន់​ហ្គា​ហ្សា ចាប់ពី​យប់​ថ្ងៃទី10 ខែឧសភា។

ទីបញ្ជាការ​កងទ័ព​ហា​ម៉ាស បាន​ព្រមាន​អ៊ីស្រាអែល អំពី​លទ្ធភាព​នៃ​ការពង្រីក​ការវាយប្រហារ​សំដៅ​តំបន់ យេ​រូ​សា​ឡឹម​ខាងកើត (East Jerusalem) និង​ស្នើឱ្យ​អ៊ីស្រាអែល ដក​កម្លាំង​ចេញពី​វិហារ Al-Aqsa។ ហា​ម៉ាស ក៏បាន​ប្រកាសថា បាន​បាញ់ស្រោច​រ៉ុក្កែត 130គ្រាប់​ទៅលើ​ទឹកដី​អ៊ីស្រាអែល​ផងដែរ កាលពី​យប់​ថ្ងៃទី11 ខែឧសភា ដើម្បី​សងសឹក​ចំពោះ​ការវាយប្រហារ​តាមផ្លូវ​អាកាស​ពី​សំណាក់​អ៊ីស្រាអែល។

នេះ​គឺជា​លើកដំបូង​ក្នុងអំឡុង 2ឆ្នាំ​កន្លង ដែល​ហា​ម៉ាស បើក​ការវាយប្រហារ​ដោយ​រ៉ុក្កែត សំដៅ​ទីក្រុង តែ​ល អា​វីវ ដែលជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​របស់​អ៊ីស្រាអែល។ ក្រុម​ហា​ម៉ាស ក៏បាន​ឱ្យដឹងថា ខ្លួន​បាន​ប្រើប្រាស់​រ៉ុក្កែត​ថ្មី​មួយ​ប្រភេទ​ដែលមាន​ឈ្មោះថា Sijeel ដើម្បី​ឆ្លងកាត់​ប្រព័ន្ធ​ការពារ​ដែនអាកាស Iron Dome របស់​អ៊ីស្រាអែល។

យោងតាម​សារព័ត៌មាន Al Jazeera រដ្ឋាភិបាល​អ៊ីស្រាអែល បានប្រកាស​អាសន្ន​នៅ​ទីក្រុង​ឡូដ (Lod) ភាគ​អាគ្នេយ៍​នៃ​ទីក្រុង តែ​ល អា​វីវ ក្នុង​គ្រា​អំពើហិង្សា​ផ្ទុះឡើង បន្ទាប់ពី​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ម្នាក់ ត្រូវបាន​ជនជាតិ​ជ្វី​ហ្វ​សម្លាប់។

មុននេះ ក្រុមប៉ូលិស​អ៊ីស្រាអែល បាន​បង្ក្រាប​ការប្រមូល​ផ្ដុំគ្នា​នៅ​វិហារ Al Aqsa ក្នុង​ក្រុង​ចាស់ យេ​រូ​សា​ឡឹម ក្នុង​ថ្ងៃទី​បី ដោយ​ការបាញ់​គ្រាប់​ដែក​ស្រោប​ជ័រកៅស៊ូ និង​គ្រាប់​បែកផ្សែង​បង្ហូរទឹកភ្នែក សំដៅ​អ្នក​ដែល​បាន​ចូលរួម​ពិធី​ហែ​ក្បួន​ប៉ា​លេ​ស្ទី​ន នៅ​ខាងក្នុង​វិហារ ក្នុងអំឡុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​បុណ្យ រ៉ា​ម៉ា​ដាន (Ramadan)។

ជនជាតិ​ប៉ា​លេ​ស្ទី​ន​ជាង 700នាក់ បាន​រងរបួស​នៅ​តំបន់ យេ​រូ​សា​ឡឹម និង​តំបន់​វែ​ស បែង (West Bank) ក្នុងអំឡុងពេលថ្មីៗនេះ។

នៅ​ចំពោះមុខ​អំពើហិង្សា ដែល​ចេះតែ​កើនឡើង រវាង​ជនជាតិ​អ៊ីស្រាអែល និង​ប៉ា​លេ​ស្ទី​ន ប្រទេស​ជាច្រើន រួម​នឹង​អង្គការ​អន្តរជាតិ​នានា បាន​បន្ត​អំពាវនាវ​ឱ្យ​គ្រប់ភាគី​អត់ធ្មត់ និង​ចៀសវាង​ការសម្លាប់​គ្នា ខណៈ​អង្គការសហប្រជាជាតិ កំពុង​ដោះស្រាយ​បញ្ហា​នេះ៕

ប្រភព​៖ Reuters, AFP
ប្រែសម្រួល​៖ បុត្រា

Advertisement