អ៊ីស្រាអែល រងការវាយប្រហារដោយរ៉ុក្កែត ជិត 900គ្រាប់ ពីក្រុមហាម៉ាស ក្នុងរយៈពេលតែបីថ្ងៃប៉ុណ្ណោះ

កងទ័ព​អ៊ីស្រាអែល បានឱ្យដឹងថា កងជីវពល​ហា​ម៉ាស (Hamas) នៅ​តំបន់​ហ្គា​ហ្សា (Gaza) បាន​បាញ់​ផ្លោង​រ៉ុក្កែត​ជាង 1,000គ្រាប់ ចាប់តាំងពី​ថ្ងៃទី10 ខែឧសភា ឆ្នាំ2021 ក្នុងនោះ​មាន 850គ្រាប់ បាន​ហោះចូល​ទឹកដី​របស់​អ៊ីស្រាអែល។

វរសេនីយ៍ទោ Jonathan Conricus អ្នកនាំពាក្យ​នៃ​កងទ័ព​ការពារជាតិ​អ៊ីស្រាអែល (IDF) កាលពី​ថ្ងៃទី12 ខែឧសភា បាន​និយាយថា កងជីវពល​ហា​ម៉ាស ចាប់ផ្ដើម​បាញ់​ផ្លោង​រ៉ុក្កែត​សំដៅ​តំបន់​យេ​រូ​សា​ឡឹម (Jerusalem) តាំងពី​ម៉ោង18 នៃ​ថ្ងៃទី10 ខែឧសភា ឆ្នាំ2021 និង​បានធ្វើ​សកម្មភាព​វាយប្រហារ​នេះ​ក្នុង​រយៈពេល 2ថ្ងៃជាប់ៗគ្នា។

ក្នុងអំឡុង​ពេលនោះ គ្រាប់​រ៉ុក្កែត​សរុប 850គ្រាប់ ដែល​បាញ់​ចេញពី​តំបន់​ហ្គា​ហ្សា បាន​ហោះចូល​ទឹកដី​អ៊ីស្រាអែល និង​ត្រូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស Iron Dome បាញ់​កម្ទេច ឬ​ធ្លាក់​លើទឹក​ដី​នេះ។ ចំណែក​រ៉ុក្កែត​ចំនួន 200គ្រាប់​ទៀត ដែល​បាន​ធ្លាក់​នៅក្នុង​តំបន់​ហ្គា​ហ្សា អាច​បណ្ដាលមកពី​មាន​បញ្ហា បន្ទាប់ពី​បាន​បាញ់។ IDF បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយគ្រឿង​របស់​ក្រុម​ហា​ម៉ាស កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី12 ខែឧសភា។

ប្រទេស​អ៊ីស្រាអែល ក្រោយមក​ក៏បាន​សងសឹក ដោយ​យុទ្ធនាការ​យោធា​ដែលមាន​ឈ្មោះថា «អ្នកការពារ​ជញ្ជាំង» និង​បាន​វាយប្រហារ​តាមផ្លូវ​អាកាស​រាប់រយ​លើក ប្រឆាំងនឹង​កងជីវពល​ហា​ម៉ាស នៅ​តំបន់​ហ្គា​ហ្សា។

ការវាយប្រហារ​ដោយ​រ៉ុក្កែត​ពី​សំណាក់​ក្រុម ហា​ម៉ាស បានសម្លាប់​ជនជាតិ​អ៊ីស្រាអែល​ចំនួន 5នាក់ ខណៈដែល​ការវាយប្រហារ​សងសឹក​របស់​អ៊ីស្រាអែល​វិញ បានសម្លាប់​ជនជាតិ​ប៉ា​លេ​ស្ទី​ន ចំនួន35នាក់ រាប់​ចាប់ពី​ថ្ងៃទី10 ខែឧសភា ឆ្នាំ2021។

វរសេនីយ៍ទោ Jonathan Conricus និយាយថា អ៊ីស្រាអែល វាយប្រហារ​ទៅលើ​តែ​គោលដៅ​យោធា​ប៉ុណ្ណោះ ហើយ IDF «នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​ជន​ស៊ីវិល» ប៉ុន្តែ ដោយសារ​ក្រុម ហា​ម៉ាស បោះទីតាំង​នៅក្នុង​តំបន់​ប្រជាជន​រស់នៅ ដូច្នេះ ផលប៉ះពាល់​ដោយ​អ​ចេតនា ត្រូវបាន​គេ​ចាត់ទុកថា មិនអាច​គេច​រួច។

កាលពី​ថ្ងៃទី11 ខែឧសភា IDF បាន​វាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង លើ​អគារ​កម្ពស់ 12ជាន់ ដែល​ស្ថិត​នៅក្បែរ​សមុទ្រ​នៅ​ទីក្រុង​ហ្គា​ហ្សា។ ហា​ម៉ាស បានឱ្យដឹងថា នេះ​គឺជា​អគារ​ស្នាក់នៅ​របស់​ជន​ស៊ីវិល។ ក៏ប៉ុន្តែ វរសេនីយ៍ទោ Conricus ថ្លែងថា កងជីវពល​ហា​ម៉ាស ប្រើប្រាស់​អគារ​នេះ «សម្រាប់​កិច្ចការ​យោធា ដូច្នេះ វា​មាន​លក្ខខណ្ឌ​គ្រប់​គ្រាប់ ដែល​ត្រូវ​ក្លាយជា​គោលដៅ»។

IDF បាន​ប្រើប្រាស់​មធ្យោបាយ​ជាច្រើន ក្នុងនោះ​ក៏មាន​ការហៅ​ទូរស័ព្ទ ដើម្បី​ព្រមាន​ដល់​មនុស្ស​ដែល​កំពុង​ស្ថិតនៅក្នុង​អគារ​ខាងលើ អំពី​ការវាយប្រហារ​ដែល​ខ្លួន​ជិត​នឹងធ្វើ​ឡើង។ ក្រោយ​ការវាយប្រហារ ពុំមាន​ពលរដ្ឋ​ស៊ីវិល​ណា​ម្នា​ក់បាន​ស្លាប់​នោះឡើយ។

ការវាយប្រហារ​សងសឹក​គ្នា រវាង​អ៊ីស្រាអែល និង​កងជីវពល​ហា​ម៉ាស របស់​ប៉ា​លេ​ស្ទី​ន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ត្រូវបាន​គេ​អះអាងថា មាន​ភាពខ្លាំង​ក្លា​បំផុត រាប់​ចាប់ពី​សង្គ្រាម​កាលពី​ឆ្នាំ2014 នៅ​តំបន់​ហ្គា​ហ្សា នាំឱ្យ​សហគមន៍​អន្តរជាតិ មានការ​បារម្ភ ខ្លាច​ឈានដល់​ការគ្រប់គ្រង​លែង​បាន។ Tor Wennesland ប្រេសិត​ពិសេស​នៃ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សន្តិភាព​នៅ​មជ្ឈិមបូព៌ា បាន​ព្រមាន​អំពី​លទ្ធភាព​នៃ​ការផ្ទុះ​សង្គ្រាម​គ្រប់​វិស័យ​រវាង​ភាគី​ទាំងពីរ។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​ព្រមាន​ដល់​ក្រុម​ប្រដាប់អាវុធ​នានា​របស់​ប៉ា​លេ​ស្ទី​ន ថា នឹងត្រូវ «ទទួលផល​អាក្រក់​យ៉ាងធ្ងន់ធ្ងរ» ខណៈដែល​តំណាង​របស់​ក្រុម​ហា​ម៉ាស ក៏បាន​និយាយ​ស្រដៀង​គ្នា​នេះដែរ ដោយ​ចោទ​ទីក្រុង តែ​ល អា​វីវ ថា ជា​អ្នក​បង្កើតឱ្យមាន​ការប៉ះទង្គិច៕

ប្រភព៖ AFP, Telegraph
ប្រែ​សម្រួល៖ បុត្រា

Advertisement