អតីតបវរកញ្ញារបស់មីយ៉ានម៉ា ចូលធ្វើទាហាននៃទ័ពព្រៃ ដើម្បី​ប្រឆាំង​របប​សឹក

Htet ស្តី​ស្អា​តរបស់​ប្រទេស​ភូមា ដែល​ធ្លាប់បាន​ចូលរួម​ប្រលង​បវរកញ្ញា​អន្តរជាតិ បាន​បង្ហោះ​រូបថត​ស្ពាយ​កាំភ្លើង និង​ប្រកាស​ចូលរួម​ជាមួយ​កង​កម្លាំង​ឧទ្ទាម ដើម្បី​ប្រឆាំង​របប​សឹក​របស់​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing។

Htar Htet Htet អតីត​បវរកញ្ញា វ័យ 32ឆ្នាំ របស់​ប្រទេស​ភូមា កាលពី​ថ្ងៃទី11 ខែឧសភា បាន​បង្ហោះ​រូបថត​របស់ខ្លួន​នៅលើ​បណ្ដាញ​សង្គម Facebook។ ក្នុង​រូបថត​នេះ នាង​ស្លៀក​ឯកសណ្ឋាន​ពណ៌​ខ្មៅ និង​ស្ពាយ​កាំភ្លើង​វែង​នៅលើ​ស្មា ជាមួយនឹង​សំនេរ​មួយ​ឃ្លា «ដល់​ពេលដែល​ត្រូវ​ប្រយុទ្ធ​ប្រឆាំងនឹង» របប​យោធា​ហើយ។

«បើទោះជា​អ្នក កាន់​កាំភ្លើង កាន់​ប៊ិក ចុច​កុំព្យូទ័រ ឬ​ផ្ដល់ជំនួយ​ជា​ប្រាក់កាស​ដល់​ចលនា​ប្រជាធិបតេយ្យ យើងទាំងអស់គ្នា​ក៏​សុទ្ធតែ​ត្រូវ​ប្រឹងប្រែង​ឱ្យអស់​ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ដណ្ដើមបាន​ជោគជ័យ។ ខ្ញុំ​នឹង​ប្រយុទ្ធ​ឱ្យ​អស់ពី​សមត្ថភាព តាម​ដែល​អាចធ្វើ​ទៅបាន។ ខ្ញុំ​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​បោះបង់​គ្រប់យ៉ាង សូម្បីតែ​ជីវិត» នាង Htar Htet Htet បាន​សរសេរ​ដូច្នេះ។

Htar Htet Htet អតីត​បវរកញ្ញា (វ័យ 32ឆ្នាំ) របស់​ប្រទេស​ភូមា

ស្រី​ស្អាត​របស់​មី​យ៉ាន​ម៉ា រូបនេះ ធ្លាប់បាន​ធ្វើជា​តំណាង​របស់​ប្រទេស ទៅ​ចូលរួម​ប្រលង​បវរកញ្ញា​សន្តិភាព​អន្តរ ជាតិ នៅ​ប្រទេស​ថៃ កាលពី​ឆ្នាំ2013។ នាង​ត្រូវបាន​គេ​ជឿថា បាន​ចូលរួម​ជាមួយ​ទ័ពព្រៃ និង​កំពុង​ស្ថិតនៅក្នុង​តំបន់​ព្រំដែន ដែល​គ្រប់គ្រង​ដោយ​ក្រុម​បះបោរ។

គួររំលឹកថា ស្រី​ស្អាត Han Lay អាយុ 22ឆ្នាំ តំណាងឱ្យ​ប្រទេស​មី​យ៉ាន​ម៉ា នៅ​ព្រឹត្តិការណ៍​ប្រលង​បវរកញ្ញា​សន្តិភាព​អន្តរជាតិ​នា​ឆ្នាំនេះ កន្លងមក​ក៏បាន «អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ជួយ​ដល់​ប្រទេស​នេះ ក្នុង​គ្រា​ដែល​មនុស្ស​រាប់រយ​នាក់​បាន​ស្លាប់ ក្រោយ​រដ្ឋប្រហារ​យោធា របស់​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing។

Htar Htet Htet អតីត​បវរកញ្ញារបស់​ប្រទេស​ភូមា

សារព័ត៌មាន Global New Light ដែល​គ្រប់គ្រង​ដោយ​យោធា​មី​យ៉ាន​ម៉ា ក្រោយមក​ក៏បាន​ចុះផ្សាយ​ដំណឹង​តាម​ចាប់ខ្លួន Han Lay រួម​នឹង​បុគ្គល​ល្បីឈ្មោះ​ប្រហែល 100នាក់​ផ្សេងទៀត ដែល​បាន​បញ្ចេញមតិ​គាំទ្រ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ។ Han Lay ត្រូវបាន​គេ​ដឹងថា កំពុង​ស្ថិតនៅ​ប្រទេស​ថៃ ក្រោយ​ការប្រលង​បវរកញ្ញា។

រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ភូមា បានកើត​ឡើង​ជាង 100ថ្ងៃ​មកហើយ ប៉ុន្តែ ស្ថានការណ៍​នៅតែ​តានតឹង​ដដែល។ សមាគម​គាំពារ​អ្នកទោសនយោបាយ (AAPP) បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធ​នៃ​របប​យោធា​ភូមា បាន​បាញ់សម្លាប់​បាតុករ​យ៉ាងតិច 781នាក់ ក្នុងនោះ​មាន 52នាក់​ជា​ក្មេងតូចៗ និង​បាន​ចាប់ឃុំខ្លួន​មនុស្ស​ប្រមាណ 3,843នាក់។ ក៏ប៉ុន្តែ ភាគី​របប​សឹក​ភូមា និយាយថា តួលេខ​អ្នកស្លាប់ ទាប​ជាង​នេះ​ឆ្ងាយ៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement