​បាតុករ​ប៉ា​លេ​ស្ទី​ន 4នាក់​បាន​ស្លាប់​ ខណៈ ​អ៊ីស្រាអែល​ រង​គ្រាប់​រ៉ុក្កែត​ជា​បន្ត​បន្ទាប់ ​ពី​កង​ជីវ​ពល​ហាម៉ាស

បាតុករ​ជនជាតិ​ប៉ា​លេ​ស្ទី​ន យ៉ាង​តិច​​ចំនួន 4នាក់ ត្រូវបាន​ទាហាន​អ៊ីស្រាអែល បាញ់សម្លាប់​នា​ថ្ងៃនេះ ខណៈដែល​ការប៉ះទង្គិច​ជាច្រើន​ផ្សេងទៀត បាន​បណ្ដាលឱ្យមាន​អ្នករងរបួស​ចំនួន 150នាក់។

កងកម្លាំង​ការពារជាតិ​អ៊ីស្រាអែល (IDF) បានឱ្យដឹងថា ខ្លួន​បាន​បាញ់ប្រហារ​ទៅលើ «មេដឹកនាំ​សំខាន់» នៅក្នុង​បាតុកម្មហិង្សា​មួយនា​ថ្ងៃទី14 ខែឧសភា នៅ Yaabad ដែលជា​ភូមិ​មួយ​ស្ថិត​នៅក្បែរ​ទីក្រុង Jenin ភាគ​ខាងជើង​តំបន់ West Bank។

ក្នុង​ថ្ងៃ​ដដែល IDF ក៏បាន​ប្រកាសថា ខ្លួន​ «បាន​រារាំង» ជន​ម្នាក់ ដែល​ព្យាយាម​ចាក់​សម្លាប់​ទាហាន​ម្នាក់​របស់​អ៊ីស្រាអែល នៅ​បន្ទាយ​មួយ​ក្នុង​តំបន់ Ofra ភាគ​ខាងជើង​ទីក្រុង Ramallah។

ចំណែក​ក្រសួងសុខាភិបាល​ប៉ា​លេ​ស្ទី​ន​វិញ បានឱ្យដឹងថា បុរស​ពីរ​នាក់ ត្រូវបាន​ទាហាន​អ៊ីស្រាអែល បាញ់សម្លាប់ នៅក្បែរ​ទីក្រុង Jennin ខណៈ​ពីរ​នាក់​ទៀត​រងរបួស នៅពេល​ក្រុម​ទាហាន​អ៊ីស្រាអែល ផ្ទុះអាវុធ​ដើម្បី​ទប់​ទល់នឹង​បាតុករ​ហិង្សា នៅ​ភាគ​ខាងជើង​តំបន់ West Bank ហើយ​ក្រោយមក​ក៏បាន​បាត់បង់​ជីវិត។

រថយន្តកំពុងឆាប់ឆេះ បន្ទាប់ពីត្រូវគ្រាប់រ៉ុក្កែត របស់កងជីវពលហាម៉ាស នៃប្រទេសប៉ាលេស្ទីន

ការប៉ះទង្គិច​គ្នា​ដូចខាងលើ បាន និង​កំពុង​កើត​ឡើងជា​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃទី10 ខែឧសភា ខណៈដែល​ការវាយប្រហារ​នៅ​តំបន់​ហ្គា​ហ្សា កាន់តែ​ធ្ងន់ធ្ងរឡើងៗ ដោយមាន​ការបាញ់​រ៉ុក្កែត​​ទៅលើ​ទឹកដី​អ៊ីស្រាអែល ពី​សំណាក់​ក្រុម ហា​ម៉ាស និង​ការវាយប្រហារ​សងសឹក​តាមផ្លូវ​អាកាស​ពី​សំណាក់​កងទ័ព​អ៊ីស្រាអែល។

ស្ថាប័ន​សុខាភិបាល​នៅ​តំបន់​ហ្គា​ហ្សា បានប្រកាសថា ជនជាតិ​ប៉ា​លេ​ស្ទី​ន 109នាក់ បាន​ស្លាប់ ក្នុងនោះ​មាន​ទាំង​កុមារ​ចំនួន 28នាក់ និង​ស្ត្រី​ចំនួន 15នាក់ ខណៈដែល​មនុស្ស​ចំនួន 621នាក់​ផ្សេងទៀត បាន​រងរបួស បន្ទាប់ពី​អ៊ីស្រាអែល បាន​វាយប្រហារ​តាម​អាកាស និង​កាំភ្លើងត្បាល់ តម្រង់​គោលដៅ​ជាង 600 ក្នុង​តំបន់​នេះ។ ក្រុម​ហា​ម៉ាស និង​ក្រុម​មួយចំនួន​ដែល​ស្ថិតក្នុង​ចលនា​អ៊ីស្លាម Jihad បាន​បញ្ជាក់ថា ទាហាន​ចំនួន 20នាក់​របស់​ពួកគេ​បាន​ស្លាប់ ប៉ុន្តែ អ៊ីស្រាអែល​ថា មាន​ច្រើនជាង​នេះ។

IDF បានឱ្យដឹងថា កងជីវពល​ហា​ម៉ាស របស់​ប្រទេស​ប៉ា​លេ​ស្ទី​ន បាន​បាញ់​រ៉ុក្កែត​ជាង 1,800គ្រាប់ ចូល​ទឹកដី​អ៊ីស្រាអែល រាប់​ចាប់ពី​ដើម​សប្ដាហ៍​នេះ។ ប្រព័ន្ធ​ខែល​ការពារ​ដែនអាកាស Iron Dome របស់​អ៊ីស្រាអែល បាន​បាញ់​កម្ទេច​រ៉ុក្កែត​ភាគច្រើន​របស់​ក្រុម​នេះ ប៉ុន្តែ នៅតែមាន​ច្រើន​គ្រាប់​បាន​ទម្លុះ​ប្រព័ន្ធ​នេះ បណ្ដាលឱ្យ​ជនជាតិ​អ៊ីស្រាអែល យ៉ាងតិច 7នាក់​បាន​បាត់​បង់ជីវិត។

មូលហេតុ​នៃ​ការប៉ះទង្គិច​នេះ កើតឡើង បន្ទាប់ពី អ៊ីស្រាអែល កាត់បន្ថយ​ការចូល​ទៅកាន់​តំបន់​ទីក្រុង​បុរាណ យេ​រូ​សា​ឡឹម ក្នុង​រដូវ​បុណ្យ Ramadan និង​គំរាម​បណ្ដេញ​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ចំនួន 4គ្រួសារ ដែល​កំពុង​រស់នៅ​ភាគខាងត្បូង​នៃ​តំបន់ យេ​រូ​សា​ឡឹម ដើម្បី​ទុក​កន្លែង​ឱ្យ​ជនជាតិ​ជ្វី​ហ្វ។

បញ្ហា​ខាងលើ បាន​នាំឱ្យ​ប្រជាជន​ប៉ា​លេ​ស្ទី​ន ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា ហើយក៏​មានការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល អស់​ជាច្រើន​ថ្ងៃ នៅ​ខាងក្រៅ​វិហារ Al-Aqsa នៅ​តំបន់ យេ​រូ​សា​ឡឹម​ខាងត្បូង ដែលជា​កន្លែង​ពិសិដ្ឋ​របស់​សាសនិក​អ៊ីស្លាម បណ្ដាលឱ្យ​មនុស្ស​រាប់រយ​នាក់​ត្រូវ​រងរបួស។ តុលាការ អ៊ីស្រាអែល បាន​ផ្អាក​ការជំនុំជម្រះ​លើ​ការបណ្ដេញចេញ​ខាងលើ ប៉ុន្តែ នៅតែ​មិនអាច​កាត់បន្ថយ​ភាព​តានតឹង​បាន៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement