យន្តហោះ​ពីរ​គ្រឿង​បុក​គ្នា​លើ​អាកាស! មួយគ្រឿង​ស្ទើរ​ដាច់​ជា​ពីរ​កំណាត់ ប៉ុន្តែ​ជា​រឿង​អស្ចារ្យ ព្រោះ​ពុំមាន​អ្នកស្លាប់!

សហរដ្ឋអាមេរិក៖ អ្នកដំណើរ និង​អ្នកបើកបរ​យន្តហោះ​ទាំងពីរ​គ្រឿង ដែល​ជួប​គ្រោះថ្នាក់​នេះ បាន​រួច​ពី​ការស្លាប់​ប្រកបដោយ​ភាព​អស្ចារ្យ នឹកស្មាន​មិន​ដល់ នៅពេល​យន្តហោះ​បាន​ប៉ះទង្គិច​គ្នា​លើ​អាកាស នៃ​ទីក្រុង Denver បណ្ដាលឱ្យ​យន្តហោះ​មួយគ្រឿង ស្ទើរ​ដាច់​ជា​ពីរ​កំណាត់។

សារព័ត៌មាន AP ដកស្រង់​ប្រភពព័ត៌មាន​ពី​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍ និង​ដឹកជញ្ជូន​អាមេរិក (NTSB) និង​ក្រុម​ពន្លត់​អគ្គិភ័យ South Metro ឱ្យដឹងថា ករណី​ខាងលើនេះ បាន​កើតឡើង​នៅពេល​យន្តហោះ​កំពុង​ហោះហើរ​ទៅកាន់​ព្រមាន​យន្តហោះ Centennial ជាយក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក។ ប្រការ​ដ៏​អស្ចារ្យ នោះ​គឺថា ពុំមាន​អ្នកណាម្នាក់​រងរបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះនោះ​ទេ។

អ្នកបើកបរ ដែលជា​មនុស្ស​តែ​ម្នាក់​គត់​នៅលើ​យន្តហោះ​ដឹកទំនិញ របស់​ក្រុមហ៊ុន Key Lime បាន​បញ្ជា​ឱ្យ​យន្តហោះ​ចុះចត​ដោយ​សុវត្ថិភាព នៅឯ​ព្រលានយន្តហោះ Centennial ក្នុងស្ថានភាព​យន្តហោះ​ត្រូវ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយ​ដំបូល​យន្តហោះ​ត្រូវ​ដាច់​ជា​ពីរ ចេញពី​តួ​យន្តហោះ។

«ទំនងជា ម៉ាស៊ីន​ខាងស្ដាំ​បាន​ខូច ទើប​ខ្ញុំ​ចុះចត​នៅទីនេះ» សំឡេង​របស់​អ្នកបើកបរ ដែល​ត្រូវបាន​ថត​ដោយ​ម៉ាស៊ីន​របស់​អង្គភាព​គ្រប់គ្រង​ដែនអាកាស។

ចំណែក​យន្តហោះ​មួយគ្រឿង​ផ្សេងទៀត ដែល​ដឹក​អ្នកដំណើរ​ម្នាក់ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Cirrus Aircraft និង​ត្រូ​វា​បាន​ជួល​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Independence Aviation ត្រូវ​ខូច​ម៉ាស៊ីន មិនអាច​ដំណើរការ​បន្តទៀត​បាន។ នៅពេល​ជួប​គ្រោះថ្នាក់ អ្នកបើកបរ​បាន​ចុច​ប៊ូ​តុង​ដំណើរការ​ប្រព័ន្ធ​ឆត្រ​សង្គ្រោះបន្ទាន់​ដែល​បំពាក់​នៅលើ​តួ​យន្តហោះ ដើម្បី​បន្ថយល្បឿន និង​ធ្វើការ​ចុះចត​លើ​ឧទ្យាន​សាធារណៈ Cherry Creek។

បច្ចុប្បន្ន គណៈកម្មការ​ជាតិ​សុវត្ថិភាព និង​ដឹកជញ្ជូន កំពុង​ស្រាវជ្រាវ​លើ​ករណី​គ្រោះថ្នាក់​យន្តហោះ​បុក​គ្នា​នេះ។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​ស្ថាប័ន​គ្រប់គ្រង​ចរាចរណ៍។

«ដោយសារ​ការដោះស្រាយ​បញ្ហា​ប្រកបដោយ​ភាព​លឿន​រហ័ស អ្នកដំណើរ និង​អ្នកបើកបរ សុទ្ធតែ​បាន​រួច​ផុតពី​ការស្លាប់ និង​មិនមាន​បញ្ហា​រងរបួស​ធ្ងន់​ធ្ង​រ​កើតឡើង។ ករណី​គ្រោះថ្នាក់​យន្តហោះ​ដែល​មិនមាន​អ្នកស្លាប់​គឺជា​ប្រការ​ដ៏​គួរឱ្យភ្ញាក់ផ្អើល។ យើង​កំពុង​ស្វែងយល់ថា តើ​ធ្វើយ៉ាងណា និង​មូល​ហេតុអ្វី បាន​នាំឱ្យ​យន្តហោះ​ទាំងនេះ​ប៉ះទង្គិច​គ្នា​យ៉ាង​ដូច្នេះ» លោក John Bartmann អធិការរង​ប៉ូលិស​ស្រុក Arapahoe បាន​និយាយ​ដូច្នេះ។

យន្តហោះ Cirrus ដឹក​អ្នកដំណើរ​ពី​ព្រលានយន្តហោះ Centennial ក្នុង​រដ្ឋ Colorado កាលពី​ព្រឹក​ថ្ងៃទី12 ខែឧសភា ឆ្ពោះទៅ​ភាគ​ខាងជើង ក្បែរ Fort Collins និង​កំពុងធ្វើដំណើរ​ត្រលប់​មកកាន់​ព្រលានយន្តហោះ Centennial ក៏​ស្រាប់តែ​បុក​នឹង​យន្តហោះ​មួយគ្រឿង​ទៀត។

រីឯ​យន្តហោះ​ដឹកទំនិញ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Key Lime ដែល​ចេញដំណើរ​ពី​ទីក្រុង Salia មាន​ចម្ងាយ​ទី​ទីក្រុង Denver ប្រហែល 161គម ទៅ​ទិស​ខាងត្បូង និង​មាន​គម្រោង​ចុះចត​នៅឯ​ព្រលានយន្តហោះ Centennial។

June Cvelbar ដែលជា​អ្នកស្រុក​ម្នាក់ បានឱ្យដឹងថា នាង​បានឃើញ​យន្តហោះ​ទាំងពីរ​គ្រឿង​ខាងលើ ប៉ះគ្នា​នៅលើ​អាកាស នៅពេល​នាង​កំពុង​ដើរលេង​ក្នុង​ឧទ្យាន​របស់​រដ្ឋ។

ឯកសារ​របស់​នាយក​ដ្ឋា​ន​អាកាសចរណ៍​សហរដ្ឋអាមេរិក បង្ហាញថា យន្តហោះ​របស់​ក្រុមហ៊ុន Key Lime ធ្លាប់បាន​ជួប​គ្រោះថ្នាក់​ស្លាប់​មនុស្ស ចំនួន3ករណី​មកហើយ ក្នុងនោះ​​រួម​មាន 1ករណី ធ្លាក់​នៅក្នុង​ឆ្នាំ2016, 1ករណី​ធ្លាក់​ក្នុង​ឆ្នាំ2001 និង 1​ករណី​​ទៀត ធ្លាក់​នៅក្នុង​ឆ្នាំ2000៕

ប្រភព៖ AP
ប្រែសម្រួល​៖ បុត្រា

Advertisement