(វីដេអូ)-ក្មេង​ជំទង់ យំ​ហែល​ឆ្លង​សមុទ្រ​ចូល​ទឹកដី​អឺរ៉ុប​ដោយ​ក្ដី​អស់សង្ឃឹម ខណៈ​នៅ​ចំពោះមុខ មាន​កងទ័ព​រង់ចាំ​ចាប់ខ្លួន

ក្មេងប្រុស​ជំទង់​ម្នាក់ ដែល​ចង​ដប​ជ័រ​ជុំវិញខ្លួន យំ​បណ្ដើរ ហែល​ឆ្លង​សមុទ្រ​បណ្ដើរ ហើយ​ព្យាយាម​រត់គេច​ពី​ទាហាន សំដៅ​ឆ្លងកាត់​ជញ្ជាំង ដើម្បី​ចូលទៅ​កាន់​ទីក្រុង Ceuta នៃ​ប្រទេស អេ​ស្ប៉ា​ញ។

ក្មេង​ជំទង់​ដែលមាន​វ័យ​ប្រហែល 13-14ឆ្នាំ​រូបនេះ គ្រាន់តែ​ជា​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ក្នុងចំណោម​ជន​ចំណាកស្រុក ម៉ា​រ៉ុ​ក រាប់ពាន់នាក់ ដែល​ព្យាយាម​ហែល​ឆ្លង​សមុទ្រ ចូលទៅ​កាន់​ទីក្រុង Ceuta ក្នុង​សប្ដាហ៍​នេះ។ ជន​ចំណាកស្រុក​ប្រហែល 1,500 មកពី​ប្រទេស ម៉ា​រ៉ុ​ក ភាគច្រើន​ជា​កូនក្មេង និង​ក្មេង​ជំទង់។

រូបភាព​ក្មេង​ជំទង់​មួយរូប​ខាងលើនេះ ត្រូវបាន​គេ​ចែក​រំ​លែង​ពេញ​បណ្ដាញ​សង្គម។ បន្ទាប់ពី​បាន​ឡើងដល់​ច្រាំង ក្មេង​នេះ​ក៏​ប្រញាប់​ស្រាយ​ដប​ចេញពី​ខ្លួន រួច​រត់​សំដៅ​ជញ្ជាំង​របង ដើម្បី​ចូលទៅ​ទីក្រុង Ceuta មុនពេល​ត្រូវ​កម្លាំង​សន្តិសុខ​របស់ អេ​ស្ប៉ា​ញ ឃាត់ខ្លួន។

គេ​មិនបាន​ដឹងថា នឹងមាន​រឿង​អ្វី​កើតឡើង​ចំពោះ​កុមារ​រូបនេះ បន្ទាប់ពី​ត្រូវបាន​ចាប់​ឃាត់ខ្លួន។ ការបណ្ដេញចេញ​ក្មេង​មិនទាន់​គ្រប់​អាយុ ត្រូវបាន​ចាត់ទុកថា​ជា​សកម្មភាព​ខុសច្បាប់ នៅ​ប្រទេស អេ​ស្ប៉ា​ញ ជាហេតុ​នាំឱ្យមាន​កុមារ និង​ក្មេង​ជំទង់​ជាច្រើន​សម្រុក​ធ្វើ​ចំណាកស្រុក​មកកាន់​ទឹកដី​នេះ។

ចំនួន​ពលរដ្ឋ​ចំណាកស្រុក​ចូលមក​កាន់​ប្រទេស អេ​ស្ប៉ា​ញ ថ្មីៗនេះ បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ក្នុង​គ្រា​ដែល​ភាព​តានតឹង រវាង ប្រទេស អេ​ស្ប៉ា​ញ និង ម៉ា​រ៉ុ​ក កំពុង​កើតឡើង ជុំវិញ​បញ្ហា​មេដឹកនាំ Brahim Ghali របស់​ក្រុម​ផ្ដាច់ខ្លួន Polisario ជា​ចលនា​មួយ​ដែល​ចង់ឱ្យ​តំបន់ សាហា​រ៉ា​ខាងលិច ក្លាយជា​ប្រទេស​ឯករាជ្យ​ពី​ប្រទេស ម៉ា​រ៉ុ​ក។

រដ្ឋមន្ត្រី​ការពារជាតិ​របស់ អេ​ស្ប៉ា​ញ លោកស្រី Margarita Robles កាលពី​ថ្ងៃទី20 ខែឧសភា បាន​ចោទប្រកាន់​អាជ្ញាធរ​ប្រទេស ម៉ា​រ៉ុ​ក ថា មិន​អើពើ ចំពោះ​ពលរដ្ឋ ម៉ា​រ៉ុ​ក ដែល​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី អេ​ស្ប៉ា​ញ។ Margarita Robles ចោទថា ម៉ា​រ៉ុ​ក បាន​រុញច្រាន​ជន​ចំណាកស្រុក​រាប់ពាន់នាក់ ក្នុងនោះ​មាន​ទាំង​កុមារ និង​ក្មេង​ជំទង់​ផងដែរ ឱ្យ​ប្រឈម​នឹង​ស្ថានភាព​គ្រោះថ្នាក់​ដល់​ជីវិត នៅពេល​បណ្ដោយឱ្យ​ពួកគេ​ហែល​ឆ្លង​សមុទ្រ ចូល​តំបន់ Ceuta។

Ceuta គឺជា​ទីក្រុង​ស្វយ័ត​មួយ​របស់​ប្រទេស អេ​ស្ប៉ា​ញ ស្ថិតនៅ​តំបន់ឆ្នេរ​សមុទ្រ​អាហ្វ្រិក​ខាងជើង និង​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស ម៉ា​រ៉ុ​ក ប្រវែង 6.4គីឡូម៉ែត្រ។ ទីក្រុង​នេះ ត្រូវ​ខណ្ឌ​ចែក​ពី​ទឹកដី ម៉ា​រ៉ុ​ក ដោយ​របង​ព្រំដែន​ដែលមាន​កម្ពស់​រហូតដល់ 10ម៉ែត្រ។ ក្រុម​ពលរដ្ឋ​ចំណាកស្រុក ភាគច្រើន​ជ្រើសរើស​វិធី​ហែល​ឆ្លង​សមុទ្រ ដើម្បី​ឆ្លងដែន​ចូល​តំបន់​អឺរ៉ុប៕

ប្រភព៖ Independent
ប្រែសម្រួល​៖ បុត្រា

Advertisement