រថភ្លើង​ល្បឿន​លឿន​ពីរ​គ្រឿង ប៉ះគ្នា​នៅ ម៉ាឡេស៊ី! ជាង 200នាក់ ត្រូវ​រងរបួស

អ្នកដំណើរ​នៅ​រាជធានី គូ​ឡា​ឡាំ​ពួ នៃ​ប្រទេស​ម៉ាឡេស៊ី ជាង 200នាក់ បាន​រងរបួស នៅក្នុង​ហេតុការណ៍​ប៉ះគ្នា​រវាង​រថភ្លើង​ល្បឿន​លឿន​ស្វ័យប្រវត្ត (LRT) ពីរ​គ្រឿង ដែល​មួយគ្រឿង​មាន​ស្លាក​លេខ40 និង​មួយទៀត​លេខ81 នៅត្រង់ចំណុច​ផ្លូវ​រូង​ក្រោម​ដី កាលពី​យប់​ថ្ងៃទី24 ខែឧសភា ឆ្នាំ2021។

យោងតាម​ប្រភពព័ត៌មាន​ពី​ប្រទេស ម៉ាឡេស៊ី ករណីនេះ​បានកើត​ឡើង បន្ទាប់ពី​រថភ្លើង​លេខ40 ដែល​ដឹក​អ្នកដំណើរ​ពី​ចំណត Ampang បាន​ប៉ះទង្គិច​ជាមួយនឹង​រថភ្លើង​លេខ81 ដែល​មិនមាន​អ្នកដំណើរ បណ្ដាលឱ្យ​អ្នកដំណើរ​ទាំងអស់​នៅលើ​រថភ្លើង​លេខ40 ត្រូវ​ខ្ទាត​ចេញពី​កន្លែង​អង្គុយ ហើយ​មនុស្ស​ជាច្រើន​ក៏ត្រូវ​រងរបួស ក្នុងនោះ​មាន 47នាក់ រងរបួស​ធ្ងន់។ មុនពេល​ប៉ះគ្នា រថភ្លើង​ទាំងនេះ​ធ្វើដំណើរ​ក្នុង​ល្បឿន​យឺត ពោលគឺ​មួយគ្រឿង​មាន​ល្បឿន 20គម/ម៉ោង និង​មួយគ្រឿង​ទៀត​មាន​ល្បឿន 40គម/ម៉ោង។

Azhar Ghazali ដែលជា​តំណាង​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន LRT បានឱ្យដឹងថា សមត្ថកិច្ច​កំពុង​ញាប់ដៃ-ញាប់ជើង ជួយ​សង្គ្រោះ​អ្នកដំណើរ​ក្នុង​ហេតុការណ៍​នេះ។ មូលហេតុ​នៃ​គ្រោះថ្នាក់ ត្រូវបាន​គេ​ជឿថា បណ្ដាលមកពី​ការភាន់ច្រឡំ​នៅក្នុង​ផ្នែក​ដោះស្រាយ​ព័ត៌មាន។

មន្ត្រី​នៃ​ប្រទេស ម៉ាឡេស៊ី បាន​បញ្ជាក់ថា នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ប្រព័ន្ធ LRT ជួប​បញ្ហា​គ្រោះថ្នាក់​ដូច្នេះ ក្រោយ​ដំណើរការបាន 23ឆ្នាំ។ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Muhyiddin Yassin បាន​ស្នើឱ្យ​ក្រសួង​ដឹកជញ្ជូន ស៊ើបអង្កេត​លើ​ករណី​គ្រោះថ្នាក់​នេះ និង​ជួយសង្គ្រោះ​ជនរងគ្រោះ​ឱ្យទាន់​ពេលវេលា៕

ប្រភព​៖ Reuters, CNN
ប្រែសម្រួល​៖ បុត្រា

Advertisement