ចិន អនុញ្ញាតឱ្យ​ប្ដី-ប្រពន្ធ​គ្រប់​គូ អាច​យ​កកូន​បាន 3នាក់

រដ្ឋាភិបាល​ចិន អនុញ្ញាតឱ្យ​គូ​ស្វាមី-ភរិយា​គ្រប់​គូ អាចបង្កើត​កូន​បាន 3នាក់ ក្រោយពី​ការសិក្សា​ស្រាវជ្រាវ​លើ​ចំនួន​ប្រជាជន បាន​បង្ហាញថា ពលរដ្ឋ​ប្រទេស​នេះ ចាស់​យ៉ាង​ឆាប់រហ័ស។

«ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​ប្រជាជនមាន​វ័យ​ចំណាស់​កាន់តែច្រើន ប្ដី-ប្រពន្ធ​មួយគូ អាច​មានកូន​ចំនួន 3នាក់» នេះ​បើតាម​សេចក្ដីប្រកាស​នៅក្នុង​កិច្ចប្រជុំ​នា​ថ្ងៃនេះ របស់​ក្រសួង​នយោបាយ ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​ត្រូវបាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Xinhua។

សេចក្ដីប្រកាស មាន​ឃ្លា​សរសេរថា៖ «គោលនយោបាយ​ស្ដីពី​ការបន្ត​ពូជ នឹង​ត្រូវបាន​កែលម្អ​ជាង​បច្ចុប្បន្ន។ គោលនយោបាយ​ដែល​អនុញ្ញាតឱ្យ​ប្ដី-ប្រពន្ធ 1គូ មានកូន 3នាក់ នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​រួម​ជាមួយនឹង​វិធានការ​គាំពារ​នានា។ ប្រការនេះ​នឹង​កែលម្អ​រចនាសម្ព័ន្ធ​ប្រជាជន​របស់​ប្រទេស​ចិន»។

វិធានការផ្សេងៗដែល​ត្រូវបាន​ស្នើឡើង មានដូចជា ពន្យារពេល​លើ​អាយុ​ចូលនិវត្តន៍ ផ្ដោតទៅលើ​យុទ្ធនា​ការអប់រំ​លើ​តម្លៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ សម្រាប់​យុវវ័យ។ សេវាកម្ម​ថែទាំ​កុមារ ការឈប់​សម្រាក​ពី​ការងារ​ពេល​ឆ្លងទន្លេ និង​ធានារ៉ាប់រង​លើ​មាតុភាព ក៏​នឹង​ត្រូវបាន​កែលម្អ។

ការសិក្សា​ស្រាវជ្រាវ​ដែល​ត្រូវបាន​ប្រកាស​កាលពីដើម​ខែ​នេះ បាន​បង្ហាញថា តួលេខ​នៃ​ការឆ្លង​ទន្លេ​ប្រចាំឆ្នាំ​របស់​ប្រទេស​ចិន បន្ត​ថយចុះ​ដល់​កម្រិត​ទាប​បំផុត បើទោះជា​មានការ​លើកទឹកចិត្ត​ឱ្យ​បង្កើត​កូនចៅ ពី​រដ្ឋាភិបាល​ក៏ដោយ។ វិទ្យាស្ថាន​ជាតិ​ស្ថិតិ​របស់​ចិន (NBS) បានឱ្យដឹងថា អ្នក​ម្ដាយ​នានា​នៅ​ប្រទេស​ចិន កាលពី​ឆ្នាំមុន បង្កើតកូន​បាន 12លាន​នាក់ ថយចុះ 18% បើ​ធៀប​នឹង​ឆ្នាំ2020 និង​បន្ត​ថយចុះ​ទាប​បំផុត​ក្នុងអំឡុង​ជិត 6ទសវត្សរ៍​មកនេះ។

អត្រា​ចាប់កំណើត​របស់​ទារក​នៅ​ប្រទេស​ចិន គឺ​ស្មើនឹង 1.3នាក់/ស្ត្រី​ម្នាក់ ទាប​ជាង​អត្រា 2.1 ដែល​ចិន​ត្រូវការ​ចាំបាច់ ដើម្បី​ធានា​ឱ្យ​កំណើន​ប្រជាពលរដ្ឋ មាន​ស្ថិរភាព។

ជិត 40ឆ្នាំ​មកនេះ ប្រទេស​ចិន បាន​អនុវត្ត «គោលនយោបាយ​កូន​មួយ» ដែលនាំឱ្យ​មានការ​រិះគន់​ច្រើន ព្រោះ​វា​ជាការ​កំណត់​ដ៏​តឹងរ៉ឹង​បំផុត​ក្នុង​ពិភពលោក ស្ដីពី​ផែនការ​គ្រួសារ។ ប្រទេស​នេះ បាន​លុបចោល​គោលនយោបាយ​កូន​មួយ ចាប់ពី​ឆ្នាំ2016 ដោយសារ​មានការ​ព្រួយបារម្ភ ខ្លាច​កម្លាំង​ពលកម្ម​ត្រូវ​ប្រឈម​នឹង​ភាព​ចាស់ជរា​ច្រើន ដែលនាំឱ្យ​សេដ្ឋកិច្ច​ជួប​បញ្ហា៕

ប្រភព៖ AFP, SCMP
ប្រែ​សម្រួល៖ បុត្រា

Advertisement