ស្ថាបនិក​របស់​ក្រុមហ៊ុន Foxconn ស្នើ​ទិញ​វ៉ាក់សាំង Covid-19 ជូន​ពលរដ្ឋ​កោះ​តៃវ៉ាន់

ក្រុមហ៊ុន Foxconn និង​ស្ថាបនិក Terry Gou បាន​សុំច្បាប់​អាជ្ញាធរ​កោះ​តៃវ៉ាន់ ដើម្បី​ចេញ​ប្រាក់​ផ្ទាល់ខ្លួន ទិញ​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 5លាន​ដូ​ស ដើម្បី​ចាក់​ជូន​ពលរដ្ឋ​នៃ​កោះ​នេះ។

សំណើរ​របស់​មហាសេដ្ឋី Terry Gou ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី1 ខែមិថុនា។ ចំណែក​វ៉ាក់សាំង​ដែល​លោក​មានបំណង​ទិញ នោះ​គឺ BioNTech របស់​អាល្លឺម៉ង់។ ក្រោយ​ការទិញ​បាន វ៉ាក់សាំង​ទាំងនោះ​នឹង​ត្រូវបាន​បែងចែក និង​ចាក់​ជូន​ពលរដ្ឋ​តៃវ៉ាន់ ក្នុង​គ្រា​ដែល​កោះ​នេះ កំពុង​ប្រឈម​នឹង​ការកើនឡើង​ខ្លាំង​នៃ​ករណី​ឆ្លង​វីរុស​Covid-19។

សំណើរ​របស់​ស្ថាបនិក​ក្រុមហ៊ុន Foxconn នេះ ក៏​យោងទៅតាម​ការបើក​ភ្លើង​ខៀវ ពី​អាជ្ញាធរ​កោះ​តៃវ៉ាន់ ដែលថា អង្គការ​សាសនា និង​អាជ្ញាធរ​មូលដ្ឋាន មាន​សិទ្ធិ​រៀប​ចំការ​នាំចូល​វ៉ាក់សាំង បើសិន​ជាមាន​លក្ខខណ្ឌ​សមស្រប។

លោក Terry Gou សង្ឃឹមថា នឹង​បញ្ជូន​វ៉ាក់សាំង BioNTech ពី​ប្រទេស​អាល្លឺម៉ង់ ឆ្ពោះ​ត្រង់​មក​កោះ​តៃវ៉ាន់ ដោយ «មិន​ឆ្លងកាត់​អន្តរការី ឬ​ភាគី​កណ្ដាល​ណាមួយ​ឡើយ»។ មហាសេដ្ឋី​រូបនេះ ក៏បាន​បញ្ជាក់ថា លោក​បានផ្ដល់​ឯកសារ​ទាំងអស់​ដែល​អាជ្ញាធរ​ត្រូវការ។

មហា​សេដ្ឋី​តៃវ៉ាន់ Terry Gou

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​តៃវ៉ាន់ លោក Chen Shih-chung បាន​សំដែង​ការដឹងគុណ​ចំពោះ​មហាសេដ្ឋី Terry Gou និង​បាន​ប្រាប់ថា អាជ្ញាធរ កំពុង​ត្រួតពិនិត្យ​លើ​ពាក្យសុំ​នាំចូល​វ៉ាក់សាំង​របស់លោក។

ក្រៅពី Foxconn នៅមាន​ស្ថាប័ន​ជាច្រើន​ផ្សេងទៀត ដែល​ស្នើសុំ​នាំចូល​វ៉ាក់សាំង​បង្ការ Covid-19 មកកាន់​តៃវ៉ាន់ ក្នុងនោះ​មានដូចជា សម្ព័ន្ធ​សមាគម​ព្រះពុទ្ធសាសនា​អន្តរជាតិ​របស់​តៃវ៉ាន់។ល។

គិត​មកដល់​ថ្ងៃទី2 ខែមិថុនា​នេះ កោះ​តៃ​វ៉ា​ក់ បាន​រកឃើញ​អ្នក​ឆ្លង Covid-19 ចំនួន 9,389នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 149នាក់, ជាសះស្បើយ 1,133នាក់ និង​កំពុង​ព្យាបាល 8,107នាក់។

តៃវ៉ាន់ បាន​បញ្ជា​ទិញ​វ៉ាក់សាំង​រាប់លាន​ដូ​ស ពី AstraZeneca, Moderna រួម​នឹង​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​ពីរ​ផ្សេងទៀត។ ចំណែក កិច្ចព្រមព្រៀង​ជាមួយ BioNTech ត្រូវ​ជួប​ឧបសគ្គ ដោយសារតែ​មានការ​រារាំង​ពី​ចិនដីគោក។ នេះ​បើតាម​មេដឹកនាំ​កោះ​តៃវ៉ាន់ លោកស្រី Tsai Ing-wen៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement