ចិន «ទាត់ចោល» ការទាមទារ​សំណង 10លាន​លាន​ដុល្លារ របស់លោក Trump

លោក​ Wang Wenbin និង​លោក​ Trump

ប្រទេស​ចិន យល់ថា ក្រុម​អ្នកនយោបាយ​ដែល «មើលស្រាល​អាយុជីវិត​របស់​ប្រជាជន» ទើប​ជា​អ្នក​ត្រូវ​ទទួលខុសត្រូវ ​បន្ទាប់​ពី​​លោក Donald Trump ទាមទារ​សំណង 10លាន​លាន (10,000,000,000,000) ដុល្លារ​អាមេរិក ដោយសារតែ​វីរុស​Covid-19។

«Trump តែងតែ​គេចវេះ​ពី​ការពិត និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ដោយសារតែ​មិន​ទប់​ទល់នឹង​រោគរាតត្បាត តែ​បែរជា​បង្វែរ​ចំណាប់អារម្មណ៍​របស់​គ្រប់គ្នា​ទៅវិញ» អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Wang Wenbin ឆ្លើយតប​ដូច្នេះ នៅឯ​រដ្ឋធានី​ប៉េកាំង កាលពី​ថ្ងៃទី7 ខែមិថុនា នៅពេល​ត្រូវបាន​សួរ​អំពី​បញ្ហា​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ទាមទារ​ឱ្យ​ចិន សង​សំណង ព្រោះតែ​ការខាតបង់​ដោយសារ​វីរុស​Covid-19។

លោក Wang Wenbin ជឿថា ពលរដ្ឋ​អាមេរិកាំង នឹងមាន​ការសម្រេចចិត្ត​ដោយ​យុត្តិធម៌ ចំពោះ​បញ្ហា​ដែលថា អ្នកណា​ត្រូវ​ទទួលខុសត្រូវ​លើ​រោគរាតត្បាត​នេះ។ «អ្នកនយោបាយ​លាក់ពុត ដែល​មិនបាន​យកចិត្តទុកដាក់​លើ​អាយុជីវិត និង​សុខភាព​របស់​ប្រជាជន​ទេតើ ទើប​ជា​អ្នក​ត្រូវ​ទទួលខុសត្រូវ»។

អ្នកនាំពាក្យ​ខាងលើ ថែមទាំង​បានន​បញ្ជាក់ថា នៅក្នុង​អាណត្តិ​របស់​អតីត​ប្រធានាធិបតី Trump សហរដ្ឋ​អាមេរិក បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​ជាង 24លាន​នាក់ ក្នុងនោះ​មាន​ជាង 410,000នាក់​បាន​ស្លាប់។

លោក​ Wang Wenbin

លោក Trump មុន​នោះ បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​បក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Carolina ខាងជើង ថា គ្រប់​ប្រទេស ត្រូវការ​រួបរួមគ្នា «ផ្ញើ​វិក្កយបត្រ​ត្រ​មួយ​ទៅឱ្យ​ចិន ដើម្បី​ទាមទារ​សំណង​យ៉ាងតិច 10លាន​លាន​ដុល្លារ​អាមេរិក សម្រាប់​ការខូចខាត​ដោយសារ Covid-19។ លោក Trump ក៏បាន​ចោទ​ចិន​ថា បានធ្វើឱ្យ​សហរដ្ឋអាមេរិក ខាតបង់​ប្រាក់​ជិត 16លាន​លាន​ដុល្លារ ព្រោះតែ​បាន «បញ្ចេញ» Covid-19 ឱ្យ​ឆ្លង​រាលដាល​ពេញ​ពិភពលោក និង «ឆក់យក​ជីវិត​ពលរដ្ឋ​អាមេរិកាំង​រាប់សែន​នាក់»។

លោក Trump ក៏បាន​អះអាងថា បើសិនជា​លោក​មិន​ចាត់ចែង​រឿង​វ៉ាក់សាំង​ក្នុងពេល​លោក​កាន់អំណាច​​នោះ​ទេ​ សហរដ្ឋ​​អាមេរិក ​ប្រហែលជា​នឹងត្រូវ​ឆ្លងកាត់​ស្ថានភាព​អាក្រក់​ដូច​សម័យ​មហា​រោគរាតត្បាត ផ្ដាសាយ​អេ​ស្ប៉ា​ញ ដោយមាន​រាប់រយ​លាន​នាក់​ត្រូវ​បាត់បង់​ជីវិត។

បើទោះជា​បាន​ចាក​ចេញពី​សេត​វិមាន ប៉ុន្តែ លោក Trump នៅតែ​ចោទប្រកាន់​ចិន ជា​បន្តបន្ទាប់ ដោយ​យល់ថា ប្រទេស​ចិន មិនបាន​គ្រប់​វីរុស​ក្នុងស្រុក​ឱ្យបាន​ល្អ បណ្ដោយឱ្យ​វា​ឆ្លង​រាលដាល​ពាសពេញ​ពិភពលោក»។

នៅ​ចំពោះមុខ​ការសង្ស័យ​អំពី​ប្រភព​វីរុស​Covid-19 មកលើ​ចិន ពី​សំណាក់​ប្រទេស​នានា ប្រទេស​ចិន ក៏បាន​ស្នើឱ្យ​​សហរដ្ឋ​អាមេរិក អនុញ្ញាតឱ្យ​អង្គការ​សុខភាព​ពិភពលោក (WHO) ចូលមក​ស្រាវជ្រាវ​លើ​ប្រភព​របស់​វីរុស ដូច​អ្វីដែល​​ប្រទេស​ចិន បានអនុញ្ញាត​ឱ្យ​ក្រុម​អ្នកជំនាញ​អន្តរជាតិ ចូល​ស្រាវជ្រាវ​នៅ​ទីក្រុង Wuhan នាពេល​កន្លង៕

ប្រភព៖ NDTV
ប្រែ​សម្រួល៖ បុត្រា

Advertisement